ថៃ​ចង់​ក្លាយ​ជា​អ្នក​វិនិយោគ​ទុន​បរទេស​ឈាន​មុខ​គេ​នៅ​កម្ពុជា

ក្រោយ​ពេល​ទំនាក់ទំនង​ការ​ទូត​កម្ពុជា-​ថៃ ត្រូវ​បាន​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​វិញ ​កាល​ពី​ដើម​ខែ​សីហា កន្លង​មក ប្រទេស​ថៃ​សង្ឃឹម​ថា ខ្លួន​នឹង​អាច​ក្លាយ​ជា​ប្រទេស​នាំ​មុខ​គេ​ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ទៀត ចំពោះ​ការ​ដាក់​វិនិយោគ​ទុន​នៅ​កម្ពុជា។

0:00 / 0:00

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ បាន​រំពឹង​ថា បន្ទាប់​ពី​ទំនាក់ទំនង​ការ​ទូត​របស់​កម្ពុជា និង​ថៃ ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ ក្រោយ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​នេះ​មាន​បញ្ហា​ការ​ទូត ប្រទេស​ថៃ​នឹង​ក្លាយ​ជា​ប្រទេស​ទី​១ ក្នុង​ការ​ដាក់​អ្នក​វិយោគ​ទុន​នៅ​កម្ពុជា ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ទៅ​មុន​ទៀត។

កាសែត​ថៃ​ឈ្មោះ បាងកក ប៉ុស្តិ៍ (Bangkok Post) នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​កញ្ញា​នេះ បាន​ដក​ស្រង់​សម្ដី​របស់​អនុ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថៃ អាឡុងកន ផុល្លាបុត្រ (Alongkorn Ponlabboot) ដែល​បាន​មាន​ប្រសាសន៍​ថា ថៃ​នឹង​អាច​មាន​លទ្ធភាព​ក្លាយ​ទៅ​ជា​អ្នក​វិនិយោគ​ទុន​បរទេស​ឈាន​មុខ​គេ​នៅ​កម្ពុជា ប្រសិន​បើ​ខ្លួន​អាច​ចាប់​យក​ប្រយោជន៍​ពី​ផ្លូវ​ជាតិ​លេខ​៥ របស់​កម្ពុជា​បាន។ ផ្លូវ​ជាតិ​លេខ​៥ គឺ​ចាប់​ផ្ដើម​ពី​ព្រំដែន​ប្រទេស​ថៃ ក្នុង​ខេត្ត​ស្រះកែវ ឆ្លង​​កាត់​ខេត្ត​បន្ទាយមានជ័យ មក​ភ្នំពេញ។

កាសែត​ថៃ​បាងកក ប៉ុស្តិ៍ បាន​ឲ្យ​ដឹង​ថា កាល​ពី​២០០៩ វិនិយោគ​ថៃ​នៅ​កម្ពុជា មាន​តែ​ចំនួន ១៥,៥​លាន​ដុល្លារ​ក្នុង​គម្រោង​ចំនួន​៥។ ថៃ​ត្រូវ​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៣ សម្រាប់​តម្លៃ​វិនិយោគ​ទុន គឺ​តិច​ជាង​ចិន ដែល​មាន​វិនិយោគ​ទុន​ចំនួន ៤៣,៣​លាន​ដុល្លារ និង​វៀតណាម ២៤,៧​លាន​ដុល្លារ។

ប្រទេស​ថៃ បាន​វិនិយោគ​ក្នុង​រយៈពេល ១៦​ឆ្នាំ​នៅ​កម្ពុជា មាន ៨១​គម្រោង ដែល​មាន​ទឹក​ប្រាក់​ប្រមាណ ៣៦២​លាន​ដុល្លារ។

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​កញ្ញា បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​ថា កម្ពុជា​នៅ​មិន​ទាន់​ហ៊ាន​ធ្វើ​ការ​សន្និដ្ឋាន​ដូច​ជា​ការ​អះអាង​របស់​មន្ត្រី​ថៃ ដែល​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​អ្នក​វិនិយោគ​ទុន​ឈាន​មុខ​គេ​នៅ​កម្ពុជា នៅ​ឡើយ​ទេ។

លោក កឹម ស៊ីថន រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​ថា ទំហំ​ពាណិជ្ជកម្ម​ថៃ​នៅ​កម្ពុជា នៅ​មាន​លក្ខណៈ​ល្អ​ប្រសើរ ទោះ​បី​បើ​មាន​ជម្លោះ​ព្រំដែន​ជា​មួយ​កម្ពុជា​ក៏ដោយ។

លោក កឹម ស៊ីថន បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០០៨ ទំហំ​ពាណិជ្ជកម្ម​ថៃ មាន​ចំនួន ២.១០០​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០០៩ ទំហំ​ពាណិជ្ជកម្ម​ថៃ បាន​កើន​ឡើង​រហូត​ទៅ​ដល់ ១០%។

