មេបញ្ជាការកងវរសេនាតូចនៃកងយោធពលខេមរភូមិន្ទលេខ ៤២២ លោក ប៉ុល ថេន បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃពុធ ទី២៧ ខែសីហា ថា លោកបានទទួលព័ត៌មានថា កងទាហានឈុតខ្មៅថៃមួយក្រុម បានចូលមកបោះទីតាំងនៅចន្លោះតំបន់ចៃឆ្កែ កាលពី ៣ថ្ងៃមុន បន្ទាប់ពីតំបន់ជប់ត្រឡោក ដែលនៅក្បែរគ្នានោះ ត្រូវបានកងទាហានថៃ ចូលកាន់កាប់កាលពីសប្ដាហ៍មុនមក។
លោក ប៉ុល ថេន មានប្រសាសន៍ថា ៖ «ខាងលិចចៃឆ្កែប្រហែលជា ១០០ម៉ែត្រ ទាហាននៅហ្នឹង បោះបន្ទាយអី។ មកនៅ ៣-៤ថ្ងៃហើយ។ ពីមុនវានៅ ក្រោយមកវាដក ឥឡូវវាមកនៅវិញ»។
តាមមន្រ្តីយោធាបាននិយាយថា តំបន់ចៃឆ្កែមិនមានកងទាហានខ្មែរច្រើនទេ មានតែកងរក្សាព្រំដែនខ្មែរមួយក្រុមប្រមាណជាង ១០នាក់ប៉ុណ្ណោះ។
ប្រភពពីប្រជាពលរដ្ឋដែលកំពុងរស់នៅភូមិជប់គគីរខាងលិច ជិតតំបន់ចៃឆ្កែនោះ បានអះអាងថា បច្ចុប្បន្នកងទាហានថៃ កំពុងដើរល្បាតជិតផ្ទះអ្នកភូមិខ្មែរ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មានការព្រួយបារម្ភ ៖ «ថៃ សឹងតែរាល់ថ្ងៃដែរ វាដើរល្បាត តាមព្រំដែន ជាប់ខ្នងផ្ទះប្រជាពលរដ្ឋ ក្រោយផ្ទះប្រជាពលរដ្ឋ ៥០ម៉ែត្រ»។
ក្រុមប្រជាពលរដ្ឋទីនោះបាននិយាយថា អ្នកភូមិក្រីក្រជាង ៦០គ្រួសារ ដែលកំពុងរស់នៅជាប់ព្រំដែនបានប្រឈមមុខនឹងការខ្វះស្បៀងអាហារ បន្ទាប់ពីកងទាហានថៃ បានបិទច្រកមិនឲ្យចេញចូលទៅក្នុងប្រទេសថៃ ហើយពួកគេសុំអំពាវនាវដល់មន្រ្តីរដ្ឋាភិបាលខ្មែរ និងសប្បុរសជននានា ជួយផ្ដល់ស្បៀងឲ្យពួកគេបានគ្រប់គ្រាន់ផង។
ចំណែកនៅឯប្រាសាទតាមាន់វិញ កងយោធាខ្មែរបានឲ្យដឹងថា រហូតមកដល់ថ្ងៃពុធ ទី២៧ ខែសីហា កងទាហានឈុតខ្មៅថៃ នៅមិនទាន់ធ្វើការបើកច្រកទ្វារឲ្យប្រជាពលរដ្ឋនិងទាហានខ្មែរបានចេញចូលទៅកាន់ប្រាសាទដូចធម្មតាវិញទេ បន្ទាប់ពីមានការចាក់សោបិទទ្វារកាលពីសប្ដាហ៍មុន ខណៈដែលកងទាហានឈុតខ្មៅថៃម្នាក់ បានមកចាប់យកឧបករណ៍មើលផែនទីពីមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់ខ្មែរ ហើយបោកកម្ទេចចោលនោះ។
ស្របគ្នានេះដែរ នៅឯតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារ រហូតមកដល់ពេលនេះ ផែនការដកកងទ័ពទាំងសងខាងរាប់រយនាក់ ដែលកំពុងប្រឈមមុខដាក់គ្នាចេញពីតំបន់ខ្សែត្រៀមជួរមុខនោះ ត្រូវបានពន្យារពេលតទៅទៀត ដោយមិនមានការកំណត់ច្បាស់លាស់នៅឡើយ។
តាមទាហានឈុតខ្មៅម្នាក់ ដែលកំពុងតែនៅខ្សែត្រៀមជួរមុខនៃតំបន់ជម្លោះព្រំដែនជិតប្រាសាទព្រះវិហារ បាននិយាយថា មេបញ្ជាការរបស់ពួកគេ ពុំប្រាប់ពីការដកចេញច្បាស់លាស់នៅឡើយទេ ៖ «នៅដដែលអ៊ីចឹង ឮតែគេនិយាយ ចាំប្រជុំថ្ងៃ២៩, ៣០ [សីហា] អីណាទៀត»។
កងទាហានខ្មែរថៃទាំងនៅតំបន់ប្រាសាទតាមាន់និងប្រាសាទព្រះវិហារបានឲ្យដឹងថា ពួកគេកំពុងទន្ទឹងរង់ចាំផែនការថ្មី ដែលនឹងចេញពីលទ្ធផលនៃការជួបចរចារវាងមន្រ្តីការបរទេសនៃប្រទេសទាំងពីរ ដែលគ្រោងនឹងជួបជជែកគ្នាលើកទី៤ នៅឯខេត្តសៀមរាប នាថ្ងៃទី២៩ ខែសីហា ខាងមុខនេះ៕
