មេបញ្ជាការយោធាខ្មែរដែលគ្រប់គ្រងតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារបានឲ្យដឹងថា គេមានគម្រោងជួបប្រជុំជាមួយមេបញ្ជាការយោធាថៃដែលទទួលខុសត្រូវគ្រប់គ្រប់កម្លាំងនៅតំបន់ជម្លោះនោះដែរដោយសន្តិវិធីដើម្បីបញ្ឈប់សកម្មភាពទាហានថៃមួយក្រុមដែលកំពុងព្យាយាមដើររាយលួសបន្លាចូលមកក្នុងបន្ទាត់ព្រំដែនខ្មែរនៅតំបន់ច្រកតាថាវចម្ងាយប្រមាណ៦គីឡូម៉ែត្រភាគខាងកើតប្រាសាទព្រះវិហារ។
មេបញ្ជាការកងយោធពលខេមរភូមិន្ទនៃកងពលធំលេខ៣កំពុងគ្រប់គ្រងកម្លាំងយោធាខ្មែរនៅតំបន់ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ថា នៅថ្ងៃទី១៧ខាងមុខ រូបលោកមានគម្រោងជួបប្រជុំជាមួយនឹងមន្ត្រីយោធានៃកងពលទី៦ស៊ូរ៉ាក់ណារីរបស់ថៃដើម្បីជជែកមុខទល់នឹងមុខអំពីបញ្ហានៅតំបន់ព្រំដែនច្រកតាថាវដើម្បីកាត់បន្ថយចេញនូវភាពទំនាស់ ដោយកម្ពុជានឹងស្នើសុំឲ្យទាហានថៃឈប់ព្យាយាមចូលមកសង់ខ្ទមនិងបញ្ឈប់ការដាក់លួសបន្លាចូលមកបន្ទាត់ព្រំដែនខាងកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានបញ្ជាក់ថា ៖ «ថ្ងៃ១៧ ទល់មុខៗ... សម្រួលព្រំដែនកុំឲ្យមានបញ្ហាទំនាស់ រក្សាស្ថិរភាព សន្តិសុខ សហប្រតិបត្តិការល្អ។ យើងគ្រាន់តែមិនឲ្យសាងសង់ហ្នឹងណា៎ ធ្វើម៉េចយើងដោះស្រាយពិភាក្សាគ្នាកុំឲ្យមានសភាពតានតឹង ឲ្យវាធូរស្រាលធម្មតាៗ»។
តាមកងរក្សាព្រំដែនខ្មែរបានឲ្យដឹងថា នៅច្រកតាថាវបច្ចុប្បន្ននេះទាហានឈុតខ្មៅថៃមួយក្រុមនៅតែព្យាយាមដាក់រាយលួសបន្លាចូលមកព្រំដែនខ្មែរ។
មន្ត្រីប៉ូលិសរបស់វរការពារព្រំដែន៧៩៥មួយរូបដែលសុំមិនបញ្ចេញឈ្មោះកំពុងប្រចាំការនៅច្រកតាថាវបានមានប្រសាសន៍ថា ទាហានឈុតខ្មៅថៃមួយក្រុមមានគ្នាប្រមាណ២០នាក់បានចូលមកនៅទល់មុខប៉ូលិសព្រំដែនខ្មែរ ហើយតែងព្យាយាមរាយលួសបន្លាចូលមកក្នុងទឹកដីខ្មែរទោះបីជាមានការរារាំងពីកងប៉ូលិសព្រំដែនខ្មែរក៏ដោយ។
មន្ត្រីប៉ូលិសព្រំដែនដដែលបានមានប្រសាសន៍ថា កងការពារព្រំដែនខ្មែរទីនោះតែងបង្ខំឲ្យទាហានថៃដកលួសបន្លាចេញវិញ ក៏ប៉ុន្តែត្រូវទាហានថៃទាំងនោះបដិសេធដោយថារង់ចាំបញ្ជាពីមេរបស់ពួកគេសិន។
មន្ត្រីប៉ូលិសដដែលបានឲ្យដឹងថា ៖ «វានៅដាក់លួសដាក់អីបន្តអ៊ីចឹងនៅតាមកន្លែងលូចាស់ បន្ថែមជាង៤០ម៉ែត្រ។ កម្លាំងវា២០នាក់៣០នាក់វាយាមពេលៗថ្ងៃ មកទល់មុខយើង ទល់មុខគ្នា យើងឲ្យវាដកវាមិនដក វាថារង់ចាំបទបញ្ជាដែរ ចាំថ្ងៃចរចាអី...»។
ទោះយ៉ាងណាមិនអាចទំនាក់ទំនងសុំការបំភ្លឺបញ្ហានេះពីភាគីថៃបានទេនៅថ្ងៃអាទិត្យនេះ។
តាមកងរក្សាព្រំដែនខ្មែរឲ្យដឹងថា ទាហានឈុតខ្មៅថៃបានចាប់ផ្តើមចូលមកធ្វើសកម្មភាពដាក់រាយលួសបន្លាឆ្ពោះចូលមកព្រំដែនខ្មែរនៃតំបន់ច្រកតាថាវតាំងតែពីអំឡុងពាក់កណ្តាលខែកុម្ភៈមកម៉្លេះ។
មន្ត្រីយោធាខ្មែរបាននិយាយថា ឥឡូវនេះគេបានបង្កើនការដើរល្បាតនៅតាមបន្ទាត់ព្រំដែននៃតំបន់ជម្លោះបន្ថែមទៀតបន្ទាប់ពីមានការចាប់ខ្លួនជនជាតិថៃ៤នាក់កាលពីពេលថ្មីៗដែលបានព្យាយាមលួចចូលមកព្រំដែនខ្មែរខុសច្បាប់នៅជិតតំបន់ជម្លោះនៃទឹកដីព្រះវិហារ៕