ក្រុម​អាវ​ក្រហម​ថៃ​ហៅ​លោក ថាក់ស៊ីន ឲ្យ​ចូល​ស្រុក​វិញ

ក្រុម​អាវ​ក្រហម​ថៃ ប្រមាណ​ជាង ៣​ម៉ឺន​នាក់ ដែល​ជា​អ្នក​មាន​ភក្ដី​ភាព​ចំពោះ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បាន​ស្រែក​ហៅ​ឈ្មោះ​របស់​លោក​ឱ្យ​​វិល​ត្រឡប់​ចូល​ប្រទេស​កំណើត​វិញ។

0:00 / 0:00

លោក ថាក់ស៊ីន ត្រូវ​បាន​កង​យោធា​ថៃ ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​រូប​លោក​ពី​តំណែង​កាល​ពី​ឆ្នាំ​២០០៦ និង​បន្ទាប់​មក​ត្រូវ​បាន​តុលាការ​ថៃ កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ ពី​បទ​ពុករលួយ។

ការ​ស្រែក​ដង្ហោយ​ហៅ​លោក ថាក់ស៊ីន ឱ្យ​វិល​ត្រឡប់​វិល​ចូល​ប្រទេស​ថៃ វិញ​នោះ គឺ​បន្ទាប់​ពី​ពួកគេ​​បាន​ជួប​មុខ​លោក ថាក់ស៊ីន ចំនួន ២​ថ្ងៃ ហើយ​ជា​ពេល​ចុង​ក្រោយ​ដែល​ត្រូវ​​បែក​គ្នា​​ទៅ​វិញ​នោះ។

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ លោក​ ថាក់ស៊ីន ស៊ីណាវ៉ាត់ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មេសា បាន​​​ចំណាយ​ពេល​វេលា​ចុង​ក្រោយ​របស់​លោក សម្រាប់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ដោយ​ធ្វើ​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ​នៃ​ព្រះពុទ្ធ​សាសនា​ចំនួន ២៦៥​អង្គ និង​បាន​ប្រើ​ទឹក​បាញ់​ស្រោច​ស្រព​ទៅ​លើ​ជនជាតិ​ថៃ រាប់​ម៉ឺន​នាក់​​ ដែល​​​ខំ​ស្កាត់​មក​ជួប​រូប​លោក ដើម្បី​ជា​និមិត្តរូប​ជូន​ពរសព្ទសាធុការ​ដល់​ពួកគេ​គ្រប់ៗ​គ្នា​ឱ្យ​មាន​សេចក្ដី​សុខ នៅ​ឯ​ទី​លាន​​មុខ​ប្រាសាទ​​​អង្គរវត្ត នៃ​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា។

លោក ស៊ូ ភិរិន្ទ ជា​អភិបាល​ខេត្ត​សៀមរាប។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៥ ខែ​មេសា ថា លោក ថាក់ស៊ីន បាន​ធ្វើ​ពិធី​រាប់​បាត្រ​ព្រះសង្ឃ​ចំនួន ២៦៥​អង្គ ដើម្បី​តំណាង​ឱ្យ​សមាជិក​សភា​របស់​លោក កំពុង​មាន​អាសនៈ​ចំនួន ២៦៥​ដែរ ឱ្យ​បាន​សេចក្ដី​សុខ និង​សុភមង្គល ហើយ​លោក​ក៏​បាន​បន់ស្រន់​បារមី​អង្គរវត្ត សុំ​ឱ្យ​ជួយ​ថែរក្សា​រូប​លោក​ឱ្យ​មាន​សេចក្ដី​សុខ​ដែរ។

លោក ស៊ូ ភិរិន្ទ បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ធ្វើ​ពិធី​រាប់បាត្រ​នៅ​មុខ​អង្គរវត្ត​រួច​រាល់ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ នោះ គឺ​ជា​ពេល​ដែល​លោក ថាក់ស៊ីន និង​អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​លោក​រាប់​ម៉ឺន​នាក់​ បាន​បែក​គ្នា​រៀងៗ​ខ្លួន​វិញ៖ «រាប់បាត្រ​ហើយ ឯកឧត្ដម ថាក់ស៊ីន លោក​នឹង​ជូន​ពរជ័យ​ដល់​ប្រជាពលរដ្ឋ និង​គាត់​ទៅ​វិញ​ទៅ​មក​ហ្នឹង គឺ​ប្រជាពលរដ្ឋ​ហ្នឹង​ចេះ​តែ​វិល​ត្រឡប់​ទៅ​វិញ​ជា​បណ្ដើរ​ៗ ទៅ​តាម​ច្រក​ជាំ ទៅ​តាម​ប៉ោយប៉ែត ទៅ​តាម​ប៉ៃលិន​មួយ​ចំនួន​ទៀត​ ហើយ​និង​អូរស្មាច់​ច្រើន​ជាង​គេ គឺ​គាត់​ចេញ​ទៅ​ហើយ។ យើង​កាន់​សាសនា​ដូច​គ្នា យើង​មាន​ទំនៀមទម្លាប់​ដូច​គ្នា ដូច្នេះ​ការ​ទំនាក់ទំនង​ឱ្យ​ឃើញ​ក្នុង​ផ្លូវ​ចិត្ត​ថា យើង​ទំនាក់ទំនង​គ្នា​ល្អ​យូរ​អង្វែង យើង​អត់​ចង់​មាន​សង្គ្រាម​ទេ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​រៀងៗ​ខ្លួន»

