មេបញ្ជាការយោធាខ្មែរថៃជាច្រើនរូបដែលគ្រប់គ្រងកងកម្លាំងជួរមុខនៃតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារបានជួបប្រជុំគ្នានៅក្នុងបន្ទាយយោធាថៃមួយដែលគេហៅថា ផ្ទះក្រហម ទល់មុខប្រាសាទព្រះវិហារ កាលពីព្រឹកថ្ងៃ២១ មិថុនា ដើម្បីស្វែងរកការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាថែមទៀតនៅតាមតំបន់ជម្លោះព្រំដែនជាច្រើនកន្លែងដែលមិនទាន់ដោះស្រាយបាននៅឡើយនោះ។
មេបញ្ជាការកងពលធំលេខ៣ដែលកំពុងគ្រប់គ្រងរួមនៃកម្លាំងយោធាខ្មែរនៅតំបន់ជម្លោះជិតប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យថា ការជួបប្រជុំរវាងមន្ត្រីយោធាខ្មែរថៃនោះគឺដើម្បីស្វែងរកការបន្ធូរបន្ថយភាពតានតឹងផ្នែកយោធាដែលចៀសវាងការអាចឈានទៅដល់ការប៉ះទង្គិចគ្នាដោយអាវុធជាថ្មីណាមួយនោះ។
លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានឲ្យដឹងថា ៖ «គោលការណ៍ពិភាក្សាដើម្បីបន្ធូរបន្ថយភាពតានតឹង.. នយោបាយ នយោបាយដោះស្រាយ ខាងមេទ័ពគឺនៅរៀងខ្លួន»។
លោកឧត្តមសេនីយ៍ ស្រី ឌឹក បានមានប្រសាសន៍ទៀតថា រហូតមកដល់ថ្ងៃអាទិត្យ ទី២១ ខែមិថុនា ស្ថានភាពប្រឈមមុខដាក់គ្នាដោយយោធាខ្មែរថៃនៅតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារគឺមានសភាពធម្មតានៅឡើយទេ។
តាមមន្ត្រីកងយោធពលខេមរភូមិន្ទរបស់តំបន់ប្រតិបត្តិការសឹកខេត្តព្រះវិហារដែលប្រចាំការនៅចំណុចព្រំដែនច្រកជាំតែចម្ងាយប្រមាណ១៥គីឡូម៉ែត្រភាគខាងកើតប្រាសាទព្រះវិហារបានឲ្យដឹងថា កងទាហានប៉ារ៉ាថៃប្រមាណមួយកងវរសេនាតូចបានបញ្ជូនថ្មីមកធ្វើខ្ទមនិងបោះជំរំក្នុងព្រំដែនថៃទល់មុខកងទាហានខ្មែរទីនោះចំនួន៣ថ្ងៃមកហើយ ៖ «កម្លាំងវាសរុបមានមួយវរសេនាតូចប្រហែល៤០០នាក់»។
ចំណែកនៅតំបន់ភ្នំចាក់ច្រែងកងទាហានខ្មែរបានឲ្យដឹងថា ទាហានថៃដែលបានមកបោះជំរំជាងមួយខែមកហើយមិនទាន់មានការដកចេញទេ ហើយទាហានខ្មែរជាច្រើនបានបញ្ជូនទៅកាន់ទីនោះដោយដាក់បញ្ញត្តិហាមឃាត់ទៅទាហានថៃមិនឲ្យដើរល្បាតណាមួយដោយគ្មានការជូនដំណឹងជាមុនមកទាហានខ្មែរបានឡើយ។
បញ្ហាជម្លោះព្រំដែនខ្មែរថៃដែលបានអូសបន្លាយជាច្រើនខែមកហើយដែលរដ្ឋាភិបាលប្រទេសទាំងពីរធ្លាប់តែទន់ភ្លន់ជួបចរចាគ្នាកន្លងមកបានសម្ដែងប្រតិកម្មខ្លាំងក្លាដាក់គ្នាទៅវិញ។
កាលពីថ្ងៃសៅរ៍ ទី២០ ខែមិថុនា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានបង្ហាញប្រតិកម្មខ្លាំងក្លាឆ្លើយតបទៅនឹងប្រមុខរដ្ឋាភិបាលថៃដែលបានលើកឡើងអំពីបញ្ហាថា ការដាក់ប្រាសាទព្រះវិហារចូលទៅក្នុងបេតិកភណ្ឌពិភពលោកនោះទើបបង្កើតឲ្យមានជម្លោះព្រំដែន។
លោក ហោ ណាំហុង បានមានប្រសាសន៍ថា ៖ «វាមានពីរដងរួចទៅហើយ បើសិនជាគេចង់បញ្ជូនកងទ័ពចូលមកកម្ពុជាលើកទី៣ម្ដងទៀត យើងសូមស្វាគមន៍»។
សូមរំឭកថា ចាប់តាំងពីថៃបានបញ្ជូនទាហានឈុតខ្មៅរាប់រយនាក់ចូលមកក្នុងទីវត្តខ្មែរកែវសិក្ខាគិរីស្វរៈកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ជម្លោះព្រំដែននៅតំបន់ជាច្រើនបានកើតមានជាបន្តបន្ទាប់ដែលអូសបន្លាយរហូតមកដល់ពេលនេះជិតមួយឆ្នាំមកហើយដែលកងទ័ពទាំងសងខាងនៅតែប្រឈមមុខដាក់គ្នាដោយអាវុធតឹងតែងនៅឡើយ៕