ថៃ​ជំទាស់​សំណើ​របស់​កម្ពុជា​ក្នុង​ការ​ដក​ទ័ព

នាយក​រដ្ឋ​មន្ត្រី​ចាំ​ផ្ទះ​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍​បាន​ជំទាស់​សំណើ​របស់​កម្ពុជា ថា​ឲ្យ​មាន​វត្តមាន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី​នៅ​ក្នុង​តំបន់​គ្មាន​វត្តមាន​កង​ទ័ព​មុន​នឹង​ដក​កង​ទ័ព​ចេញ។

កាសែត​ថៃ Bangkok Post បាន​ស្រង់​សំដី​លោក Abhisit Vejjajiva ថា កម្ពុជា​ត្រូវ​តែ​ដក​កង​ទ័ព​ខ្លួន​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជា​មុន​សិន ទើប​ថៃ​អនុញ្ញាត​ឲ្យ​មាន​អ្នក​សង្កេតការណ៍។

លោក​បន្ត​ថា ជំហរ​របស់​កម្ពុជា និង​ថៃ មាន​ភាព​ផ្ទុយ​គ្នា​ទាក់​ទង​ទៅ​នឹង​ការ​ដក​កង​ទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា ដែល​បាន​កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ ដូច្នោះ​ហើយ​ប្រទេស​ទាំង​ពីរ​ត្រូវ​មាន​កិច្ច​ចរចា​គ្នា​ជា​មុន។

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ពុធ បាន​ស្នើ​សុំ​ឲ្យ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​ត្រួត​ពិនិត្យ​តំបន់​ជម្លោះ​ព្រំដែន​ក្បែរ​ប្រាសាទ​ព្រះវិហារ​ជា​បន្ទាន់ មុន​ពេល​ដែល​កម្ពុជា​គោរព​សេចក្ដី​សម្រេច​ចិត្ត​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ។ លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ការ​បរទេស​បញ្ជាក់​ថា សម្រាប់​កម្ពុជា អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​ត្រូវ​មក​កាន់​តំបន់​ជម្លោះ​ជា​មុន​សិន ទើប​កម្ពុជា​ដក​កង​ទ័ព​ខ្លួន​ចេញ៕