ចំណែក​ក្រុម​អ្នក​ស្មោះស្ម័គ្រ​ជាមួយ​លោក ថាក់ស៊ីន ប្រមាណ​ជាង ៣​ម៉ឺន​នាក់ បាន​ស្រែក​ហៅ​ឈ្មោះ​លោក​ឱ្យ​វិល​ត្រឡប់​ចូល​ប្រទេស​ថៃ វិញ នៅ​មុន​ពេល​ដែល​ពួកគេ​រៀប​នឹង​បែក​ពី​លោក ថាក់ស៊ីន ហើយ​ចាក​ចេញ​ពី​ខេត្ត​សៀមរាប វិល​ទៅ​ស្រុក​ថៃ រៀងៗ​ខ្លួន​វិញ​នោះ។

កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មេសា លោក ថាក់ស៊ីន បាន​ចំណាយ​ពេល​វេលា​ជិត ៣០​នាទី ថ្លែង​ផ្ទាល់​មាត់​ទៅ​កាន់​អ្នក​ស្មោះ​ត្រង់​ជាមួយ​រូប​លោក ព្រមទាំង​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ទៀត​ច្រៀង និង​រាំ​កម្សាន្ត​ជាមួយ​ពួកគេ​ ដើម្បី​អបអរ​ឆ្នាំ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ថាក់ស៊ីន បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល ៦​ឆ្នាំ ដែល​លោក​បាន​ធ្វើ​ការ​បំរើ​រដ្ឋាភិបាល គឺ​លោក​បាន​លះបង់​អ្វីៗ​គ្រប់​យ៉ាង​ឱ្យ​ទៅ​ប្រជាពលរដ្ឋ​ថៃ ទាំង​អស់​គ្នា ដោយសារ​តែ​លោក​ស្រឡាញ់ និង​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ថៃ គ្រប់​រូប មាន​សេចក្ដី​សុខ។

លោក ថាក់ស៊ីន បាន​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​ចង់​យំ​នៅ​ពេល​ដែល​លោក​បាន​ជួប​ជាមួយ​អ្នក​គាំទ្រ​រូប​លោក​ជា​ច្រើន។ លោក​បាន​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល ៦​ឆ្នាំ​មក​នេះ លោក​បាន​ដើរ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​ពិភព​លោក​ លើក​លែង​តែ​ប្រទេស​កំណើត​របស់​លោក ដែល​លោក​មិន​ចូល​បាន៖ «បង​ប្អូន​ជា​ទី​ស្រឡាញ់! សព្វថ្ងៃ​នេះ​មិន​ថា ខ្ញុំ​ដើរ​ទៅ​ដល់​ទីណា និង​ឃើញ​អ្វី​នោះ​ទេ គឺ​ខ្ញុំ​តែង​តែ​ចំណាយ​ពេល​គិតគូរ ដើម្បី​ផល​ប្រយោជន៍​ប្រជាជន​ថៃ​គ្រប់​គ្នា​ឱ្យ​បាន​រស់​នៅ​ដោយ​សេចក្ដី​សុខ។ បង​ប្អូន​ជា​ទី​គោរព! ចាប់​តាំង​ពី​រូប​ខ្ញុំ​ត្រូវ​បាន​គេ​ធ្វើ​រដ្ឋ​ប្រហារ​មក​ ថ្វីត្បិតតែ​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នក​គ្រប់គ្នា ក៏​ប៉ុន្តែ​ខ្ញុំ​តែង​គិត​ដល់​អ្នក​គ្រប់គ្នា​ជានិច្ច ហើយ​បងប្អូន​តែង​ជួយ​លើក​ទឹក​ចិត្ត​ដល់​ខ្ញុំ។ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ទម្លាក់​រូប​ខ្ញុំ គឺ​បង​ប្អូន​បាន​ខំ​ប្រឹង​តស៊ូ និង​លះបង់​យ៉ាង​ខ្លាំង​ក្លា​ ដើម្បី​យក​ឈ្នះ​លើ​ពួក​ផ្ដាច់​ការ​ដែល​រហូត​មក​ដល់​ថ្ងៃ​សៅរ៍ នេះ មាន​រយៈពេល ៦​ឆ្នាំ​ហើយ»

អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​រាយ​បណ្ដាក់​កម្លាំង​សន្តិសុខ​ប្រមាណ ៦​ពាន់​នាក់ រួម​និង​កម្លាំង​សន្តិសុខ​មក​ពី​ក្រុម​អាវ​ក្រហម​របស់​ថៃ​ផង គឺ​ចំនួន​ប្រហែល ៧​ពាន់ ត្រូវ​បាន​គេ​រាយ​បណ្ដាក់​ការពារ​សន្តិសុខ នៅ​ក្នុង​អំឡុង​ពេល​ដែល​ក្រុម​ថៃ អាវ​ក្រហម​ប្រមាណ​ជាង ៣​ម៉ឺន​នាក់​លើក​គ្នា​មក​ជួប​លោក ថាក់ស៊ីន ជាមួយ​នឹង​ការ​ចូលរួម​ពិធី​​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ផង រយៈពេល ៣​ថ្ងៃ​កន្លង​ទៅ​នេះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។