ខ្មែរ​បណ្ដេញ​ថៃ​១​គ្រួសារ​ឲ្យ​ទៅ​ស្រុក​វិញ

ប្រជា​ពល​រដ្ឋ​ថៃ​មួយ​គ្រួសារ​ក្នុង​ខេត្ត​ស្រះ​កែវ បាន​នាំ​គ្នា​រំលោភ​បំពាន ដោយ​បាន​យក​ម៉ាស៊ីន​គោយន្ត​មក​ភ្ជួរ​លើ​ទឹក​ដី​របស់​ខ្មែរ។

0:00 / 0:00

ចូល​ទឹក​ដី​ខ្មែរ​ដាំ​ដំឡូងមី

អាជ្ញាធរ​ខ្មែរ​បាន​បណ្ដេញ​ប្រជា​ពលរដ្ឋ​ថៃ​មួយ​គ្រួសារ​ឲ្យ​វិល​ត្រឡប់​ចូល​ទៅ​ទឹក​ដី​របស់​ខ្លួន​វិញ បន្ទាប់​ពី​គ្រួសារ​ថៃ​នោះ បាន​ឈ្លាន​ពាន​ចូល​មក​លើ​ដី​ខ្មែរ កាប់​​ឆ្ការ​ព្រៃ​វាត​ទី​យក​ដី​ទំហំ​ជាង​២​ហិកតារ ភ្ជួរ​ដាំ​ដំឡូង​មី នៅ​ចំណុច​មួយ ជិត​ព្រំ​ដែន​ខ្មែរ-ថៃ ក្នុង​ភូមិ​ចំការគ ឃុំ​ស្វាយ​ចេក ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ។

អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុង អឿន បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១ ខែ​សីហា​ថា អាជ្ញាធរ​ខ្មែរ បាន​បណ្ដេញ​ឲ្យ​គ្រួសារ​ជន​ជាតិ​ថៃ​នោះ បញ្ឈប់​ការ​បំពារ​បំពាន​មក​លើ​ដី​ខ្មែរ​ទៀត បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា គ្រួសារ​ថៃ​នោះ នាំ​គ្នា​ចូល​មក​ដាំ​ដំឡូងមី​លើ​ទឹក​ដី​ខ្មែរ ៖ «ខ្ញុំ​បាន​បញ្ជា​ឲ្យ​គាត់​ផ្អាក ហើយ​គាត់​បាន​វិល​ត្រឡប់​ទៅ​វិញ អត់​មាន​ឲ្យ​មក​ប៉ះ​ពាល់​អី អា​រឿង​ដាំ​ដំ​ឡូង​ដាំ​អី​ហ្នឹង​ទេ គាត់​វិល​ទៅ​វិញ​អស់​ហើយ»

អាជ្ញាធរ​មូលដ្ឋាន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ថៃ​នោះ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១០ បាន​ឆ្លង​ដែន​ពី​ខេត្ត​ស្រះ​កែវ ថៃ នាំ​គ្នា​មក​កាប់​ឆ្ការ​ព្រៃ​ក្នុង​ទឹក​ដី​ខ្មែរ ស្ថិត​នៅ​ភូមិ​ចម្ការ ឃុំ​ស្វាយ​ចេក ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មានជ័យ ដោយ​ពួក​គេ​បាន​ប្រើ​ម៉ាស៊ីន​គោយន្ត​ភ្ជួរ​ដី​នោះ​ដាំ​ដំឡូងមី។

