ទាហាន​ថៃ​បាញ់​ខ្មែរ​ស្លាប់​ម្នាក់​ទៀត​ហើយ

ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ទៀត​នៅ​សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ត្រូវ​ទាហាន​ថៃ​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ បាញ់​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​នាំ​គ្នា​ឆ្លង​ដែន​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ​ដើម្បី​ស្វែងរក​ផល​ពី​​ព្រៃ​ឈើ​មក​ចិញ្ចឹម​ជីវិត។

0:00 / 0:00

បុរស​ឈ្មោះ គឹម សរឿន អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរស្មាច់ នៅ​ជាប់​ព្រំដែន​ខ្មែរ​-​ថៃ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​វិច្ឆិកា ថា កូន​ប្រុស​របស់​លោក​ឈ្មោះ សុខ សំណាង អាយុ​១៩​ឆ្នាំ ត្រូវ​ទាហាន​ថៃ​បាញ់​សម្លាប់​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​បាន​ឆ្លងដែន​ជាមួយ​អ្នក​ភូមិ​៦​នាក់​ផ្សេង​ទៀត។ បុរស​ដដែល​បាន​មាន​ប្រសាសន៍​ថា ​បើ​តាម​អ្នក​ភូមិ​ប្រាប់​ថា កូន​ប្រុស​របស់​គាត់​បាន​ឆ្លង​ព្រំដែន​ថៃ​ដើម្បី​ដើរ​រក​ដក​ផ្សិត​នៅ​ក្នុង​ព្រៃ។

លោក គឹម សារឿន មាន​ប្រសាសន៍​ថា ៖ «កូន​នោះ​វា​ទៅ​ព្រៃ​ដែរ​វា​ទៅ​រក​ផ្សិត​​ទៅ​រក​អ្វី​ដែរ​ ដល់​នេះ​ទៅ​ក៏​ឮ​គេ​ថា​បាញ់​ងាប់​កូន​ខ្ញុំ​នេះ​ឯង​ ម៉ោង​៣​​និង​៤០​នាទី។ វា​ទៅ​ត្រឹម​អាង​អី​ទៅ​រក​ត្រី រក​អ្វី​មាន​ អាង​១៥​ហ្នឹង​ណា!»

អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ទទួល​ព័ត៌មាន​នេះ​ហើយ​ ក៏​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ឆ្លងដែន​នោះ​ដើម្បី​ធ្វើ​អ្វី​ឲ្យ​ប្រាកដ​នៅ​ឡើយ។

លោក ឈឹម ស៊ីវុធ ជំនួយការ​អភិបាល​ខេត្ត​ឧត្តរមានជ័យ​ បាន​មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៧​នាក់​បាន​នាំ​គ្នា​ឆ្លងដែន​ចូល​ទៅ​ក្នុង​ទឹកដី​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ​របស់​ថៃ ហើយ​ក៏​ត្រូវ​ទាហាន​ថៃ​បាញ់​បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ ប៉ុន្តែ​៦​នាក់​ក្នុង​ចំណោម​នោះ​បាន​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ហើយ​ ត្រូវ​ប៉ូលិស​កំពុង​សាកសួរ​រក​មូលហេតុ​នៃ​ការ​ឆ្លង​ដែន​នោះ។

លោក ឈឹម ស៊ីវុធ ថ្លែង​ថា ៖ «ខ្ញុំ​បាន​ព័ត៌មាន​ថា​ក្មេង​ប្រុស​(ស្លាប់)​ គាត់​នាំ​គ្នា​លួច​ឆ្លង​ដែន​ទៅ​ខាង​កើត​ឈៀង​ខាង​ជើង​បង្គោល​ឡាក់​លេខ​១៤​ មាន​គ្នី​គ្នា​គេ​ហ្នឹង​ប្រមាណ​៦-​៧​នាក់​ទាំង​ខ្លួន​គាត់​ហ្នឹង​ណា!​ មិន​ថា​ទៅ​ធ្វើ​អ្វីៗ​ទេ ​ចាំ​មើល​ប៉ូលិស​គេ​ធ្វើ​ការ​សិន​ គ្រាន់​ថា ៦​នាក់​ទៀត​នោះ​បាន​រត់​រួច​មក​វិញ​ហើយ​​សាកសព​ហ្នឹង​ក៏​បាន​យក​មក​ដល់​ផ្ទះ​ហើយ»

លោក ស្រី ណារ៉េន ​អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស អាដហុក ប្រចាំ​ខេត្ត​ឧត្តរមានជ័យ បាន​មាន​ប្រសាសន៍​ថ្កោលទោស​ទាហាន​ថៃ​ថា មិន​គួរ​ប្រើ​កម្លាំង​យោធា​យក​អាវុធ​មក​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ខ្មែរ​ដូច្នេះ​ទេ​ បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​បាន​ឆ្លង​ដែន​ឬ​ក៏​លួច​កាប់​ឈើ​ខុស​ច្បាប់​ក៏​​ដោយ​គឺ​ថៃ​គួរតែ​ចាប់​ខ្លួន​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់​រដ្ឋ។

លោក ស្រី ណារ៉េន បញ្ជាក់​ថា ៖ «គាត់​ប្រឹង​ទៅ​រក​រស់​ ហើយ​បើទាហាន​ថៃ​ប្រើ​អំណាច​​គឺថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​​​ធ្ងន់ធ្ងរ​ ហើយ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​ជួយ​យក​ចិត្ត​ទុក​ដាក់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ហ្នឹង​ដែល​គាត់​មាន​ជីវភាព​ខ្វះ​ខាត​តែងតែ​ចូល​ទៅ​តាម​ព្រំដែន​ទៅ​រក​មុខរបរ​ផ្សេងៗ​ហើយ​ធ្វើ​ឲ្យ​ថៃ​បាញ់​ស្លាប់​ជា​ញឹកញាប់»

ចាប់​តាំង​ពី​ខែ​កញ្ញា ