ថៃ​បន្ថែម​ទ័ព​និង​គ្រឿង​សព្វាវុធ​នៅ​ព្រំដែន

ពី​ខេត្ត​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា​កង​ទាហាន​ជួរ​មុខ​របស់​រដ្ឋាភិបាល​​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ដាក់​ពង្រាយ​ទ័ព និង​អាវុធ​តូច​ធំ​កំពុង​តែ​កើត​មាន​បន្ត។

0:00 / 0:00

កង​ទ័ព​រដ្ឋាភិបាល​ខ្មែរ​បាន​ថ្លែង​ថា ភាគី​ថៃ​នៅ​តែ​បន្ត​ដាក់​កង​ទ័ព និង​មាន​ការ​ដាក់​បន្ថែម​គ្រឿង​សព្វាវុធ​ការ​ពារ​នៅ​តាម​ខ្សែ​ក្រវាត់​ព្រំដែន ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ជាប់​ខេត្ត​បន្ទាយ​មាន​ជ័យ និង​ខេត្ត​បាត់ដំបង ប្រទេស​កម្ពុជា បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ កម្ពុជា-ថៃ មាន​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា ក្នុង​រឿង​ទំនាស់​ព្រំដែន​សារ​ជា​ថ្មី នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

កង​ការ​ពារ​ព្រំដែន​របស់​រដ្ឋាភិបាល​ខ្មែរ​ប្រចាំ​ការ​ជួរ​មុខ​ក្នុង​ភូមិ​សាស្ត្រ​ស្រុក​សំពៅ​លូន ខេត្ត​បាត់​ដំបង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១១ នេះ​ថា ប្រទេស​ថៃ​បាន​ដាក់​ពង្រាយ​កង​ទ័ព​ជា​ច្រើន​នាក់ និង​មាន​ដាក់​តាំង​កាំភ្លើង​តូច​ធំ​ផង នៅ​តាម​ខ្សែ​ត្រៀម​ជួរ ហើយ​បាន​ធ្វើ​ការ​បិទ​ច្រក​របៀង​នានា មិន​អនុញ្ញាត​ឲ្យ​មាន​អ្នក​ដំណើរ​ឆ្លង​កាត់​ដូច​សព្វ​ដង​ឡើយ ៖ «ឃើញ​វា​ស្ដារ​លេណដ្ឋាន​របស់​វា រៀបចំ​ដាក់​ត្រង់​សេ ដាក់​តាម​ប៉ុស្តិ៍ វា​នៅ​តាម​ហ្នឹង ដាក់​កាំភ្លើង​យន្ត ១២​ក្បៀស មួយ​ដើម ហើយ​និង​ដេកា​៨៥ មួយ​ដើម ដាក់​កាំភ្លើង​គាំទ្រ​វា ទាហាន​ថៃ​ដែល​នៅ​តំបន់​ចំណុច​តេ​វេ ៨២ ៨៥ ៨៦ អត់​មាន​ឃើញ​ចល័ត​ទៅ​ណា កម្លាំង​វា​ឃើញ​នៅ​មាន​ធម្មតា»

ក្រុម​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​ជា​អ្នក​ចេញ​ចូល​ទៅ​លក់​ដូរ​នៅ​ផ្សារ​ខៅ​ប៊ីន ក្នុង​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​ជា​រៀង​រាល់​ថ្ងៃ​នោះ បាន​សង្កេត​ឃើញ​ថា ភាគី​ទាហាន​ថៃ​បាន​ដាក់​តាំង​កាំភ្លើង​តូច​ធំ​នៅ​តាម​ចំណុច​យុទ្ធ​សាស្ត្រ​សំខាន់ៗ ហើយ​មាន​ការ​ជីក​លេណដ្ឋាន​ប្រយុទ្ធ​ថ្មី​ជា​ច្រើន​កន្លែង​ថែម​ទៀត ៖ «ខាង​ថៃ​គេ​ដាក់​ការ​ពារ​បា​រ៉ែត​របស់​គេ​នៅ​ផ្សារ​ខៅ​ប៊ីន កាំភ្លើង​ហ្នឹង​ចំណុច​នៅ​ផ្សារ​ហ្នឹង ជាប់​និង​ផ្សារ​ខៅ​ប៊ីន​ហ្នឹង វា​ជីក​អា​ចាស់ ឲ្យ​ដាក់​បាវ​ថ្មី​ច្រក​ដី​ចូល​ក្នុង​ការុង​ហ្នឹង​ថ្មី​ទាំង​អស់»

ទោះ​យ៉ាងណា​ក្រុម​នាយ​ទាហាន​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ខ្មែរ ប្រចាំ​យោធភូមិភាគ​៥ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​បែប​ណា​ឡើយ ជុំវិញ​ការ​ដាក់​ពង្រាយ​កង​ទ័ព និង​អាវុធ​តូច​ធំ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ថៃ ជាប់​ព្រំដែន​ខ្មែរ គ្រាន់​តែ​បញ្ជាក់​ថា កង​ទ័ព​រដ្ឋាភិបាល​ខ្មែរ​មាន​ស្មារតី​ប្រុង​ជើង​ការ​ខ្ពស់​ការ​ពារ​ទឹក​ដី​របស់​ខ្លួន។

