ព្រះមហាក្សត្រីថៃ មហាចក្រី សិរិនដន (Maha Chakri Sirindhorn) បានសន្យាថា នឹងបន្តផ្ដល់ជំនួយជាថ្មីទៀត ដល់ប្រទេសកម្ពុជា ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់នៅតំបន់តាមព្រំដែនកម្ពុជា និងថៃ។
ការសន្យាផ្ដល់ជំនួយជាថ្មីទៀតនេះ ក៏ជាសញ្ញាថ្មីមួយពាក់ព័ន្ធនឹងការស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ក្រោយពីបានកាត់ផ្ដាច់មួយរយៈកន្លងមក ដោយសារជម្លោះព្រំដែន។ ភាគីថៃក៏បានសន្យាថា និងបន្តទទួលនិស្សិតអាហារូបករណ៍ពីប្រទេសកម្ពុជានៅថ្ងៃខាងមុខទៀត។
ការសន្យានេះ បានធ្វើឡើងនៅក្នុងជំនួបរវាងប្រតិភូថៃ ដឹកនាំដោយលោក វ៉ាភីរម្យម៉ាណាស់ រង្ស៊ី (Vapirum Manasransi) ជាប្រធានគម្រោងព្រះរាជអំណោយរបស់ព្រះមហាក្សត្រីថៃ មហាចក្រី សិរិនដន ជាមួយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឯវិមានសន្តិភាព នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១១។
ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក អៀង សុផលឡែត បានមានប្រសាសន៍ប្រាប់អ្នកកាសែត ក្រោយពីជំនួបនោះថា គម្រោងជំនួយរបស់ព្រះមហាក្សត្រីថៃ ដែលបានចុះហត្ថលេខាលើអនុសារណៈកន្លងមក និងបញ្ចប់នៅខែកញ្ញានេះ ៖ "ឯកឧត្ដម វ៉ាភីរម្យ ក៏បានគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រជំរុញឲ្យសិស្ស ឬក៏មន្ត្រីរដ្ឋាភិបាលកម្ពុជានៅខេត្តរតនគិរី និងមណ្ឌលគិរី បានបញ្ចូលទៅសិក្សានៅប្រទេសថៃ តាមរយៈអាហារូបករណ៍ ដែលប្រគល់ឲ្យដើម្បីធ្វើយ៉ាងណា មន្ត្រីទាំងនោះអាចវិលត្រឡប់មកជួយកម្ពុជាវិញ ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី ជាពិសេសលើគម្រោងជួយទប់ស្កាត់ និងព្យាបាលជំងឺគ្រុនចាញ់នេះតែម្ដង"។
លោក អៀង សុផលឡែត បានដកស្រង់ប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាលោកសុំឲ្យព្រះមហាក្សត្រីថៃ មហាចក្រី សិរិនដន បន្តពង្រីកវិសាលភាពនៃគម្រោងជំនួយនេះក្នុងរយៈពេល ៥ឆ្នាំទៀត ជាពិសេសជំនួយលើវិស័យអប់រំខេត្តកំពង់ធំ ដែលត្រូវបញ្ចប់នៅឆ្នាំ២០១៣។
លោកបណ្ឌិត សុខ ទូច ជាអ្នកវិភាគនយោបាយនៅកម្ពុជា បានមានប្រសាសន៍ថា ភាគីថៃកំពុងតែដោះស្រាយបញ្ហាផ្ទៃក្នុងផង និងស្ដារទំនាក់ទំនងជាមួយកម្ពុជាផង ៖ "គឺយើងមិនអាចបំភ្លេចនូវអត្តសញ្ញាណរបស់ជាតិយើង។ ជាទូទៅស្ដេចតែងតែជួយលើចំណុច៣ គឺអប់រំសុខាភិបាល និងសង្គម។ កាលណាគេទទួលបានការអប់រំមានន័យថាគេទទួលផ្នត់គំនិតមួយថ្មីចេសសម្រាប់គេ"។
ការសន្យាបន្តជំនួយរបស់ព្រះមហាក្សត្រីថៃ គឺមុនពេលដែលរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ូរ៉ា ពង្ស តូវីចា ឆាយគល់ (Surapong Tovichachaikul) មកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១១។
ស្របពេលគ្នានេះដែរ នាយករដ្ឋមន្ត្រីថៃថ្មី លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ក៏មានគម្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១ ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក យុត្ថាស័ក្ត សាស៊ីប្រាផា (Yuthasak Sasiprapha) នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១១ ដែរ៕