ខ្មែរ​ម្នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​នៅ​ក្នុង​ដី​ថៃ​ជាប់​ព្រំដែន​ខេត្ត​បន្ទាយ​មាន​ជ័យ

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ម្នាក់ ត្រូវ​បាន​ទាហាន​ឈុត​ខ្មៅ​ថៃ បាញ់​សម្លាប់ និង​ទាហាន​ឈុត​ខ្មៅ​ថៃ​ចំនួន ៣​នាក់ រង​របួស​ក្នុង​ការផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​នៅ​ជាយ​ដែន​លើ​ទឹក​ដី​ថៃ ជាប់​ព្រំដែន​ខ្មែរ។

0:00 / 0:00

លោក ហ៊ុន ហ៊ាន ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា ការផ្ទុះ​គ្រាប់​បែក​នេះ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០០៨ នៅ​ភូមិ​ដូនឡឹម ជាប់​ច្រក​ព្រៃ​ចន្ទ​ខ្មែរ ក្នុង​ខេត្ត​បន្ទាយមានជ័យ។

លោក​បាន​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ ឈ្មោះ ហ៊ុល វៀន បាន​ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​មាន​គ្នា ៣​នាក់ បាន​ស៊ី​ឈ្នួល​ឲ្យ​ក្រុម​ជន​ទុច្ចរិត​ធ្វើ​ដំណើរ​ចូល​ទៅ​ទឹក​ដី​ថៃ​ទាំង​យប់ ដើម្បី​ទៅ​យក​ម៉ូតូ ហើយ​នៅ​ពេល​ទៅ​ដល់​គោលដៅ ស្រាប់​តែ​ភាគី​ថៃ​ស្រវា​ឱប​និង​ភ្ជង់​កាំភ្លើង​ទៅ​លើ​ឈ្មោះ ហែល តូច អាយុ ៣១​ឆ្នាំ ហើយ​ឈ្មោះ ហែល តូច មាន​គ្រាប់បែក​ក៏​ដក​គន្លឹះ បណ្ដាល​ឲ្យ​ផ្ទុះ ធ្វើ​ឲ្យ​ទាហាន​ឈុត​ខ្មៅ​ថៃ របួស​ធ្ងន់​ពីរ​នាក់​និង​របួស​ស្រាល​ម្នាក់។ ហើយ​ទាហាន​ឈុត​ខ្មៅ​ថៃ​ម្នាក់ ដែល​របួស​ស្រាល​បាន​ងើប​ឡើង​យក​កាំភ្លើង​បាញ់​សម្លាប់​ឈ្មោះ ហែល តូច តែ​ម្ដង។

លោក ហ៊ុន ហ៊ាន បាន​រៀបរាប់​ដូច្នេះ​ថា ៖ «ឱប​អ៊ីចឹង គឺ​ថា​ខ្លួន​មាន​គ្រាប់បែក ក៏​ដក​គន្លឹះ​គ្រាប់​បែក ហើយ​បណ្ដាល​ឲ្យ​ផ្ទុះ​របួស​ខាង​ទាហាន​ឈុត​ខ្មែរ​ថៃ​នោះ គឺ​ថា​បី​នាក់ ធ្ងន់​ពីរ​នាក់ ស្រាល​ម្នាក់ ហើយ​ខ្លួន​ឯង​ហ្នឹង​ក៏​ត្រូវ​របួស​ដែរ។ ដល់​ពេល​ថៃ ឃើញ​ដូច្នេះ គឺ​អ្នក​របួស​ស្រាល បាន​ងើប​ឡើង​បាញ់​ឈ្មោះ ហែល តូច។ តូច នេះ គឺ​ងាប់​នៅ​នឹង​កន្លែង​ទៅ»

លោក​ស្នងការ​បាន​បន្ត​ថា ចំណែកឯ​ព័ត៌មាន​ពី​ភាគី​ថៃ បាន​ចោទ​ប្រកាន់​ប្រជាពលរដ្ឋ​ទាំង​៣​នាក់​នោះ​ថា ជា​អ្នក​រក​ស៊ី​ជួញ​ដូរ​ថ្នាំញៀន​ទៅ​វិញ ៖ «ខាង​ថៃ​ឯណោះ គឺ​ថា គាត់​ហាក់​បី​ដូចជា​លាក់​លៀម​មិន​ចង់​ឲ្យ​យើង​និយាយ​ទេ ប៉ុន្តែ​ក្រោយ​ពេល​ដែល​យើង​ដឹង​ថា ជនជាតិ​យើង​ស្លាប់ យើង​ក៏​ត្រូវ​តែ​បើក​ករណី​នេះ»

លោក ហ៊ុន ហ៊ាន បាន​បន្ត​ថា ទោះបី​មាន​ការអះអាង​យ៉ាង​នេះ​ក្ដី​សមត្ថកិច្ច​មិនទាន់​ធ្វើការ​សន្និដ្ឋាន ទៅ​លើ​ករណី​នេះ​ទេ ដោយ​បន្ត​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ត​ទៀត។

មន្រ្តី​ក្រុមប្រឹក្សា​ឃុំ​អូរបីជាន់ លោក ជូ សុភ័ណ បាន​ថ្លែង​ថា សាកសព​ពលរដ្ឋ​ខ្មែរ​ម្នាក់ ដែល​ថៃ​បាន​ដឹក​យក​ទៅ​ទីក្រុង​បាងកក​ទាំង​យប់ ក្រោយ​ពី​ការ​កើតហេតុ​នោះ ត្រូវ​បាន​គេ​យក​មក​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​វិញ​ហើយ នា​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០០៨។

លោក ជូ សុភ័ណ បាន​បញ្ជាក់​ថា ខ្មែរ​ដែល​ស្លាប់​ទៅ​នោះ មាន​ឈ្មោះ ហែល តូច ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ និង​ពលរដ្ឋ​ខ្មែរ ២​នាក់​ផ្សេង​ទៀត មាន​ឈ្មោះ ពៅ វៀត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ និង​ឈ្មោះ សេង សុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ អ្នក​ទាំង​បី​រស់​នៅ​ក្នុង​ភូមិ​ព្រៃចន្ទ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ។

លោក ជូ សុភ័ណ បាន​បន្ត​ថា សាកសព​ជន​រង​គ្រោះ​ឈ្មោះ ហែល តូច បច្ចុប្បន្ន ត្រូវ​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​សព​នៅ​វត្ត​ព្រៃចន្ទ ស្ថិត​នៅ​ក្នុង​ភូមិ​អូរបីជាន់ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ៕