មន្ត្រីទំនាក់ទំនងព្រំដែនខ្មែរ ប្រចាំតំបន់ប្រាសាទព្រះវិហារ បានឲ្យដឹងថា អាជ្ញាធរស្រុកខាន់ថារៈឡាក់ ខេត្តស៊ីសាកេតរបស់ថៃ បានសន្យាថានឹងដោះលែងបុរសខ្មែរម្នាក់ដែលប៉ូលិសថៃ បានចាប់ខ្លួនកាលពី២ថ្ងៃមុន ឲ្យវិលត្រឡប់មកស្រុកខ្មែរវិញ នៅរសៀលថ្ងៃអាទិត្យ ទី១ ខែសីហានេះ។
លោកវរសេនីយ៍ ផាត សុផេន មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំតំបន់ប្រាសាទព្រះវិហារ បានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យថា មន្ត្រីទំនាក់ទំនងព្រំដែនថៃ បានសន្យាថានឹងដោះលែងបុរសអ្នកភូមិខ្មែរម្នាក់ ដែលតម្រួតថៃបានចាប់ខ្លួន ឲ្យវិលមកស្រុកខ្មែរវិញនារសៀលថ្ងៃអាទិត្យ ៖ «គេនឹងឲ្យមកវិញថ្ងៃនេះឯង ប្រហែលជាម៉ោង២។ ទាក់ទងសុំគេហើយ គេថាម៉ោង២ដល់អានសេះ ព្រោះច្រកហ្នឹងច្រកគេចេញចូល»។
អាជ្ញាធរខេត្តព្រះវិហារ បានឲ្យដឹងថា គេបានដាក់លិខិតស្នើសុំទៅអាជ្ញាធរថៃ ដើម្បីឲ្យដោះលែងប្រជាពលរដ្ឋខ្មែរម្នាក់នោះ។
លោក ស ថាវី អភិបាលរងខេត្តព្រះវិហារ ប្រចាំទិសជាំខ្សាន្តបានមានប្រសាសន៍ថា លោកបានសរសេរលិខិតកាលពីថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ហើយបានបញ្ជូនទៅអាជ្ញាធរថៃ កាលពីព្រឹកថ្ងៃអាទិត្យ ទី១ ខែសីហានេះ ៖ «ទំនាក់ទំនងជាមួយ សុវ័ធ ឆៃ មេទាហានឈុតខ្មៅ វាឲ្យធ្វើលិខិតទៅ ឥឡូវខ្ញុំបានធ្វើលិខិតតាមទំនាក់ទំនងព្រំដែនទៅហើយ។ ខ្ញុំធ្វើពីម្សិលប៉ុន្តែដល់យប់ហើយទើបយកទៅពីព្រឹកមិញ នៅជិតអានសេះ ឲ្យមកវិញ ឲ្យខ្ញុំធ្វើលិខិតទៅ»។
មន្ត្រីទំនាក់ទំនងព្រំដែនខ្មែរ បានឲ្យដឹងថា បុរសខ្មែរម្នាក់ឈ្មោះ ជា ថៃ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំខ្សាន្ត ត្រូវប៉ូលិសថៃនៃស្រុកខាន់ថារៈឡាក់ ខេត្តស៊ីសាកេត ចាប់ខ្លួននៅភាគខាងលិច នៃច្រកព្រំដែនអានសេះ ក្នុងស្រុកជាំខ្សាន្ត ខេត្តព្រះវិហារ។
អាជ្ញាធរខ្មែរឲ្យដឹងថា បុរសឈ្មោះ ជា ថៃ ត្រូវប៉ូលិសថៃចាប់ខ្លួនយកទៅកាលពីថ្ងៃទី២៩ ខែកក្កដា នៅពេលដែលគាត់និងគូកន បាននាំគ្នាដើររករបរចិញ្ចឹមជីវិត នៅក្នុងព្រៃតាមព្រំដែនខ្មែរ-ថៃ ហើយបានវង្វេងគ្នាបាត់ក្នុងព្រៃ ជ្រុលចូលទៅក្នុងទឹកដីថៃ៕
