សាស្ត្រាចារ្យ​ថៃ៖ ខ្មែរ​មាន​ប្រៀប​ក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ

សាស្ត្រាចារ្យ​ថៃ មួយ​រូប​អះអាង​ថា ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ នឹង​អាច​អូស​បន្លាយ​រហូត​ដល់​មួយ​ទសវត្សរ៍​ទៅ​មុខ​ទៀត ដោយសារ​តែ​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​របស់​ថៃ។

អ្នក​វិភាគ​នយោបាយ​ថៃ បាន​ព្រមាន​ថា ជម្លោះ​នយោបាយ​ផ្ទៃ​ក្នុង​ថៃ និង​ការ​គាំទ្រ​ក្រុម​អាវ​ក្រហម​ថៃ របស់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នឹង​បណ្ដាល​ឲ្យ​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ អូស​បន្លាយ​ទៅ​ថ្ងៃ​អនាគត​ខាង​មុខ ដោយ​គ្មាន​ពេល​កំណត់។

លោក ធិតធីណាន់ ផុងស៊ុតឌីរ៉ាក់ (Thitinan Pongsudhirak) សាស្ត្រាចារ្យ​ថៃ​ផ្នែក​នយោបាយ​សេដ្ឋកិច្ច​អន្តរជាតិ នៃ​សកល​វិទ្យាល័យ​ជូឡាឡុងកន (Chulalongkorn University) កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ មីនា ក្នុង​វេទិកា​ពិភាក្សា​របស់​វិទ្យាស្ថាន East West Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក បាន​ប្រាប់​អ្នក​ចូល​រួម​ប្រមាណ ៣០​នាក់​ថា ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ អាច​បញ្ចប់​បាន ឬ​ក៏​មិន​បាន វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​នយោបាយ​នៅ​ទីក្រុង​បាងកក។ ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ កើត​ឡើង​ដោយសារ​តែ​វិបត្តិ​នយោបាយ​របស់​ថៃ ដោយ​អ្នក​នយោបាយ​ថៃ បាន​ប្រើ​ប្រាស់​ប្រាសាទ​ព្រះវិហារ​សម្រាប់​ការ​គាំទ្រ​ផ្នែក​នយោបាយ​ខ្លួន។

លោក​បន្ត​ថា ប្រទេស​ថៃ គ្រោង​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ជា​សកល​នៅ​ក្រោយ​ខែ​កញ្ញា ឆ្នាំ​២០១១ ខាង​មុខ​នេះ ហើយ​ប្រសិន​បើ​គណបក្ស​គាំទ្រ​អតីត​នាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) ឈ្នះ​ឆ្នោត ស្ថានភាព​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ប្រហែល​ជា​អាច​វិល​ទៅ​រក​ភាព​ធម្មតា​វិញ​បាន។ ប៉ុន្តែ​វិបត្តិ​នយោបាយ​ថៃ នៅ​តែ​មិន​អាច​បញ្ចប់​បាន ដោយសារ​តែ​មន្ត្រី​ជាន់​ខ្ពស់​យោធា​ថៃ នឹង​មិន​ពេញ​ចិត្ត​លទ្ធផល​បោះឆ្នោត ដែល​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​លោក ថាក់ស៊ីន មាន​អំណាច​ទេ ដូច្នោះ​នឹង​មាន​បាតុកម្ម​ជា​បន្ត​ទៀត។

ការ​វិភាគ​របស់​លោក ធិតធីណាន់ ផុងស៊ុតឌីរ៉ាក់ ធ្វើ​ឡើង​ចំ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ជួប​ប្រទះ​ភាព​ទាល់ច្រក ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​បញ្ជាប់​បញ្ហា​ព្រំដែន។ ភាព​ផ្ទុយ​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ថៃ គឺ​កម្ពុជា​ទាមទារ​ឲ្យ​មាន​ភាគី​ទី​បី ជា​លក្ខណៈ​តំបន់ ឬ​ក៏​អន្តរជាតិ ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុង​ការ​ចរចា​បញ្ហា​ព្រំដែន ដោយសារ​តែ​ការ​ចរចា​ជា​ទ្វេ​ភាគី​កន្លង​មក​បាន​បរាជ័យ​តាំង​ពី​ឆ្នាំ​២០០៨ មក​ម្ល៉េះ។

