លោកឧត្ដមសេនីយ៍ផ្កាយ៤ ជា តារា អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលគ្រប់គ្រងទ័ពខ្មែរប្រចាំព្រំដែនជុំវិញប្រាសាទព្រះវិហារ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទ ទី២ ខែសីហាថា ថៃនៅតែបញ្ជូនទាហានចូលទៅជិតព្រំដែនខ្មែរនៅតំបន់ជិតភ្នំទ្រព្យ និងវាលឥន្ទ្រីយ៍ ដែលជាកន្លែងធ្លាប់ពើបប្រយុទ្ធគ្នាកន្លងមក។
លោកឧត្ដមសេនីយ៍ ជា តារា បានព្រមានឲ្យកងទ័ពថៃ ទាំងនោះ ដកថយទៅវិញជាប្រញាប់ ដើម្បីចៀសវាងការប៉ះទង្គិចគ្នាដោយអាវុធជាថ្មីម្ដងទៀត។
លោក ជា តារា មានប្រសាសន៍ដូច្នេះ ៖ «យើងកំពុងតែបញ្ជូនទៅឲ្យថ្នាក់ដឹកនាំរបស់ថៃ តើការបញ្ជូនកងទ័ពមកព្រំដែន ជារឿងអ្វី? បង្កើតបញ្ហាចង់មកប្លន់ទឹកដីកម្ពុជា ឬយ៉ាងម៉េច? ហើយយើងក៏ដាក់បញ្ហាជាមួយភាគីក្រុមជ្រុលនិយមអាវលឿងរបស់ថៃថា អ្នកឯងចង់ធ្វើអ្វីធ្វើទៅនៅក្នុងទឹកដីរបស់អ្នកឯង។ ខ្ញុំប្រាប់ហើយប្រាប់ទៀត កុំធ្វើដូចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ដែលប្រើរូបភាពលោកសង្ឃ យាយជី តាជី ហើយបូកជាមួយនឹងកងទ័ពមកប្លន់ទឹកដីកម្ពុជា។ ខ្ញុំថា ម៉ោងនេះពេលនេះត្រូវដកចេញជាបន្ទាន់ទៅ ដើម្បីកុំឲ្យកើតឡើងបញ្ហា ព្រោះកងទ័ពកម្ពុជា ម៉ោងនេះមានគ្រប់សមត្ថភាព លទ្ធភាព មកឈ្លានពានទឹកដីកម្ពុជាក្នុងមួយមិល្លីម៉ែត្រ ត្រូវឆ្លើយតបជាបន្ទាន់»។
ស្ថានភាពប្រឈមមុខដាក់គ្នាដោយយោធារវាងទាហានខ្មែរ-ថៃ នៅតំបន់ជិតប្រាសាទព្រះវិហារបានចាប់ផ្ដើមតានតឹងឡើងវិញកាលពីសប្ដាហ៍មុន នៅពេលដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានជួបប្រជុំលើគម្រោងអភិរក្សប្រាសាទព្រះវិហារ ហើយរដ្ឋាភិបាលថៃ បានជំទាស់យ៉ាងខ្លាំងក្លា និងបានបញ្ជូនកងទ័ពថៃ ទៅកាន់បន្ទាត់ព្រំដែនជិតប្រាសាទព្រះវិហារនោះជាបន្តបន្ទាប់។
កាសែតបាងកកប៉ុស្តិ៍របស់ប្រទេសថៃ ដែលចេញផ្សាយកាលពីព្រឹកថ្ងៃទី២ ខែសីហានេះ បញ្ជាក់ថា រដ្ឋាភិបាលថៃ មានការអន់ចិត្តខ្លាំងចំពោះគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលបានលើកពេលសម្រេចលើគម្រោងគ្រប់គ្រងប្រាសាទព្រះវិហាររបស់កម្ពុជា កាលពីសប្ដាហ៍មុន ដែលគម្រោងនោះបានរាប់បញ្ចូលទាំងតំបន់ជម្លោះនៅព្រំដែនរវាងប្រទេសទាំងពីរផងដែរ៕
