ទាហាន​ប៉ារ៉ា​ថៃ​មួយ​ក្រុម​នៅ​តែ​បោះ​ជំរំ​ខាង​លិច​បា្រសាទ​ព្រះវិហារ​ខ្មែរ​

មេបញ្ជាការ​យោធា​ខ្មែរ​នៅ​តំបន់​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​បាន​ទាមទារ​ជា​ច្រើន​លើក​ទៅ​មេ​បញ្ជាការ​យោធា​ថៃ​ឲ្យ​ធ្វើការ​ដក​កង​កម្លាំង​ទាហាន​ប៉ារ៉ា​ថៃ​មួយ​ក្រុម​ចាក​ចេញ​ពី​តំបន់​ហាម​ឃាត់​មិន​ឲ្យ​មាន​កងទ័ព​មួយ​កន្លែង​នៅ​លើ​កំពូល​ភ្នំ​តំបន់​ចាក់ច្រែង​ចម្ងាយ​ប្រមាណ ៧​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ឈៀង​ខាង​លិច​ពី​ប្រាសាទ​ព្រះវិហារ។

0:00 / 0:00

តាម​កង​យោធា​ខ្មែរ​បាន​អះអាង​ថា ការ​បញ្ជូន​ទាហាន​ប៉ារ៉ា​ថៃ​មក​បោះ​ជំរំ​កាល​ពី​ពេល​ថ្មីៗ បាន​រំលោភ​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ​ផង​ដែរ។

មេ​បញ្ជាការ​កង​យោធពល​ខេមរ​ភូមិន្ទ​នៃ​កង​ពល​ថ្មើរ​ជើង​លេខ​៨ ដែល​គ្រប់គ្រង​កម្លាំង​យោធា​ខ្មែរ​នៅ​តំបន់​នោះ លោក​ឧត្តម​សេនីយ៍​ត្រី យឹម ពឹម បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៧ ខែ​ឧសភា​ថា មេបញ្ជាការ​យោធា​ខ្មែរ​នៅ​តំបន់​ជម្លោះ​បាន​ជួប​ជជែក​ជាមួយ​មេបញ្ជាការ​យោធា​ថៃ​ជា​ច្រើន​លើក​មក​ហើយ ដោយ​ទាមទារ​ឲ្យ​កង​ទាហាន​ប៉ារ៉ា​ថៃ​ដក​ចេញ​ពី​តំបន់​ចាក់ច្រែង​នោះ ជៀស​វាង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​កង​ទ័ព ប៉ុន្តែ​ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​មេបញ្ជាការ​យោធា​ថៃ​នៅ​ឡើយ​ទេ។

លោក​ឧត្ដម​សេនីយ៍​ត្រី យឹម ពឹម ថ្លែង​ដូច្នេះ​ថា ៖ «វា​នៅ​ព្រៃ​ឯ​លើ​ឯណេះ ខាង​តំបន់​ហ្នឹង​ជា​តំបន់​ហាម​ឃាត់។ យើង​ទើប​ដាក់​បញ្ហា​ហ្នឹង​ឡើង ដើម្បី​ឲ្យ​វា​ឆ្លើយ ប៉ុន្តែ​វា​អត់​ទាន់​ឆ្លើយ»

តាម​កង​យោធា​ខ្មែរ​ឲ្យ​ដឹង​ថា ទាហាន​ប៉ារ៉ា​ថៃ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ ២០​នាក់ បាន​ចូល​មក​បោះ​ជំរំ​នៅ​តំបន់​កំពូល​ភ្នំ​ចាក់ច្រែង​ជិត​មួយ​ខែ​មក​ហើយ នៅ​ក្រោយ​ពេល​នៃ​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​-ថៃ​ចុង​ក្រោយ នៅ​ជិត​ប្រាសាទ​ព្រះវិហារ​កាល​ពី​អំឡុង​ខែ​មេសា​មក​នោះ។