អ្នក​វិភាគ​នយោបាយ​ថៃ បន្ត​ទៀត​ថា កម្ពុជា​ពិត​ជា​មាន​ប្រៀប​ទៅ​លើ​រដ្ឋាភិបាល​ថៃ ក្នុង​ការ​ទាមទារ​លើ​ផ្ទៃ​ដី​ទំនាស់​ក្បែរ​ប្រាសាទ​ព្រះវិហារ ដោយសារ​តែ​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​សម្រេច​ឲ្យ​កម្ពុជា ជា​ប្រទេស​ម្ចាស់​ប្រាសាទ​ព្រះវិហារ។ ដូច្នោះ​ប្រសិន​បើ​ប្រាសាទ​ព្រះវិហារ​ជា​របស់​ខ្មែរ តំបន់​ជាប់​ប្រាសាទ​ព្រះវិហារ ក៏​ជា​របស់​ខ្មែរ​ផង​ដែរ។ ចំណុច​ផ្សេង​ទៀត​ដែល​កម្ពុជា មាន​ប្រៀប​ជាង គឺ​ថៃ​កំពុង​ជួប​វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុង​ខ្លួន ចំណែក​ឯ​សហគមន៍​អន្តរជាតិ​នឹង​អាណិត​កម្ពុជា ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​តូច​ជាង​ប្រទេស​ថៃ។

លោក ធិតធីណាន់ ផុងស៊ុតឌីរ៉ាក់ ថ្លែង​ដូច្នេះ​ថា ៖ "ប្រសិន​បើ​កម្ពុជា ដាក់​បញ្ហា​ប្រាសាទ​ព្រះវិហារ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ជា​ថ្មី​ម្ដង​ទៀត កម្ពុជា​នឹង​មាន​ប្រៀប​ផ្នែក​ច្បាប់។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ថៃ​នឹង​មិន​ចូល​រួម​តុលាការ​យុត្តិធម៌​អន្តរជាតិ ពួក​គេ​​នឹង​មិន​ទទួល​យក​ករណី​នេះ​ទេ។ ប្រសិន​បើ​អ្នក​ពិនិត្យ​មើល​សាលក្រម​តុលាការ​ឆ្នាំ​១៩៦២ តំបន់​ក្បែរ​ប្រាសាទ​គឺ​ជា​ផ្នែក​របស់​ប្រាសាទ ពី​ព្រោះ​ប្រសិន​បើ​អ្នក​ត្រូវ​បាន​ផ្ដល់​ជា​ម្ចាស់​ប្រាសាទ ហើយ​ផ្លូវ​ប្រាសាទ​មិន​មែន​ជា​របស់​អ្នក​នោះ អ្នក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ប្រាសាទ​បាន​ទេ។ ដូច្នោះ​នៅ​ពេល​តុលាការ​ថា បរិវេណ​របស់​ប្រាសាទ មាន​ន័យ​ថា បរិវេណ​ប្រាសាទ​គឺ​តំបន់​ក្បែរ​ប្រាសាទ"

រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ក្រុម​ការងារ​រៀបចំ​ពាក្យ​បណ្ដឹង​បញ្ហា​ប្រាសាទ​ព្រះវិហារ ទៅ​កាន់​​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ស្វែង​រក​ការ​បក​ស្រាយ​សាលក្រម​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ ទាក់ទង​នឹង​កម្មសិទ្ធិ​ប្រាសាទ​ព្រះវិហារ និង​តំបន់​ក្បែរ​ប្រាសាទ។

សេចក្ដី​សម្រេច​របស់​លោក ហ៊ុន សែន ចេញ​កាល​ពី​ថ្ងៃ​ទី​៣ មីនា ហើយ​បាន​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អង្គារ ទី​១៥ មីនា បាន​ចាត់​តាំង​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​មន្រ្តី​មួយ​ចំនួន​ទៀត រៀបចំ​ពាក្យ​បណ្ដឹង និង​ឯកសារ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​បក​ស្រាយ​សាលក្រម​ខ្លួន ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២។

