លោកស្រី ជា សារឿន អាយុ ៤១ឆ្នាំ ម្តាយជនរងគ្រោះបានថ្លែងថា កូនលោកស្រីឈ្មោះ ភឿត ភីម អាយុ ២៥ឆ្នាំរស់នៅភូមិដងរែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ត្រូវទាហានថៃបាញ់ចំនួនបីគ្រាប់ឲ្យរបួសជើងឆ្វេងកាលពីព្រឹកថ្ងៃអាទិត្យនេះ។
លោកស្រីបញ្ជាក់ថា ៖ «គេបាញ់វាត្រូវជើងឆ្វេង រាល់ថ្ងៃគ្នាតែងតែដើរដាក់អន្ទាក់ និងបេះស្លឹកព្រិចយកមកឲ្យប្រពន្ធកូនលក់។ វា (ថៃ) ឃោរឃៅពេកចូលទឹកដីវាសមនឹងបាញ់ អានេះទឹកដីខ្មែរសោះ»។
លោកស្រី ជា សារឿន បន្តថា កូនលោកស្រី និងគ្នាបីនាក់ទៀតបានធ្វើដំណើរឡើងភ្នំដាក់អន្ទាក់ចាប់សត្វ និងរកបេះស្លឹកឈើនៅចំណុចមួយក្នុងភូមិថ្មី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់ខេត្តស្រះកែវថៃ។
នេះជាអំពើហឹង្សាថ្មីមួយទៀតដែលបង្កឡើងដោយកងតម្រួតថៃ បន្ទាប់ពីប្រជាពលរដ្នខ្មែរជាច្រើនបានទទួលរងគ្រោះដោយសារភាគីថៃចាប់ដាក់គុកយកទៅធ្វើបាប និងបាញ់សម្លាប់ជាដើម។ ហេតុការណ៍ទាំងនេះធ្លាប់កើតមាននៅក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តបាត់ដំបង។
កាលពីចុងខែតុលា ឆ្នាំ២០០៩ បុរសខ្មែរម្នាក់ជាកម្មករស៊ីឈ្នូលកាប់ជ្រូកឲ្យថៅកែថៃត្រូវបានជនជាតិថៃមួយក្រុមមានគ្នាជិត ១០នាក់ព្រួតគ្នាវាយរហូតដល់ស្លាប់។ ទទឹ្ទមគ្នានេះដែរមានករណីថ្មីមួយទៀតគឺថា នៅឯស្រុកតាប់ព្រះយ៉ា ខេត្តស្រះកែវថៃជាប់ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ តម្រួតថៃពីរនាក់ប្រើអំពើហឹង្សាទាត់ធាក់ស្ត្រីខ្មែរម្នាក់រហូតដល់បាក់ដៃ។
លោកស្រី ហ៊ួន ហាន អាយុ ៤៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា កាលពីចុងខែតុលា ឆ្នាំ២០០៩ លោកស្រី និងកូនស្រីអាយុ ៨ឆ្នាំបានឆ្លងដែនទៅរាវខ្ចៅក្នុងទឹកអូរមួយជាប់ប៉ុស្តិ៍យាមលេខ ១៧ថៃ គៀកបង្គោលឡាក់ ៣៨ក្នុងស្រុកតាប់ព្រះយ៉ាខេត្តស្រះកែវ។ ស្រាប់តែមានកងតម្រួតថៃពីរនាក់ទៅដល់ហៅលោកស្រី និងកូនស្រីឡើងលើទាត់បីជើងបណ្តាលឲ្យលោកស្រីបាក់កដៃឆ្វេង។
អ្នកស្រីបញ្ជាក់ថា ៖ «ខ្ញុំទៅខ្វារខ្ចៅ ដល់នេះទៅគ្នាវាពីរនាក់វាហៅឡើងលើថ្នល់ទៅក៏មិនបានសួរនាំអីទាត់យកតែម្តង ចំបោះដៃផុត ចង្កេះមួយជើង ចុងក្រោយបាក់កដៃ តម្រូតដេញឲ្យខ្ញុំមក វាបាញ់មួយគ្រាប់ទៀតបាញ់គំរាមឡើងលើ កាំភ្លើងអឹមសីគេ»។
លោក ម៉ៃ ពៅ មេភូមិសាមគ្គីបានមានប្រសាសន៍ថា អាជ្ញាធរថៃជានិច្ចកាលបានប្រើអំពើឃោរឃៅមកលើប្រជាពលរដ្នខ្មែរ ដោយលោកបញ្ជាក់ថា ៖ «កន្លងមកវាមានបាញ់ដល់ស្លាប់ ហើយវាចោទយើងជួញម៉ា កាលណាវាបាញ់ស្លាប់ហើយ វាដាក់ម៉ាដាក់គ្រាប់បែកតែវាបាញ់ហើយវាដាក់របស់ហ្នឹងនៅលើខ្លួនអញ្ចឹងឯង»។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសមរង្ស៊ីបានមានប្រសាសន៍ថា គណបក្សសមរង្ស៊ីបានផ្តល់អនុសាស្ត្រទៅឲ្យរដ្ឋាភិបាលចាត់វិធានការចំពោះអាជ្ញាធរថៃ ដែលបានរំលោភបំពានមកលើប្រជាពលរដ្នខ្មែរ។ តំណាងរាស្ត្ររូបនេះបន្តថា ប្រជាពលរដ្នខ្មែរក្រីក្រនៅតែទទួលរងការបាញ់សម្លាប់ជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរថៃ ខណៈដែលពួកគេបានធ្វើដំណើរឆ្លងរកការងារធ្វើក្នុងទឹកដីថៃ។
