មន្ត្រីនគរបាលព្រំដែនប្រចាំច្រកជាំសាង៉ាំមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទថា ក្រុមទាហានឈុតខ្មៅថៃទាំងនោះបានព្យាយាមចូលមកចម្ងាយប្រមាណ១០០ម៉ែត្រក្នុងទឹកដីខ្មែរនៅកន្លែងដែលអ្នកភូមិខ្មែរចាក់សំរាម តាំងពីល្ងាចថ្ងៃអាទិត្យ ហើយបានធ្វើប៉ុស្តិ៍មួយអំពីឈើ ប៉ុន្តែត្រូវកងរក្សាព្រំដែនខ្មែររុះរើចោលនិងប្រាប់ឲ្យកម្លាំងទាំងនោះត្រឡប់ទៅវិញ។
មន្ត្រីនគរបាលដដែលបានថ្លែងយ៉ាងដូច្នេះថា ៖ «ផ្ទះខ្មែរយើងនៅរាល់ថ្ងៃ។ ពីម្សិលមិញវា[ទាហានថៃ]មករកធ្វើប៉ុស្តិ៍ម្ដងហើយ ប្រហែលជាម៉ោង ៥កន្លះ ឬ ៦ ប៉ុន្តែយើងហាមឃាត់វាទៅ វាក៏ទៅវិញ។ ម៉ោង ៦ព្រឹកមិញ វាមកធ្វើតាំងពីព្រលឹមតែម្ដង»។
អនុប្រធានក្រុមទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកជាំសាង៉ាំ លោកវរសេនីយ៍ទោ តូច រ៉ា បានមានប្រសាសន៍ថា ទាហានថៃទាំងនោះនៅក្នុងអង្គភាពកងរយលេខ២៣០៧ ដែលមានបន្ទាយនៅជិតនោះ។
មន្ត្រីដដែលបានមានប្រសាសន៍ថា ក្រុមទាហានថៃទាំងនោះបានចូលមកនៅពេលដែលឃើញប្រជាពលរដ្ឋខ្មែរយកគ្រឿងចក្រទៅឈូសឆាយលុបសំរាមដែលមានក្លិនស្អុយ ហើយពួកគេថា ចូលមកការពារខ្លាចក្រែងខ្មែរសាងសង់អ្វីត្រង់នោះ ប៉ុន្តែពួកគេបានដកចេញបន្ទាប់ពីលោកបានប្រាប់ទៅមេបញ្ជាការរបស់ពួកគេ។
លោកវរសេនីយ៍ទោ តូច រ៉ា មានប្រសាសន៍ដូច្នេះថា ៖ «វា[ទាហានថៃ]មកប្រុងធ្វើកូនខ្ទម ខ្លាចយើងសង់អ្វីនៅកន្លែងឈូសហ្នឹង។ ក្រោយពីទៅជួបជាមួយមេគេទៅ ក៏បានឲ្យដកកម្លាំងទៅវិញ»។
ទោះយ៉ាងណា មន្ត្រីទំនាក់ទំនងព្រំដែនថៃ-កម្ពុជាប្រចាំខេត្តស៊ីសាកេត លោក សាវ៉ាង ប្រៈជុមវង្ស បានឆ្លើយតបតាមទូរស័ព្ទពីប្រទេសថៃមកថា លោកពុំទាន់បានដឹងអំពីបញ្ហាដែលទាហានថៃព្យាយាមចូលទៅក្នុងទឹកដីខ្មែរនោះទេ។
ប្រធានគណៈកម្មការដោះស្រាយបញ្ហាព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា ថៃបានដាក់ប៉ុស្តិ៍របស់ខ្លួនរួចហើយនៅច្រកជាំសាង៉ាំនោះ គឺថៃមិនមានសិទ្ធិចូលមកដាក់ប៉ុស្តិ៍ថ្មីទៀតទេ ចំណែកចំណុចព្រំដែន ភាគីកម្ពុជា-ថៃបានកំណត់ខ្សែបែងចែកទឹករួចរាល់អស់ហើយ ដែលកន្លែងណាជាខ្សែបែងចែកទឹកនោះថៃបានដឹងច្បាស់ណាស់ ដែលថៃមិនមានសិទ្ធិរំកិលចូលមកទៀតទេ។
លោក វ៉ា គឹមហុង មានប្រសាសន៍យ៉ាងដូច្នេះ ៖ «យើងកំណត់ខ្សែបែងចែកទឹករួចអស់ហើយនៅកន្លែងហ្នឹង បើវាចង់ចូលមក គឺយើងដាច់ខាតមិនឲ្យចូលទេ វាអត់មានសិទ្ធិចូលទេ បើចូល នោះជាការរំលោភអធិបតេយ្យជាតិខ្មែរ»។
តាមកងរក្សាព្រំដែនខ្មែរបានឲ្យដឹងថា នេះជាសកម្មភាពមួយទៀតរបស់កងទាហានថៃដែលបានចូលមកក្នុងដីខ្មែរ បន្ទាប់ពីកាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងមក កងរក្សាព្រំដែនខ្មែរបានចាប់ខ្លួនបុរសជនជាតិថៃម្នាក់ដែលបានលបលួចចូលក្នុងដីខ្មែរត្រង់តំបន់អតីតចម្ការស្វាយរបស់តាម៉ុកដោយមានគ្រាប់មីនប្រភេទ៦៩មួយគ្រាប់ជាប់ខ្លួនផង ហើយនិងកាលពីថ្ងៃទី២៦ ខែកុម្ភៈ កងរក្សាព្រំដែនខ្មែរបានចាប់ខ្លួនបុរសជនជាតិថៃម្នាក់ដែរដែលបានលួចចូលព្រំដែនខ្មែរនៅតំបន់ថ្គាមរមាសជិតអតីតជំរំជនភៀសខ្លួនខ្មែរតាទុំនៃខេត្តឧត្តរមានជ័យ៕
