លោកស្រី ជា សារឿន អាយុ៤១ឆ្នាំ ម្តាយជនរងគ្រោះបានថ្លែងនៅល្ងាចថ្ងៃទី៣ ខែមករា ថា កូនលោកស្រីឈ្មោះ ភឿត ភីម អាយុ២៥ឆ្នាំ រស់នៅភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវទាហានថៃបាញ់ឲ្យរបួសជើងឆ្វេង។
លោកស្រី ជា សារឿន បានឲ្យដឹងដូច្នេះ ៖ «គេបាញ់វាត្រូវជើងឆ្វេង។ រាល់ថ្ងៃគ្នាតែងតែដើរដាក់អន្ទាក់និងបេះស្លឹកព្រិចយកមកឲ្យប្រពន្ធកូនលក់។ វា(ទាហានថៃ)ឃោរឃៅពេកគ្រាន់តែនៅដីខ្មែរសោះវាបាញ់ បើចូលទឹកដីវា វាបាញ់ហ្នឹងសម តែអានេះនៅទឹកដីខ្មែរសោះ!»។
អ្នកភូមិបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ភឿត ភីម និងគ្នីគ្នាជាមិត្តភក្ដិ៣នាក់ទៀត បានទទួលការបាញ់ប្រហារកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០០៩ នៅពេលធ្វើដំណើរឡើងភ្នំដាក់អន្ទាក់ចាប់សត្វនិងបេះស្លឹកឈើនៅចំណុចភូមិថ្មី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់ខេត្តស្រះកែវថៃ។ បច្ចុប្បន្នជនរងគ្រោះកំពុងស្នាក់ព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី៕
