មេបញ្ជាការកងយោធពលខេមរភូមិន្ទ កងពលអន្តរាគមន៍លេខ១២ ដែលកំពុងគ្រប់គ្រងនៅតំបន់ប្រឈមមុខដាក់គ្នារវាងកងយោធាកម្ពុជា-ថៃ លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហាថា ទាហានថៃឈុតខ្មៅម្នាក់បានស្លាប់ទំនងជាកាលពីវេលាម៉ោង ៣រំលងអធ្រាត្រ ដោយមិនដឹងពីមូលហេតុច្បាស់លាស់ ខណៈដែលពួកគេដេកយប់ នៅបរិវេណទីវត្តខ្មែរ ដែលក្រុមពួកគេបានចូលលុកលុយនិងបោះជំរំនោះ។
លោកឧត្ដមសេនីយ៍ទោ ស្រី ឌឹក ថ្លែងប្រាប់ដូច្នេះថា ៖ «ឈុតខ្មៅ ស្លាប់មួយពីយប់មិញ ដេកៗងាប់តែម្ដង ងាប់ប្រហែលជាម៉ោង ៣ ឡើងរឹងហើយ ហើយវាសែងយកទៅស្រុកវាបាត់ហើយ សែងទៅម៉ោងប្រហែល ៨ជាង»។
ក៏ប៉ុន្តែទោះយ៉ាងណា ក៏ព័ត៌មាននៃការស្លាប់ទាហានឈុតខ្មៅថៃក្នុងការចូលលុកលុយទឹកដីខ្មែរនៃតំបន់ប្រាសាទព្រះវិហារនោះ ត្រូវបានកងទ័ពថៃព្យាយាមបិទបាំង។
ទាហានថៃឈុតខ្មៅមួយរូប ដែលកំពុងបោះជំរំក្នុងទីវត្តខ្មែរ កែវសិក្ខាគិរីស្វារៈ បាននិយាយកាលពីព្រឹកថ្ងៃអាទិត្យ ប្រាប់ថា គេពុំបានទទួលព័ត៌មានពីការស្លាប់ទាហាននោះទេ។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី៣ ខែសីហានេះ ការបញ្ជូនកងទាហានថៃចូលមកលុកលុយទីវត្តនៃទឹកដីខ្មែរនៅតំបន់ប្រាសាទព្រះវិហារ មានរយៈពេល ១៨ថ្ងៃហើយ ដោយវត្តមានកងទាហានថៃ ចូលមកក្នុងទឹកដីខ្មែរ នៅដដែល។
ចំណែកឯនៅខ្សែត្រៀមជួរមុខ កងប្រយុទ្ធរបស់ខ្មែរនិងទាហានប៉ារ៉ាថៃ នៅតែប្រឈមមុខដាក់គ្នាដ៏តានតឹងនៅឡើយ។
ទាហានថៃចូលកាន់កាប់ប្រាសាទតាមាន់ខ្មែរនៅខេត្តឧត្តរមានជ័យ
ស្របពេលដែលកងទាហានថៃជាច្រើន មិនបានបញ្ជាក់ពីគម្រោងច្បាស់លាស់ក្នុងការដកចេញពីទឹកដីខ្មែរនេះ នៅឯបន្ទាត់ព្រំដែនស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ឯណោះវិញ មានសេចក្ដីរាយការណ៍មកថា កងទាហានឈុតខ្មៅថៃ បានចូលកាប់កាប់ប្រាសាទបុរាណខ្មែរ គឺប្រាសាទតាមាន់ ដែលនៅជាប់បន្ទាត់ព្រំដែន។
នាយទាហានខ្មែរមួយរូបប្រចាំការនៅតាមព្រំដែនតំបន់អូរស្មាច់ បានមានប្រសាសន៍ថា ទាហានឈុតខ្មៅថៃ ជាង២០នាក់ បានចូលកាន់កាប់ប្រាសាទ តាមាន់ ជារបស់ខ្មែរ និងបានហាមឃាត់មិនឲ្យយោធាខ្មែរ ចូលទៅទីនោះផង កាលពីម្សិលមិញ ៖ «ប្រាសាទតាមាន់ វារុលចូលមកដល់ប្រាសាទ។ កម្លាំងវា ២៥នាក់ អង្គភាព ៩៦០ថៃ។ ក្រុមការងារទៅ ម្សិលមិញនេះ ចង់ឡើងទៅប្រាសាទតាមាន់ ប៉ុន្តែខាងថៃគេអត់ឲ្យឡើង គេឲ្យចូលចម្ងាយ ១០០ម៉ែត្រ ពីកន្លែងដែលគេកាន់កាប់។ គេថាដីគេ»។
សូមរំឭកថា កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមក តាមកិច្ចជួបចរចារវាងមន្រ្តីការបរទេសខ្មែរ-ថៃ នៅឯខេត្តសៀមរាប បានព្រមព្រៀងលើការដកកងទ័ពចេញពីតំបន់ជម្លោះ ខេត្តព្រះវិហារ ក៏ប៉ុន្តែ រហូតដល់ថ្ងៃនេះ កងទ័ពថៃនៅតែស្ថិតក្នុងទឹកដីខ្មែរ ហើយតំបន់បន្ទាត់ព្រំដែនជាច្រើនកន្លែង ដូចជានៅស្រុកជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យនិងច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវកងទាហានថៃកំពុងចល័តកងទ័ពបន្ថែមទៀត៕