លោក យឹម សុវណ្ណ ថ្លែងថា ៖ «យើងស្នើសុំឲ្យរដ្ឋាភិបាលជួយគាត់លើកិច្ចការពីរ ទី១ បង្កលក្ខណៈងាយស្រួលធ្វើម៉េចនៅតាមឃុំ នៅតាមព្រំដែនមានការងារធ្វើនៅក្នុងប្រទេស។ ហើយជូនព័ត៌មានទៅគាត់ធ្វើម៉េចឲ្យគាត់ប្រយ័ត្នប្រយែង នៅការឆ្លងព្រំប្រទល់ដែនទៅឲ្យគេមានអំពើហឹង្សាបាញ់សម្លាប់គាត់យ៉ាងដូច្នេះ»។
លោក យឹម សុវណ្ណ បានស្នើឲ្យរដ្ឋាភិបាលខ្មែរត្រូវជជែកគ្នាជាមួយរដ្ឋាភិបាលថៃឲ្យបញ្ឈប់អំពើឃោរឃៅមកលើប្រជាពលរដ្ឋខ្មែរទៀត។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសរដ្ឋាភិបាលខ្មែរបានមានប្រសាសន៍ថា រដ្ឋាភិបាលបានឲ្យអគ្គកុងស៊ុលខ្មែរនៅស្រុកថៃ ឲ្យធ្វើការស៊ើបអង្កេតករណីទាំងឡាយដែលកើតឡើងមកលើប្រជាពលរដ្នខ្មែរ។ លោកបន្តថា កន្លងមករដ្ឋាភិបាលខ្មែរបានធ្វើកំណត់ទូតជាបន្តបន្ទាប់ទាមទារឲ្យអាជ្ញាធរថៃទប់ស្កាត់ការប្រើអំពើហឹង្សាបាញ់សម្លាប់ប្រជាពលរដ្នខ្មែរ។
លោក កុយ គួង បន្តថា ៖ «ថៃបានប្រព្រឹត្តិល្មើសស្មារតីអង្គប្រជុំចំណុច ៧៧ដែលព្រមព្រាងថា ដោះស្រាយអ្វីៗ ប្រកបដោយអហឹង្សាឃោរឃៅ។ យើងបានទាមទារឲ្យយកជនដៃដល់ទៅផ្តន្ទាទោស»។
មន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាមិនអាចទាក់ទងសុំការបញ្ជាក់បានទេដោយអ្នកទទួលទូរស័ព្ទនិយាយថា មន្ត្រីទទួលខុសត្រូវការងារនេះមិននៅកន្លែង។
សមាគមការពារសិទ្ឋិមនុស្សអាដហុក កំពុងធ្វើការលម្អិតទាក់ទងការវាយធ្វើបាបបាញ់សម្លាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃមកលើប្រជាពលរដ្ឋខ្មែរ ដើម្បីបញ្ជូនរបាយការណ៍ទៅវេទិការហ្វ័រ៉មអេស៊ា (Forum Asia) ដែលមានភាគីថៃជាសមាជិកធ្វើយ៉ាងណាយកជនដែលបានប្រព្រឹត្តិទៅផ្តន្ទាទោសតាមច្បាប់។
លោក ស៊ុម ច័ន្ទគារ បានថ្លែងថា វិបត្តិការទូតខ្មែរថៃបានធ្វើឲ្យរដ្ឋាភិបាលទំាងពីរបន្ថយការទទួលខុសត្រូវដោយលោកមានប្រសានស៍ថា ៖ «ដូច្នេះហើយយើងមានដៃគូ Forum Asia ដើម្បីឲ្យខាងអង្គការដែលមានថៃជាសមាជិកខាងសិទ្ឋិមនុស្សមួយដែរឲ្យគេអន្តរាគមន៍ទៅខាងរដ្ឋាភិបាលថៃដើម្បីចាត់ការផ្តល់ជនប្រព្រឹត្តិបទល្មើសនៅកន្លែងហ្នឹងចាប់យកទៅផ្តន្ទាទោសតាមច្បាប់»។
សមាគមអាដហុកបានថ្កោលទោសយ៉ាងខ្លាំងក្លាដោយចាត់ទុកទង្វើរបស់កងម្លាំងប្រដាប់អាវុធថៃដែលបានប្រើកាំភ្លើងបាញ់សម្លាប់ប្រជាពលរដ្នខ្មែរជាបន្តបន្ទាប់មកនេះ គឺអំពើរំលោភសិទ្ឋិមនុស្សយ៉ាងធ្ងន់ធ្ងរ។
ថ្វីត្បិតមិនមានរបាយការណ៍ជាក់លាក់ពីចំនួនប្រជាពលរដ្ឋខ្មែរដែលទទួលរងគ្រោះដោយសាការ វាយធ្វើបាបបាញ់សម្លាប់ និងបាញ់សម្លាប់ក៏ដោយ ប៉ុន្តែកាលចុងឆ្នាំ ២០០៩និងដើមឆ្នាំ ២០១០នេះ គេសង្កេតឃើញមានប្រជាពលរដ្នខ្មែរជាច្រើននាក់បានទទួលរងគ្រោះ។ រហូតមកទល់ពេលនេះ គេ មិនដែលឃើញភាគីថៃដែលជាអ្នកប្រព្រឹត្តិក្នុងអំពើបាញ់ប្រហារមកលើប្រជាពលរដ្នខ្មែរទាំងនោះ ត្រូវបានគេនាំផ្តន្ទាទោសឡើយ៕
