កងកម្លាំងការពារព្រំដែនខ្មែរបានថ្លែងថា ពលករខ្មែរជាច្រើននាក់ដែលបានស្នាក់នៅក្នុងទឹកដីថៃ នៅស្រុកខ្លងហាត ជាប់ស្រុកសំពៅលូន ខេត្តបាត់ដំបង ស្រុកតាប់ព្រះយ៉ា ខេត្តស្រះកែវថៃ ជាប់ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាច្រើននាក់ ត្រូវបានក្រុមតម្រួតថៃចាប់បញ្ជូនប្រគល់ឲ្យអាជ្ញាធរខ្មែរវិញ ប៉ុន្តែពួកគេមិនទាន់ដឹងពីតួលេខជាក់លាក់ទេ ដោយសារការចាប់បញ្ជូននោះ គឺបានធ្វើឡើងតាំងពីព្រឹក(១០ វិច្ឆិកា)រហូតមក។
កងកម្លាំងការពារព្រំដែនខ្មែរបានថ្លែងដូច្នេះ ៖ «បញ្ជូនមកហើយ យើងគ្រាន់តែស្រង់យកចំនួនប្រុសស្រីឲ្យបងប្អូនត្រឡប់ទៅលំនៅរៀងខ្លួន»។
ស្ត្រីខ្មែរវ័យ៥២ឆ្នាំ ឈ្មោះ ញ៉ែម សុភក្ដិ ដែលត្រូវតម្រួតថៃចាប់បញ្ជូនមកដីខ្មែរក្នុងសំពៅលូន បានថ្លែងថា ៖ «ចូលទៅម្តងបីបួនប្រាំខែ ត្រឡប់មកផ្ទះកន្លះខែ មួយខែខ្ញុំបកទៅវិញទៅ។ ចាប់បញ្ជូនមកខ្ទង់ប្រហែលជា៣០នាក់ជាងហើយ។ គេប្រាប់ហេតុផលថា គេឲ្យបញ្ជូនខ្មែរចេញមកឲ្យអស់។ ប្រហែលជាច្រើន មួយទីរួមខេត្តដែលខ្ញុំនៅសរុបជិត១ម៉ឺននាក់»។
ពលករខ្មែរម្នាក់ទៀតបានបន្ថែមថា ៖ «ដេកនៅហ្នឹងប្រហែលជាពីរខែបីខែហើយ អ្នកចូលទៅហ្នឹង ហើយឥឡូវគេដេញមកវិញ បើថៃគេមិនដេញអត់មកទេ។ គេមិនឲ្យរស់នៅហ្នឹង ឲ្យតែជនជាតិខ្មែរគេឲ្យមករស់នៅខ្មែរវិញ ក្រែងមានការកើតរឿងអីទៅកុំឲ្យប៉ះពាល់»។
ជាមួយគ្នានេះ កងតម្រួតថៃក៏បានចាប់ពលករខ្មែរជាច្រើននាក់ពីស្រុកតាប់ព្រះយ៉ា ខេត្តស្រះកែវថៃ បញ្ជូនមកដីខ្មែរតាមច្រកចម្ការគ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យដែរ។
លោក ហែម សុផាន់ មេភូមិចម្ការគ ស្រុកស្វាយចេក បានថ្លែងបញ្ជាក់ថា ៖ «វាចាប់បញ្ជូនមកខ្មែរយើងវិញហើយ មកប្រហែលជាខ្ទង់ម៉ោង៧ព្រឹក ៣៨នាក់។ ទៅដេកច្រូតក្នុងស្រុកថៃ គោទើយ ចូលទៅទំនាក់ទំនងអម្បាញ់មិញវាថា បើបានវាបញ្ជូនមកអ៊ីចឹងទៀត ប៉ុន្តែព្រឹកមិញ វាអត់បានឲ្យធ្វើការអីទេ គ្រាន់តែឡានតម្រួតក្រោយបញ្ជូនដល់ជួរមុខ ជួរមុខលែងមកឲ្យយើងវិញ។ ខាងក្នុងមិនដឹងថា វាចាប់យ៉ាងម៉េចទេ»។
មន្ត្រីនាំពាក្យក្រសួងការបរទេសខ្មែរ លោក កុយ គួង បានមានប្រសាសន៍ថា លោកមិនទាន់បានដឹងពីព័ត៌មានដែលថៃចាប់ពលករខ្មែរបញ្ជូនមកដីខ្មែរវិញទេ ៖ «ឈប់! ចាំខ្ញុំពិនិត្យមើលព័ត៌មានហ្នឹងសិន»។
រហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងថា តើរដ្ឋាភិបាលខ្មែរនឹងចាត់វិធានការជួយដល់ពលករខ្មែររាប់រយនាក់ដែលត្រូវថៃចាប់បញ្ជូនមកឲ្យកម្ពុជាវិញនោះយ៉ាងណាទេ។
កាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ពលករខ្មែរ៦៧នាក់ ក៏ត្រូវអាជ្ញាធរថៃចាប់បញ្ជូនតាមច្រកភ្នំដី ជាប់ស្រុកសំពៅលូន បញ្ជូនមកឲ្យអាជ្ញាធរខ្មែរវិញដែរ។ ការចាប់បញ្ជូនពលករខ្មែរនេះ គឺកើតឡើងភ្លាមៗក្រោយពីប្រទេសថៃនិងកម្ពុជា បានប្រកាសដកទូតចេញរៀងខ្លួន៕