លោក កឹម ស៊ីថន បន្ត​ទៀត​ថា បច្ចុប្បន្ន​នេះ​មាន​ប្រទេស​ជា​ច្រើន ដូច​ជា​ប្រទេស​ចិន វៀតណាម កូរ៉េ និង​ថៃ កំពុង​ចាប់​អារម្មណ៍​មក​ដាក់​ទុន​នៅ​កម្ពុជា ហើយ​ការ​ដណ្ដើម​គ្នា​របស់​ប្រទេស​នីមួយៗ​ដើម្បី​មក​ធ្វើ​វិនិយោគ​ទុន​នៅ​កម្ពុជា វា​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​បាន​ប្រសើរ​ឡើង។

ការ​ប្រកាស​របស់​លោក អាឡុងកន ផុល្លាបុត្រ ក្រោយ​ពេល​ដែល​លោក​បាន​មក​កម្ពុជា កាល​ពី​សប្ដាហ៍​មុន ហើយ​បាន​ប្រកាស​ថា រដ្ឋាភិបាល​ថៃ​មាន​បំណង​ចង់​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស នៅ​តំបន់​អូរនាង ប្រទេស​កម្ពុជា ជាប់​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដើម្បី​បង្កើន​ទំនាក់ទំនង​កម្ពុជា​និង​ថៃ។

តំបន់​សេដ្ឋកិច្ច​ពិសេស​រួម​មាន សេវាកម្ម​នាំ​ចេញ-​នាំ​ចូល មជ្ឈមណ្ឌល​ចែក​ចាយ​កសិកម្ម និង​វិស័យ​អចលនវត្ថុ​ជា​ដើម។

មន្ត្រី​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​ថៃ​នៅ​កម្ពុជា លោកស្រី អាំម៉ារ៉ា ផន (Amara Porn) នៅ​ថ្ងៃ​ច័ន្ទ​មាន​ប្រសាសន៍​ដែរ​ថា ទំនាក់​ទំនង​ការ​ទូត​ល្អ​រវាង​ថៃ និង​កម្ពុជា បាន​ជំរុញ​ឲ្យ​ពាណិជ្ជករ​ថៃ មាន​ការ​ទុក​ចិត្ត​មក​វិនិយោគ​ទុន​នៅ​កម្ពុជា​ឡើង​វិញ។

ទំនាក់ទំនង​ការ​ទូត និង​យោធា​រវាង​កម្ពុជា-​ថៃ ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ ក្រោយ​ពេល​ដែល​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) បាន​លា​លែង​ពី​តំណែង​ទីប្រឹក្សា​សេដ្ឋកិច្ច​រដ្ឋាភិបាល​កម្ពុជា។ បន្ទាប់​ពី​ការ​លា​លែង​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ រដ្ឋាភិបាល​ថៃ បាន​ចាប់​ផ្ដើម​បញ្ជូន​មន្ត្រី​របស់​ខ្លួន​មក​កម្ពុជា ដើម្បី​ពង្រឹង​វិស័យ​ការ​ទូត សេដ្ឋកិច្ច និង​យោធា។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​វិនិយោគ​ទុន​របស់​ថៃ​នៅ​កម្ពុជា ហើយ​ជម្លោះ​ព្រំដែន​ថៃ និង​កម្ពុជា វា​នឹង​មិន​ប៉ះ​ពាល់​ដល់​វិស័យ​ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំង​ពីរ​នោះ​ទេ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រឆាំង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​ថា លោក​ស្វាគមន៍​ការ​ដាក់​វិនិយោគ​ទុន​របស់​ថៃ​នៅ​កម្ពុជា ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា មិន​ត្រូវ​ពន្យារ​ពេល​កិច្ចចរចា​ជម្លោះ​ព្រំដែន ដោយសារ​ការ​សន្យា​របស់​ថៃ ក្នុង​ការ​វិនិយោគ​ទុន​នៅ​កម្ពុជា​នោះ​ទេ។ លោក​បន្ថែម​ថា កន្លង​មក​កម្ពុជា​បាន​ជួប​ប្រទះ​នឹង​ឱនភាព​ផ្នែក​ពាណិជ្ជកម្ម ដោយសារ​តែ​ថៃ នាំ​ទំនិញ​ចូល​​មក​កម្ពុជា ច្រើន​ជាង​កម្ពុជា នាំ​ទៅ​ថៃ។

លោក កឹម ស៊ីថន បាន​បដិសេធ​ថា ឱនភាព​ផ្នែក​ពាណិជ្ជកម្ម​វាង​ថៃ និង​កម្ពុជា វា​មិន​ប៉ះ​ពាល់​កម្ពុជា​នោះ​ទេ ពីព្រោះ​ប្រជាពលរដ្ឋ​កម្ពុជា មាន​ចំនួន​តិច​ជាង​ថៃ៕