យោធា​ខ្មែរ​មួយ​រូប​ដែល​កំពុង​ប្រចាំការ​នៅ​លើ​កំពូល​ភ្នំ​ប្រាសាទ​ព្រះវិហារ​បាន​និយាយ​ថា រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​នេះ កង​ទាហាន​ប៉ារ៉ា​ថៃ​ទាំង​នោះ​នៅ​មិន​ទាន់​មាន​ផែនការ​ដក​ចេញ​នៅ​ឡើយ​ទេ។

ទាហាន​ខ្មែរ​ដដែល បាន​អះអាង​ថា ការ​បោះ​ជំរំ​របស់​ទាហាន​ថៃ​មួយ​ក្រុម​នោះ បាន​លយ​ចូល​មក​ក្នុង​បន្ទាត់​ព្រំដែន​ខ្មែរ ប៉ុន្តែ​គេ​មិន​អាច​បញ្ជាក់​ច្បាស់​លាស់​អំពី​ចម្ងាយ​ប៉ុន្មាន​ដែល​ចូល​មក​ក្នុង​ព្រំ​ដែន​ខ្មែរ​នោះ​ទេ។

ចំណែក​នៅ​ច្រក​ព្រំដែន​ខ្មែរ​នៃ​តំបន់​តាថាវ ចម្ងាយ​ជាង ៦​គីឡូម៉ែត្រ​ភាគ​ខាង​លិច​នៃ​ប្រាសាទ​ព្រះ​វិហារ​វិញ​មាន​សេចក្តី​រាយការណ៏​ថា ទាហាន​ឈុត​ខ្មៅ​ថៃ​ចំនួន ១២​នាក់ បាន​លួច​ចូល​មក​ជិត​ខ្សែ​ត្រៀម​ខ្មែរ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៦ ខែឧ​សភា។

មន្ត្រី​ប៉ូលិស​ព្រំដែន​វរ​៧៩៥ មួយ​រូប បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ​ទាំង​នោះ​ដឹកនាំ​ដោយ​អនុសេនីយ៍​ត្រី​មួយ​រូប បាន​ចូល​មក​ព្រំដែន​ខ្មែរ​ជា​ច្រើន​ម៉ោង​ត្រង់​ចំណុច​ឈ្មោះ​ចម្ការ​តាហង់ ៖ «ចូល​មក​ម៉ោង ៩​និង​៣០​នាទី ម៉ោង ២​និង​២០​នាទី បាន​វា​ចេញ​ទៅ​វិញ។ វា​មក​ឃ្លាំ​មើល​កម្លាំង​យើង​ធ្វើការ​ដែរ​ហ្នឹង»

ពេញ​មួយ​ថ្ងៃ​អាទិត្យ មិន​អាច​ស្វែង​រក​ជួប​មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​ថៃ​-កម្ពុជា​ប្រចាំ​ខេត្ត​ស៊ីសាកេត​ដើម្បី​អធិប្បាយ​ជុំវិញ​ព័ត៌មាន​ទាំង​នោះ​បាន​នៅ​ឡើយ​ទេ។

សូម​រំឭក​ថា ជម្លោះ​ព្រំដែន​ខ្មែរ​-ថៃ​បាន​កើត​ឡើង​តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ រហូត​មក​ដល់​ពេល​នេះ រយៈពេល​១០​ខែ​ហើយ ដោយ​កងទ័ព​ទាំង​សង​ខាង​បាន​ប៉ះ​ប្រយុទ្ធ​គ្នា​ចំនួន ៤​លើក បណ្តាល​ឲ្យ​ស្លាប់​និង​របួស​មួយ​ចំនួន ហើយ​មាន​កិច្ច​ជួប​ចរចា​តាម​រយៈ​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​យោធា​នៃ​ប្រទេស​ទាំង​ពីរ​ជា​ច្រើន​លើក ប៉ុន្តែ​មិន​បាន​លទ្ធផល​ប្រសើរ​សម្រាប់​រក​ដំណោះស្រាយ​បញ្ហា​នោះ​ទេ៕