សេចក្ដីសម្រេចចិត្តតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រទេសហុល្លង់ ឆ្នាំ១៩៦២ បានសម្រេចថា ប្រាសាទព្រះវិហារ និងតំបន់ក្បែរប្រាសាទព្រះវិហារ ឋិតក្នុងបូរណភាពទឹកដីខ្មែរ។ ៤៩ឆ្នាំក្រោយមក ជម្លោះព្រំដែនក្បែរតំបន់ប្រាសាទព្រះវិហារ បានផ្ទុះឡើងវិញ ហើយលើកនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ បានអះអាងថា ខ្លួននឹងមិនគោរពសេចក្ដីសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិទេ។
តុលាការយុត្តិធម៌អន្តរជាតិកំពុងពិនិត្យមើលសំណើកម្ពុជា ទាមទារឲ្យថៃ ដកកងទ័ពខ្លួនចេញពីប្រាសាទព្រះវិហារ ក្រោយពេលតុលាការបានបើកសវនាការចំនួនពីរថ្ងៃ កាលពីចុងខែឧសភា រួចមក។ ខណៈពេលដែលតុលាការកំពុងធ្វើសេចក្ដីសម្រេចចិត្តរបស់ខ្លួននោះ រដ្ឋមន្ត្រីការពារជាតិថៃ លោក ប្រាវីត វង់សូវ៉ាន់ (Prawit Wongsuwan) បានប្រកាសជាសាធារណៈថា ថៃនឹងមិនគោរពតាមការសម្រេចចិត្តរបស់តុលាការទេ ប្រសិនបើតុលាការបញ្ជាឲ្យថៃ ដកកងទ័ពខ្លួនចេញពីតំបន់ក្បែរប្រាសាទព្រះវិហារ។ រដ្ឋមន្ត្រីថៃបានអះអាងថា តុលាការគ្មានយុត្តាធិការលើករណីនេះ ប៉ុន្តែលោកមិនបានពន្យល់ពីមូលហេតុឲ្យបានច្បាស់លាស់នោះទេ។
ឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិថៃ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង នៅពុធ ទី៨ មិថុនា មានប្រសាសន៍ថា កម្ពុជាមិនបានចាប់អារម្មណ៍ទៅលើសេចក្ដីអត្ថាធិប្បាយរបស់មន្ត្រីថៃទេ កម្ពុជានឹងប្រគល់ភារកិច្ចឲ្យតុលាការធ្វើសេចក្ដីសម្រេចចិត្តរបស់ខ្លួន។
លោក កុយ គួង បន្តថា ៖ «តាមពិតការអះអាងរបស់ថៃ បានបង្ហាញឲ្យតុលាការឃើញច្បាស់ថា ថៃជាប្រទេសយ៉ាងដូចម្ដេចហើយ។ ដូច្នោះយើងគ្មានកង្វល់ទេ ពីព្រោះរឿងនេះទៅដល់ដៃតុលាការហើយ រឿងអ្វីយើងខ្វល់ទៀត»។
កម្ពុជាបានស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់តុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីកងទ័ពនៃប្រទេសទាំងពីរបានប៉ះទង្គិចគ្នាដោយអាវុធជាទ្រង់ទ្រាយធំលើកដំបូង កាលពីខែមេសា និង ឧសភា ដែលបានបណ្ដាលឲ្យទាហានទាំងសងខាងស្លាប់ចំនួន ១៨នាក់។