មេ​បញ្ជាការ​នៃ​វរសេនា​តូច​ការ​ពារ​ព្រំដែន​៩១១ បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ថា មាន​ជន​ជាតិ​ថៃ​ចូល​រំលោភ​បំពាន​យក​ដី​ខ្មែរ​ដាំ​ដំឡូងមី​រួច​មក កង​ការ​ពារ​ព្រំដែន​នៃ​វីរសេនា​តូច​៩១១ ជាង​១០​នាក់ បាន​ចុះ​ទៅ​ដល់​ទីតាំង​នោះ ហើយ​បាន​បញ្ជា​ឲ្យ​ដក​ដើម​ដំឡូង​ដែល​គ្រួសារ​ថៃ​ទើប​ដាំ​ថ្មីៗ​ចោល​ទាំង​អស់ ៖ «យើង​ប្រាប់​ទៅ​ខាង​គេ​ហើយ យើង​ដក​ចោល​បណ្ដោយ វា​កាប់​រាន្ត​ធ្វើ​ថ្មី បណ្ដោយ​ប្រហែល​ជាង​២​ហិកតារ​បន្តិច ដាំ​បាន​ពាក់​កណ្ដាល ទ័ព​វា​ប្រាប់ ប្រជា​ជន​វា​ចេះ​តែ​លួច​មក វា​ដឹង​ថា​វា​ធ្វើ​ខុស​វា​មិន​មាត់​អី​ទេ ធ្វើ​កិច្ច​សន្យា​ថា មិន​ឲ្យ​មក​ធ្វើ​ថែម​ទៀត​អី​អ៊ីចឹង កិច្ច​សន្យា​ធ្វើ​ខាង​គេ គេ​ថា​កុំ​ឲ្យ​ចូល​មក​ធ្វើ​លើ​ដី​ព្រំដែន អី​អ៊ីចឹង​ទៀត គេ​ពិបាក​ដែរ គេ​តាំង​ទ័ព គេ​និយាយ​អ៊ីចឹង ព្រោះ​បង្គោល​ព្រំដែន​លេខ​៤១ ជា​បង្គោល​ឯកភាព គណៈកម្មការ​ព្រំដែន​បាន​ត្រូវ​ពិនិត្យ​រួច​ហើយ​កន្លែង​ហ្នឹង»

យើង​ប្រាប់​ទៅ​ខាង​គេ​ហើយ យើង​ដក​ចោល​បណ្ដោយ វា​កាប់​រាន​ធ្វើ​ថ្មី បណ្ដោយ​ប្រហែល​ជាង​២​ហិកតារ​បន្តិច ដាំ​បាន​ពាក់​កណ្ដាល ទ័ព​វា​ប្រាប់ ប្រជា​ជន​វា​ចេះ​តែ​លួច​មក វា​ដឹង​ថា​វា​ធ្វើ​ខុស​វា​មិន​មាត់​អី​ទេ ។មេ​បញ្ជាការ​នៃ​វរសេនា​តូច​ការ​ពារ​ព្រំដែន​៩១១

ជា​ការ​យល់​ច្រឡំ?

អភិបាល​ស្រុក​ស្វាយ​ចេក លោក ឃូ ពៅ បាន​មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ថៃ ដែល​បាន​ចូល​មក​យក​ដី​ខ្មែរ​ដាំ​ដំឡូង​ម៉ី​ខាង​លើ បាន​ឆ្លើយ​នៅ​ពេល​អាជ្ញាធរ​ខ្មែរ​ធ្វើ​ការ​សាក​សួរ​ថា ពួក​គេ​មាន​ការ​យល់​ច្រឡំ​ទើប​បាន​ជា​នាំ​គ្នា​កាប់​រុក​រាន្ត​ទន្ទ្រាន​ចូល​ដល់​ដី​ខ្មែរ​ដូច្នេះ ៖ «គាត់​ជា​ប្រជា​ពលរដ្ឋ​សាមញ្ញ គាត់​អត់​បាន​និយាយ​អី​ទេ គាត់​ទៅ​វិញ​ទៅ គាត់​ថា គាត់​យល់​ច្រឡំ អត់​មាន​ការ​ប្រឈម​អី​ទាំង​អស់​មួយ​គ្រួសារ​គាត់ គាត់​មាន​កូន​ចៅ​គាត់ ដាំ​បាន​ដី​បន្តិច គាត់​ភ្ជួរ​នឹង​គោយន្ត»

