លោក ប៉ិច រតនា ជំនួយការអភិបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍កាលពីល្ងាចថ្ងៃពុធ ទី២១ ខែតុលា ថា តាមលោកទទួលព័ត៌មានថា មានប្រជាពលរដ្ឋខ្មែរម្នាក់ដែលរងរបួសធ្ងន់ដោយសារទាហានឈុតខ្មៅថៃបាញ់រះ នៅពេលដែលអ្នកភូមិខ្មែរជាច្រើននាក់បានឆ្លងដែនចូលព្រៃជាប់ព្រំដែនស្រុកកាប់ជើង ខេត្តសុរិន្ទរបស់ថៃ កាលពីថ្ងៃទី១៩ ខែតុលា ប៉ុន្តែបុរសខ្មែរម្នាក់នោះបានដាច់ខ្យល់ស្លាប់ពាក់កណ្តាលផ្លូវនៅពេលដែលអ្នកភូមិខ្មែរព្យាយាមគ្រារត់ត្រឡប់ចូលមកទឹកដីខ្មែរវិញ។
លោក ប៉ិច រតនា មានប្រសាសន៍ដូច្នេះ ៖ «គាត់ចូលត្រង់ចំណុចអូររយាងទ្វារដែក ខាងកើតតាង១៥ហ្នឹង ចន្លោះបង្គោលលាក់លេខ១៤-១៥។ យើងមិនដឹងព័ត៌មានច្បាស់ថា គាត់ចូលប៉ុន្មាននាក់ទេ ប៉ុន្តែឃើញចេញមកបួនប្រាំនាក់ ហើយមានដោយអ្នករបួសហ្នឹងមក ចុះមកដល់ពាក់កណ្ដាលផ្លូវ ផ្លូវវាពិបាក អ្នករបួសហូរឈាមខ្លាំងក៏ស្លាប់នៅពាក់កណ្ដាលផ្លូវទៅ»។
បុរសឈ្មោះ ស៊ឹម ប៊ុនឆេន ទីលំនៅភូមិចំការចេក ឃុំអូរស្មាច់ ក្រុងសំរោង ត្រូវជាបងប្រុសរបស់បុរសរងគ្រោះបានមានប្រសាសន៍ថា ប្អូនប្រុសរបស់គាត់ឈ្មោះ ស៊ឹម ប៊ុនឈីន ហៅ អ៊ុន ឈីន អាយុជាង៣០ឆ្នាំ បានស្លាប់បន្ទាប់ពីរងរបួសធ្ងន់ដោយត្រូវគ្រាប់កាំភ្លើងទាហានថៃ ខណៈដែលគាត់ ប្អូនប្រុសគាត់ និងអ្នកភូមិទាំងអស់៤នាក់ បាននាំគ្នាចូលព្រៃ ដើម្បីអារគល់ឈើគ្រញូងយកមកលក់ឲ្យក្រុមឈ្មួញ។
គ្រួសារជនរងគ្រោះនោះបានអំពាវនាវឲ្យមន្ត្រីរដ្ឋាភិបាលខ្មែរ និងអង្គការមនុស្សធម៌នានា ជួយចាត់វិធានការ ដើម្បីទាមទារសំណងពីរដ្ឋាភិបាលថៃ ចំពោះការបាញ់ប្រហារនេះ។
លោក ស៊ឹម ប៊ុនឆេង បានឲ្យដឹងដូច្នេះ ៖ «ត្រូវគ្រាប់ប្រហែលជាម៉ោង៧យប់។ ដើរកាប់គល់គ្រញូង គេបាញ់រះយកតែម្ដង ត្រូវប្អូនខ្ញុំមួយ។ បាញ់ត្រូវមួយគ្រាប់កន្លែងត្រគាក ត្រូវមួយគ្រាប់ហើយបានវាបាញ់អាធំ។ វាចិត្តអាក្រក់ណាស់ គ្រាន់តែកាប់ឆ្ការយកមកលក់បាន១០០-២០០បាតចាយ។ ខ្ញុំចង់ឲ្យវា(ថៃ) សងជំងឺចិត្តជនរងគ្រោះ ប្រពន្ធកូនបងប្អូនអី ប៉ុន្តែមិនដឹងទៅខាងណា»។
ទោះយ៉ាងណាមិនអាចទំនាក់ទំនងមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជា ដើម្បីសុំការបំភ្លឺបញ្ហានេះបាននៅឡើយទេ។
នេះជាលើទី២ហើយដែលអ្នកភូមិខ្មែរត្រូវបានទាហានថៃបានស្លាប់ ដោយសារការឆ្លងដែនខុសច្បាប់ ដោយកាលពីថ្ងៃទី១១ ខែកញ្ញា កន្លងមក កុមារខ្មែរម្នាក់ឈ្មោះ សាំង រិទ្ធ ហៅ យន់ រិទ្ធ អាយុ១៦ឆ្នាំ ត្រូវបានទាហានថៃ បាញ់ឲ្យរបួស ហើយមានការចោទប្រកាន់ថា ទាហានបានចាប់ដុតទាំងរស់ផងនោះ។
មន្ត្រីខេត្តឧត្តរមានជ័យបានឲ្យដឹងតួលេខត្រួសៗថា ចាប់ពីអំឡុងខែមិថុនា រហូតដល់ខែតុលានេះ មានប្រជាពលរដ្ឋខែ្មរចំនួន៤នាក់ ត្រូវបានទាហានថៃបាញ់ស្លាប់នៅតាមព្រំដែនខ្មែរ-ថៃ នៃស្រុកត្រពាំងប្រាសាទ និងស្រុកសំរោង ខេត្តឧត្តរមានជ័យ ហើយប្រជាពលរដ្ឋខ្មែរជាង២០នាក់ទៀតត្រូវអាជ្ញាធរថៃ ចាប់ខ្លួនយកទៅផ្តន្ទាទោសពាក់ព័ន្ធនឹងការឆ្លងដែន និងកាប់បំផ្លាញព្រៃឈើក្នុងទឹកដីថៃខុសច្បាប់៕