ក្នុងសវនាការតុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃទី៣១ ឧសភា រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង បានជម្រាបប្រាប់ក្រុមប្រឹក្សាចៅក្រមថា រដ្ឋាភិបាលខ្មែរស្នើឲ្យតុលាការបញ្ឈប់សកម្មភាពយោធាថៃ នៅក្នុងទឹកដីខ្មែរក្បែរប្រាសាទព្រះវិហារ។ ៖ «ទាក់ទងនឹងសំណើជាលក្ខណៈសរសេរ និងផ្ទាលមាត់ ដែលបានលើកឡើងដោយកម្ពុជា កម្ពុជាស្នើសុំឲ្យតុលាការសម្រេចបញ្ជាឲ្យកងទ័ពថៃ ដកកងកម្លាំងខ្លួនចេញពីទឹកដីកម្ពុជា ក្នុងតំបន់ប្រាសាទព្រះវិហារ។ តុលាការត្រូវហាមឃាត់រាល់សកម្មភាពយោធាថៃ ក្នុងតំបន់ប្រាសាទព្រះវិហារ ហើយជាចុងក្រោយ ហាមឃាត់ថៃ មិនឲ្យជ្រៀតជ្រែកសិទ្ធិកម្ពុជា លើប្រាសាទព្រះវិហារ និងបង្កជម្លោះព្រំដែនឲ្យធ្ងន់ធ្ងរ»។
សំណើកម្ពុជាត្រូវបានបដិសេធដោយថៃ។ តំណាងរដ្ឋាភិបាលថៃ ដឹកនាំដោយអគ្គរាជទូតថៃ ប្រចាំនៅប្រទេសហុល្លង់ បានស្នើសុំឲ្យតុលាការមិនពិនិត្យការស្នើសុំរបស់កម្ពុជា។ អគ្គរាជទូតថៃ លោក វីរ៉ាឆៃ ផ្លាសៃ (Virachai Plasai) បានធ្វើការសន្និដ្ឋានបញ្ចប់ថា ព្រះរាជាណាចក្រថៃ ស្នើឲ្យតុលាការដកសំណើកម្ពុជា ចេញពីបញ្ជីរបស់តុលាការ ៖ «យោងតាមមាត្រាទី៦០ នៃវិធានតុលាការទាក់ទងនឹងសំណើកម្ពុជា ព្រះរាជាណាចក្រថៃ ស្នើឲ្យតុលាការដកសំណើកម្ពុជា កាលពីថ្ងៃទី ២៨ មេសា ចេញពីបញ្ជីទូទៅតុលាការ»។
ការលើកឡើងរបស់តំណាងរដ្ឋាភិបាលថៃ ក្នុងសវនាការ មានលក្ខណៈស្របទៅនឹងអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការពារថៃ ប៉ុន្តែគម្រោងជំទាស់សេចក្ដីសម្រេចចិត្តរបស់តុលាការ ត្រូវបានអ្នកវិភាគថៃ ចាត់ទុកថា មិនសមហេតុផល និងជាការភ័ន្តច្រឡំ។
បទវិភាគរបស់កាសែតថៃ ឌឹ ណេហ្សិន (The Nation) ផ្សាយនៅថ្ងៃពុធ ទី៨ មិថុនា បញ្ជាក់ថា គម្រោងជំទាស់ការសម្រេចចិត្តតុលាការរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ នឹងបណ្ដាលឲ្យថៃ បាត់បង់កិត្តិយសក្នុងឆាកអន្តរជាតិ។ បទវិភាគបន្តទៀតថា រដ្ឋាភិបាលថៃ គិតថា ថៃបានគោរពសាលក្រមតុលាការឆ្នាំ១៩៦២ ដោយបានប្រគល់ប្រាសាទព្រះវិហារឲ្យកម្ពុជា ដូច្នោះតុលាការគ្មានអំណាចបង្ខំឲ្យរដ្ឋាភិបាលថៃ ធ្វើអ្វីផ្សេងៗទៀតនោះទេ។
បទវិភាគបានព្រមានថា ប្រសិនបើតុលាការសម្រេចឲ្យថៃ ដកទ័ព ហើយថៃមិនគោរពនោះ ភាគីកម្ពុជា អាចដាក់បណ្ដឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីអនុវត្តសេចក្តីសម្រេចចិត្ត។ ទោះបីជាយ៉ាងក៏ដោយ ប្រទេសជាសមាជិកអង្គការសហប្រជាជាតិនឹងមិនអាចជំទាស់ការសម្រេចចិត្តតុលាការបានទេ។