នៅ​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ស្រុក​ដដែល មាន​ព្រំដែន​ជាប់​ខេត្ត​ស្រះ​កែវ ថៃ មាន​ស្រុក​ម៉ាឡៃ ស្រុក​អូរជ្រៅ ក្រុង​ប៉ោយ​ប៉ែត ស្រុក​ថ្មពួក និង​ស្រុក​ស្វាយ​ចេក ដែល​មាន​សរុប​ប្រវែង ១៨០.៦៣០​ម៉ែត្រ។ ក្នុង​រយៈ​ពេល​ជា​បន្ត​បន្ទាប់​មក​នេះ តែង​តែ​លេច​ឮ​ថា ប្រជា​ពលរដ្ឋ​ថៃ​ធ្វើ​ការ​រំលោភ​បំពាន ចូល​មក​ដណ្ដើម​ដី​ខ្មែរ​ថា​ជា​ដី​របស់​ខ្លួន និង​ការ​យក​សត្វ​គោ​មក​ឲ្យ​ស៊ី​ស្មៅ​លើ​ដី​ខ្មែរ​ជា​ដើម។

គ្មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់

កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​នេះ ប្រជា​ពលរដ្ឋ​ថៃ​ជា​ច្រើន​នាក់ រស់​នៅ​តាម​តំបន់​ព្រំដែន ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ក៏​ធ្លាប់​បាន​លើក​គ្នា​មក​ឈ្លាន​ពាន​ដណ្ដើម​យក​ដី​ខ្មែរ ជា​ច្រើន​ហិកតារ នៅ​តំបន់​ព្រំដែន​ជិត​ច្រក​បឹង​ត្រកួន ក្នុង​ស្រុក​ថ្ម​ពួក ខេត្ត​បន្ទាយ​មាន​ជ័យ ប៉ុន្តែ​ជន​ជាតិ​ថៃ​ទាំង​នោះ​មិន​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ធ្វើ​ការ​ចាប់​ខ្លួន​ទេ គឺ​គ្រាន់​តែ​បាន​ធ្វើ​ការ​បណ្ដេញ​ឲ្យ​ដក​ថយ​ចេញ​ទៅ​ក្នុង​ទឹក​ដី​របស់​ពួក​គេ​វិញ​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ឈ្លាន​ពាន​របស់​ពលរដ្ឋ​ថៃ មក​លើ​បូរណភាព​កម្ពុជា​នា​រយៈ​ពេល​ជា​បន្ត​បន្ទាប់ នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ​ថៃ ក្នុង​ខេត្ត​បន្ទាយ​មានជ័យ​នេះ ខាង​ភាគី​រដ្ឋាភិបាល​ខ្មែរ គេ​សង្កេត​ឃើញ​ថា មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​ឡើយ ដើម្បី​ចោទ​ប្រកាន់ ឬ​នាំ​ខ្លួន​ពលរដ្ឋ​ថៃ​ឈ្លាន​ពាន​ទាំង​នោះ ទៅ​ដាក់​ទោស​ទណ្ឌ​ទេ ខណៈ​ពលរដ្ឋ​រាប់​ពាន់​នាក់ ដែល​គ្រាន់​តែ​មាន​កំហុស​ឆ្លង​ដែន​ខុស​ច្បាប់ ចូល​ទឹក​ដី​ថៃ ត្រូវ​បាន​អាជ្ញាធរ​ថៃ​បាញ់​សម្លាប់ វាយដំ​ធ្វើ​ទារុណកម្ម​ដូច​សត្វ​ធាតុ និង​ការ​ចាប់​ដាក់​ខ្នោះ ច្រវាក់ បញ្ជូន​ដាក់​ពន្ធនាគារ​រង់ចាំ​តុលាការ​ថៃ​កាត់​ទោស​ទើប​ដោះ​លែង​បាន៕