ទាហាន​ថៃ​រង​ការ​ចោទ​ថា​ប្រើ​អំពើ​ហិង្សា​លើ​ស្រ្ដី​ខ្មែរ​ម្នាក់​ឲ្យ​រង​របួស

2009-10-28

កង​តម្រួត​ថៃ​ពីរ​នាក់​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​អំពើ​ហិង្សា​ទាត់​ធាក់​ទៅ​លើ​ស្ត្រី​ខ្មែរ​ម្នាក់ បណ្តាល​ឲ្យ​រង​គ្រោះ​បាក់​ក​ដៃ​ឆ្វេង ខណៈ​ដែល​ស្ត្រី​រូប​នោះ​និង​កូន​ស្រី​អាយុ​៨​ឆ្នាំ​ម្នាក់ បាន​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ រាវ​រក​ខ្ចៅ​យក​មក​លក់​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។

RFA Photo/Pong Khemarak

ទាហាន​ថៃ​ឈរ​យាមកាម​នៅ​ច្រក​ទ្វារ​ភ្នំ​ព្រះវិហារ​ក្នុង​ទឹក​ដី​ថៃ កាលពី​ថ្ងៃ​១៩ តុលា ២០០៨។

លោកស្រី ហួន ហាន អាយុ​៤៨​ឆ្នាំ រស់​នៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ បាន​មាន​ប្រសាសន៍​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​តុលា ថា កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ លោកស្រី​និង​កូន​ស្រី​អាយុ​៨​ឆ្នាំ បាន​ឆ្លង​ដែន​ទៅ​រាវ​ខ្ចៅ​ក្នុង​ទឹក​អូរ​មួយ​ជាប់​ប៉ុស្តិ៍​យាម​លេខ​១៧​ថៃ កៀក​បង្គោល​ឡាក់​៣៨ ក្នុង​ស្រុក​តាប់ព្រះយ៉ា ខេត្ត​ស្រះកែវ។ លោកស្រី​បន្ត​ថា ស្រាប់​តែ​នៅ​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃ​ដដែល តម្រួត​ថៃ​ពីរ​នាក់​ទៅ​ដល់​ហៅ​លោកស្រី​និង​កូនស្រី​ឡើង​លើ ហើយ​ទាត់​បី​ជើង​បណ្តាល​ឲ្យ​លោកស្រី​បាក់​ក​ដៃ​ឆ្វេង។

លោកស្រី ហួន ហាន បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «ខ្ញុំ​ទៅ​ខ្វារ​ខ្ចៅ ដល់​នេះ​ទៅ​គ្នា​វា​ពីរ​នាក់ វា​ហៅ​ឡើង​លើ​ថ្នល់ ក៏​មិន​បាន​សួរ​អី​ទេ​ទាត់​យក​តែម្តង ចំ​បោះ​ដៃ​ផុត ចង្កេះ​មួយ​ជើង ចុង​ក្រោយ​បាក់​ក​ដៃ។ តម្រួត​ដេញ​ឲ្យ​ខ្ញុំ​មក វា​បាញ់​មួយ​គ្រាប់​ទៀត»

លោកស្រី​បន្ត​ថា កូន​ស្រី​អាយុ​៨​ឆ្នាំ​របស់​លោកស្រី នៅ​គ្រា​នោះ​មាន​ការ​ភ័យ​ខ្លាច ហើយ​បាន​រត់​គេច​ចេញ​ពី​ក្រុម​តម្រួត​ថៃ ពុំ​បាន​ទទួល​រង​ការ​វាយ​ដំ​ទេ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​ភាគី​តម្រួត​ថៃ​បាន​ទេ។

នេះ​ជា​អំពើ​ហិង្សា​ថ្មី​មួយ​ទៀត​ដែល​បង្ក​ឡើង​ដោយ​តម្រួត​ថៃ បន្ទាប់​ពី​បុរស​ម្នាក់​នៅ​សង្កាត់​និមិត្ត ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​បាន​ជន​ជាតិ​ថៃ ព្រួត​គ្នា​វាយ​រហូត​ដល់​ស្លាប់​នៅ​ស្រុក​អារ៉ាញ់​ប្រាថេត កាល​ពី​ថ្ងៃ​ទី​២១ ខែ​តុលា ឆ្នាំ​២០០៩។

ទាក់ទង​ករណី​ខាង​លើ​នេះ លោក ពាន់ សាវ៉ន មេ​បញ្ជា​ការ​រង​យោធា​ស្រុក​ថ្មពួក បាន​មាន​ប្រសាសន៍​ថា លោក​បាន​ទៅ​ជួប​លោក ចាក់ សុខនខាន់ឆៃយ៉ាភូមិ មេ​បញ្ជា​កងរយ​លេខ​១២៧​ប្រចាំ​ការ​នៅ​ទី​នោះ ប៉ុន្តែ​មេ​បញ្ជាការ​នោះ​បាន​បដិសេធ​ថា មិន​ដឹង​រឿង។