លោក សួស សែន មេ​ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង​បាន​មាន​ប្រសាសន៍​ថា ការ​ដឹក​ទំនិញ​ចេញ​ចូល ដឹក​កសិផល​ខ្មែរ​ចូល​ទៅ​លក់​ក្នុង​ប្រទេស​ថៃ មាន​ជា​ធម្មតា ក៏​ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​ខ្មែរ ដែល​មាន​លំនៅឋាន និង​ជា​អ្នក​រស់​នៅ​តាម​តំបន់​ព្រំដែន មាន​ការ​ព្រួយ​បារម្ភ​ថា បន្ទាប់​ពី​បាន​ឃើញ​ភាគី​ថៃ​ដាក់​បន្ថែម​កង​ទ័ព និង​គ្រឿង​សព្វាវុធ​នៅ​តាម​តំបន់​ព្រំដែន ៖ «គេ​ដាក់​តាម​ច្រង​របៀង​ព្រំដែន យើង​ចូល​មិន​បាន​ទេ ឥឡូវ​ចូល​បាន​តាម​ច្រក​តំបន់ យើង​ចូល​បាន បើ​តាម​ច្រក​តូច​តាច យើង​ធ្លាប់​ចេញ​ចូល​លើក​មុន ចូល​លែង​បាន ព្រោះ​ទាហាន​ថៃ​គេ​ដាក់​រាយ​ខ្សែ​ត្រៀម​គេ អត់​ទាន់​មាន​អី​ទេ គ្រាន់​តែ​ការ​ចេញ​ចូល​យើង​ធ្វើ​ដំណើរ​ទៅ​ស្ដាប់​បញ្ជា​វា​បន្តិច យើង​ទៅ​វា​ថា​ឲ្យ​ដើរ​ឆ្វេង យើង​ដើរ​ឆ្វេង ព្រោះ​ស្រុក​វា​ជិះ​ឆ្វេង អារម្មណ៍​ចេះ​តែ​មាន​បន្តិច​បន្តួច ព្រោះ​ផ្ទះ​គាត់​នៅ​ជាប់​ព្រំដែន ចេះ​តែ​មាន»

ចំណែក​ឯ​កង​ការពារ​ព្រំដែន​រដ្ឋាភិបាល​ខ្មែរ​វិញ បាន​អះ​អាង​ថា ថ្វី​ត្បិត​ស្ថានភាព​ទូទៅ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-ថៃ ក្នុង​ខេត្ត​បាត់ដំបង និង​ខេត្ត​ស្រះ​កែវ​ថៃ មិន​ទាន់​មាន​កើត​ហេតុ​ការណ៍​អ្វី​ធំ​ដុំ​ក៏​ដោយ ក៏​ប៉ុន្តែ​កង​ទាហាន​ជួរ​មុខ​ការ​ពារ​ព្រំដែន​របស់​រដ្ឋាភិបាល​ខ្មែរ មាន​ស្មារតី​ខ្ពស់​ក្នុង​ការ​ការ​ពារ និង​បាន​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​ជា​ប្រចាំ ៖ «ខាង​ការ​ពារ​ព្រំដែន នេះ​យើង​ការ​ពារ​បាន​ស្រួល​បួល ធម្មតា គ្រាន់​តែ​ថា កម្លាំង​ដាក់​ការ​ពារ​នៅ​តាម​ព្រំដែន​ហ្នឹង អត់​មាន​ដក​កង​ទ័ព​ទៅ​ណា​ទេ នៅ​តាម​ដាន​ការ​ពារ​មើល​សភាព​ការ​ហ្នឹង»

នាយក​រដ្ឋ​មន្ត្រី​ថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៣១ ខែ​មករា ឆ្នាំ​២០១១ បាន​គំរាម​ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា ជា​ជម្រើស​ចុង​ក្រោយ​បង្អស់ ប្រសិន​បើ​កម្ពុជា-ថៃ មិន​មាន​លទ្ធភាព​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​រ៉ាំរ៉ៃ​ដោយ​សន្តិវិធី​បាន។

ចំណែក​ឯ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​ថា កម្ពុជា​រក្សា​សិទ្ធិ​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ដែន​ដី​របស់​ខ្លួន ក្នុង​ពេល​ដែល​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក អាភីស៊ិត វេតឆា​ឈីវ៉ាក់ (Abhisit Vejjajiva) បាន​គំរាម​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​កម្ពុជា។

វិវាទ​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់ ពី​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ ត្រូវ​បាន​អង្គការ​យូនីស្កូ​សម្រេច​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០០៨ រួច​មក៕