លោក ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា ក្រុម​ការងារ​ត្រូវ​បន្ត​ទំនាក់​ទំនង​ការងារ​ជាមួយ​តុលាការ​យុត្តិធម៌​អន្តរជាតិ រហូត​ដល់​ទទួល​បាន​លទ្ធផល​បញ្ចប់​នៃ​ការ​បក​ស្រាយ​សាលក្រម​ខាង​លើ។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ មីនា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ការ​បក​ស្រាយ​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ជា​ការ​ចាំបាច់ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ព្រំដែន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​ផ្សាយ​នៅ​លើ​គេហទំព័រ​តុលាការ​បាន​បញ្ជាក់​ថា សេចក្ដី​សម្រេច​តុលាការ​ដែល​មាន​ការ​គាំទ្រ​ភាគ​ច្រើន កាល​ពី​ថ្ងៃ​ទី១៥ មិថុនា ឆ្នាំ​១៩៦២ បាន​រក​ឃើញ​ថា ប្រាសាទ​ព្រះវិហារ​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹក​ដី​កម្ពុជា។ សេចក្ដី​សម្រេច​បាន​បញ្ជា​ឲ្យ​ថៃ​ដក​កង​ទ័ព ឬ​ក៏​ប៉ូលិស​ខ្លួន​ចេញ​ពី​ប្រាសាទ និង​តំបន់​ជុំវិញ​បរិវេណ​ប្រាសាទ​ព្រះវិហារ។

សាលក្រម​តុលាការ​ក៏​បាន​បញ្ជា​ឲ្យ​ថៃ មាន​តួនាទី​ប្រគល់​ចម្លាក់​បុរាណ និង​បំណែក​ប្រាសាទ​ទាំង​ឡាយ​ណា ដែល​បាន​ផ្លាស់​ប្ដូរ​ទី​កន្លែង​ដោយ​អាជ្ញាធរ​ថៃ ចាប់​ពី​ការ​គ្រប់គ្រង​ប្រាសាទ​ព្រះ​វិហារ​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៤។

លោក ធិតធីណាន់ ផុងស៊ុតឌីរ៉ាក់ បន្ត​ទៀត​ថា ប្រសិន​បើ​ប្រធាន​អាស៊ាន​អាច​ជួយ​សម្រប​សម្រួល​វិបត្តិ​ព្រំដែន​កម្ពុជា និង​ថៃ​បាន អាស៊ាន​នឹង​អាច​បង្ហាញ​ពិភពលោក​ថា អាស៊ាន​ពិត​ឈាន​ឆ្ពោះ​ទៅ​កាន់​ដំណាក់កាល​ថ្មី ដែល​ខ្លួន​ជា​អ្នក​ផ្សះផ្សា​ជម្លោះ​សមាជិក​ខ្លួន​បាន។

កាសែត​ឥណ្ឌូណេស៊ី ឌឹ ហ្សាការតា ប៉ុស្តិ៍ (The Jakarta Post) កាល​ពី​ថ្ងៃ​អង្គារ ទី​២៩ បាន​ដក​ស្រង់​សម្ដី​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី និង​ជា​ប្រធាន​អាស៊ាន លោក ម៉ាទី ណាតាឡេហ្ដាវ៉ា (Marty Natalegawa) ថា ឥណ្ឌូណេស៊ី​នៅ​មិន​ទាន់​ទទួល​បាន​ការ​ជូន​ដំណឹង​ពី​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ដើម្បី​ផ្លាស់​ប្ដូរ​កិច្ច​ប្រជុំ​ព្រំដែន​នៅ​ថ្ងៃ​ទី​៧ និង ៨ មេសា នៅ​ឥណ្ឌូណេស៊ី នៅ​ឡើយ​ទេ។ លោក ម៉ាទី បន្ត​ថា ឥណ្ឌូណេស៊ី​នឹង​ដើរ​តួ​ល្អ​ក្នុង​ការ​សម្រុះ​សម្រួល​ជម្លោះ​ព្រំដែន​បន្ត​ទៅ​ទៀត។

អ្នក​នាំ​ពាក្យ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន កាល​ពី​ថ្ងៃ​អង្គារ ទី​២៩ មីនា មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កម្ពុជា​នៅ​តែ​បន្ត​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ព្រំដែន​តាម​យន្តការ​អាស៊ាន​ជា​បន្ត​ទៅ​ទៀត ហើយ​ប្រសិន​បើ​អាស៊ាន​មិន​អាច​ស្វែង​រក​ដំណោះ​ស្រាយ​បាន កម្ពុជា​នឹង​វិល​ទៅ​រក​អង្គការ​សហ​ប្រជាជាតិ​ជា​ថ្មី​ម្ដង​ទៀត៕