លោក ពាន់ សាវ៉ន មាន​ប្រសាសន៍​ដូច្នេះ ៖ «ម៉េច​ក៏​បាន​ជា​វ៉ៃ​គាត់ ម៉េច​បាន​ជា​ទាត់​គាត់​រហូត​ដល់​បាក់​ដៃ រឿង​អី​គ្រាន់​តែ​រក​រាវ​ខ្ចៅ​ហូប?»

លោក ឈាន តារា មេ​ប៉ុស្តិ៍​នគរបាល​ឃុំ​គោករមៀត បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​កំពុង​រៀបចំ​សំណុំ​ឯងសារ​ករណី​ខាង​លើ​នេះ​ដាក់​ទៅ​ភាគី​ថៃ។

មេភូមិ​សាមគ្គី លោក ម៉ៃ ពៅ បាន​មាន​ប្រសាសន៍​ថា នេះ​ជា​ករណី​ថ្មី​មួយ​ទៀត ដែល​អាជ្ញាធរ​ថៃ​បាន​ប្រើ​អំពើ​ឃោរឃៅ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ ៖ «កន្លង​មក​វា​មាន​បាញ់​ដល់​ស្លាប់ ហើយ​វា​ចោទ​យើង​ជួញ​ម៉ា​អី​អ៊ីចឹង​ទៅ»

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុក កែវរតនៈ បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទឹក​ថៃ។

លោក ស៊ុម ចន្ទគា មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក បាន​ចាត់​ទុក​ករណី​នេះ​ថា ជា​អំពើ​អមនុស្ស​ធម៌​អាក្រក់​បំផុត។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ​ខ្មែរ​ដាក់​ពាក្យ​ប្តឹង​ភាគី​ថៃ  តាម​រយៈ​ស្ថាន​អគ្គ​កុងស៊ុល​ខ្មែរ​នៅ​ប្រទេស​ថៃ ឬ​ស្ថានទូត​ថៃ​នៅ​កម្ពុជា។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ ខែ​តុលា ថា កម្ពុជា​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ ជា​ពិសេស​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ទប់​ស្កាត់​កុំ​ឲ្យ​អំពើ​ឃោរឃៅ​អមនុស្សធម៌​កើត​ឡើង​ជា​ថ្មី​ទៀត ហើយ​សុំ​ឲ្យ​ស្រាវជ្រាវ​ដើម្បី​យក​ជន​ដៃ​ដល់​ទៅ​កាត់​ទោស៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

បុគ្គលិក​អង្គការ​មិត្ត​គ្មាន​ព្រំដែន​អំពាវនាវ​ឲ្យ​ពន្លឿន​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម

ទាហាន​ម្នាក់​រង​របួស​ធ្ងន់​ដោយសារ​មេ​បញ្ជាការ​វាយ​ដំ

ប៉ូលិស​ម្នាក់​នៅ​មណ្ឌលគិរី​រង​ការ​ចោទ​ថា​ប៉ុនប៉ង​ធ្វើ​ឃាត​អ្នក​ភូមិ

ពលរដ្ឋ​ម្នាក់​នៅ​កំពង់ឆ្នាំង​ត្រូវ​អ្នក​យាម​ឡូត៍​នេសាទ​បាញ់​ឲ្យ​ស្លាប់

អតីត​អ្នក​កាសែត​ម្នាក់​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

បុរស​តៃវ៉ាន់​ម្នាក់​ជាប់​គុក​៣៧​ឆ្នាំ​ពី​បទ​រត់ពន្ធ​គ្រឿង​ញៀន

ជន​ដាណាម៉ាក​ម្នាក់​រង​ការ​ចោទ​ថា​ចាប់​បង្ខំ​រួមភេទ​ជាមួយ​កុមារី​ខ្មែរ

ក្មេង​ស្រី​១៧​នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​សង្ស័យ​ថា​ប្រកប​របរ​ផ្លូវ​ភេទ

យុវជន​ម្នាក់​នៅ​ព្រៃវែង​រង​របួស​ធ្ងន់​ដោយសារ​ក្រុម​ក្មេង​ទំនើង​លួច​កាប់

ប្រធាន​មជ្ឈមណ្ឌល​កុមារ​កំព្រា​នៅ​ខេត្ត​កណ្តាល​ត្រូវ​ចាប់​ខ្លួន​ពី​បទ​វាយ​ដំ​កុមារ