មន្ត្រីព័ត៌មានតុលាការយុត្តិធម៌អន្តរជាតិ លោក បូរីស ហែម (Boris Heim) នៅថ្ងៃពុធ បានបដិសេធធ្វើអត្ថាធិប្បាយទាក់ទងនឹងការលើកឡើងរបស់មន្ត្រីថៃ ប៉ុន្តែលោកបញ្ជក់ថា តុលាការធ្វើការដោយយុត្តិធម៌ និងគ្មានការជ្រៀតជ្រែក។ បច្ចុប្បន្ននេះតុលាការនៅតែបន្តពិនិត្យ និងសម្រេចលើសំណើកម្ពុជា ប៉ុន្តែនៅមិនទាន់មានកាលបរិច្ឆេទចេញសាលក្រមនៅឡើយទេ។
កម្ពុជានឹងបន្តដោះស្រាយវិបត្តិព្រំដែនក្បែរប្រាសាទព្រះវិហារ តាមរយៈតុលាការយុត្តិធម៌អន្តរជាតិ។ បច្ចុប្បន្ននេះ យន្តការដោះស្រាយដោយប្រធានអាស៊ាន ត្រូវជាប់គាំងដោយបញ្ហាដាក់ពង្រាយអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ដូច្នោះជម្រើសសម្រាប់កម្ពុជា នៅតែតុលាការយុត្តិធម៌អន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថា កម្ពុជានឹងរក្សាបណ្ដឹងខ្លួននៅតុលាការ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ៖ «កម្ពុជាអត់ដកទេ រឿងកម្ពុជា-ថៃ ស្ថិតក្នុងក្រុមប្រឹក្សាសន្តិសុខមិនទាន់ចេញទេ។ តាមប្រភពមិនផ្លូវការបានឲ្យដឹងថា បើអាស៊ានដោះស្រាយមិនចេញ ក្រុមប្រឹក្សាសន្តិសុខនឹងយកមកដោះស្រាយវិញ អ៊ីចឹងអាស៊ានត្រូវធ្វើសកម្មភាពបន្ត អត់ទាន់រួចទេ»។
ទោះបីជាថៃ ប្រកាសថា ខ្លួននឹងមិនអាចគោរពសេចក្ដីសម្រេចចិត្តតុលាការយុត្តិធម៌អន្តរជាតិបាន ប៉ុន្តែបើតាមច្បាប់តុលាការ ថៃត្រូវតែគោរពសេចក្ដីសម្រេចចិត្តតុលាការ។
មន្ត្រីតុលាការយុត្តិធម៌អន្តរជាតិសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ការសម្រេចចិត្តរបស់តុលាការ ភាគីជម្លោះត្រូវតែគោរព ហើយការសម្រេចចិត្តជាការបិទផ្លូវតវ៉ា។ មន្ត្រីបន្តថា ប្រសិនបើភាគីចាញ់ក្ដីមិនគោរពសាលក្រមតុលាការ ភាគីឈ្នះក្ដីអាចប្ដឹងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីអនុវត្តសេចក្ដីសម្រេចចិត្តតុលាការ។
តុលាការយុត្តិធម៌អន្តរជាតិ ក៏គ្រោងនឹងបើកសវនាការថ្មីមួយផ្សេងទៀត ទាក់ទងបណ្ដឹងកម្ពុជា ឲ្យតុលាការបកស្រាយសាលក្រមខ្លួនឆ្នាំ១៩៦២ ដែលបានសម្រេចប្រគល់ប្រាសាទព្រះវិហារឲ្យកម្ពុជា។ មន្ត្រីតុលាការធ្លាប់បានប្រកាសថា តុលាការនឹងធ្វើការបកស្រាយលម្អិតបន្ថែមលើសាលក្រមខ្លួនតាមសំណើកម្ពុជា ប៉ុន្តែសេចក្ដីសម្រេចឆ្នាំ១៩៦២ ជាការបិទផ្លូវតវ៉ា៕