មន្ត្រីទំនាក់ទំនងព្រំដែនខ្មែរ-ថៃ បានអន្តរាគមន៍ជួយរំដោះកម្មករខ្មែរចំនួន ១៥នាក់ ដែលបានជាប់ឃុំក្នុងប្រទេសថៃអស់រយៈពេល ៤០ថ្ងៃមកហើយនោះ ឲ្យមានសេរីភាព អាចមករស់នៅក្នុងប្រទេសកម្ពុជាវិញ កាលពីល្ងាចថ្ងៃអង្គារ ទី៨ ខែមិថុនា បន្ទាប់ពីកម្មករទាំង ១៥នាក់នោះ បានឆ្លងដែនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទៅធ្វើការងារសំណង់ក្នុងប្រទេសថៃ។
លោកឧត្ដមសេនីយ៍ ឌី ភេន នាយការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ ដែលមានទីស្នាក់ការជិតច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានមានប្រសាសន៍នៅព្រឹក ថ្ងៃទី៩ ខែមិថុនានេះថា ការិយាល័យទំនាក់ទំនងព្រំដែនខ្មែរ-ថៃ ទទួលបានពាក្យបណ្ដឹងពីក្រុមគ្រួសារកម្មករខ្មែរទាំង ១៥នាក់នោះ កាលពីថ្ងៃទី៤ ខែមិថុនា ហើយបានបើកកិច្ចអន្តរាគមន៍ ជួយរំដោះចេញពីគុកប្រទេសថៃភ្លាមៗដែរ ៖ «ក្រោយមក គាត់បានមកប្ដឹងក្រុមការងារខ្ញុំ ហើយការិយាល័យទំនាក់ទំនងព្រំដែនខ្ញុំ ហើយខ្ញុំបានធ្វើលិខិតប្ដឹងមួយ ទៅការិយាល័យទំនាក់ទំនងព្រំដែនថៃ និងអគ្គកុងស៊ុលខ្មែរ ដើម្បីឲ្យគាត់ទៅធ្វើលិខិត និងយើងដាក់នៅថ្ងៃទី៤ ហើយរំដោះយកមកបាន កាលពីថ្ងៃទី៨ ពីម្សិល វេលាម៉ោង ៣ល្ងាចជាង គឺខ្ញុំបានយកមកដល់ការិយាល័យខ្ញុំ ទាំងមានសុវត្ថិភាព មិនមានអ្នកណាមួយមានបញ្ហាអ្វី ហើយសុខភាពអីនៅល្អទេ»។
លោក ឧត្ដមសេនីយ៍ ឌី ភេន បានបន្តថា ខ្មែរ១៥នាក់នេះ បានឆ្លងដែនស្របច្បាប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានកាតអន្តោប្រវេសន៍ ចេញដោយអាជ្ញាធរថៃ និងបានទិញសំបុត្រចូលទៅធ្វើការងារសំណង់អគារគយថៃ នៅជិតផ្សារលុងកឿ ប៉ុន្តែនៅពេលកំពុងធ្វើការ ក្រុមមន្ត្រីក្រសួងការងារថៃ បានចុះចាប់យកទៅដាក់គុកនៅខេត្តស្រះកែវ អស់រយៈពេល ៤០ថ្ងៃ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរីមិនអាចទំនាក់ទំនងភាគីអាជ្ញាធរថៃ ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញការចាប់ខ្លួនប្រជាពលរដ្ឋខ្មែរ ជាកម្មករសំណង់ទាំង ១៥នាក់ខាងលើនេះបានទេ។
កម្មករខ្មែរទាំង ១៥នាក់បច្ចុប្បន្ន មានទីលំនៅក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ខាន់ សុខា អាយុ ៣២ឆ្នាំ ក្នុងចំណោមកម្មករខ្មែរខាងលើនេះ បានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១០ វេលាម៉ោង១១ ព្រឹក ពួកគាត់ទាំង១៥នាក់ ត្រូវបានអាជ្ញាធរថៃ ចុះទៅចាប់ ខណៈដែលកំពុងធ្វើការងារសំណង់ នៅគ្រានោះ ពួកគាត់បានបង្ហាញប័ណ្ណអន្តោប្រវេសន៍ឆ្លងដែន និង សំបុត្រដែលបានទិញ ឆ្លងចូលដីថៃដែរ តែអាជ្ញាធរថៃ មិនបានទទួលស្គាល់ឡើយ ៖ «លិខិតមានទាំងអស់ មានទាំងពីសំបុត្រកាតអន្តោប្រវេសន៍ និងគេអត់មានថាម៉េចទេ គេថាចាប់ គេថាមានអ្នកប្ដឹង ប៉ុន្តែមិនដឹងអ្នកណាប្ដឹង»។
លោក ចាប់ សារ៉េន អាយុ ៥៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានថ្លែងថា ភាគីថៃគួរតែគោរពច្បាប់ មិនត្រូវបំពានច្បាប់ដូច្នេះទេ ៖ «វាពិបាកណាស់ ថៃវាមើលងាយមើលថោក ប្រជាជនខ្មែរយើងជាខ្លាំង យើងមានប័ណ្ណឆ្លងដែនសម្រាប់ចេញចូល ហើយព្រលឹមឡើងយើងទិញសំបុត្រ ១០បាត ហើយយើងចេញល្ងាចមកសម្រាកផ្ទះរបស់យើងវិញ»។
មន្ត្រីការិយាល័យទំនាក់ទំនងព្រំដែនខ្មែរ-ថៃ បានឲ្យដឹងថា អាជ្ញាធរខ្មែរបច្ចុប្បន្ន កំពុងអន្តរាគមន៍ ជួយរំដោះកម្មករខ្មែរ ២៩នាក់ផ្សេង ឲ្យរួចផុតពីកាជួញដូរកម្លាំងពលកម្មរបស់ក្រុមហ៊ុនថៃផលិតប្រហិតមួយ នៅស្រុកមហាឆៃ ខេត្តសាមុត សាខន ក្នុងប្រទេសថៃ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរទាំងនោះ ចាញ់ការឆបោកពពួកមេខ្យល់នៅស្រុកខ្មែរ នាំទៅធ្វើការនៅប្រទេសថៃ៕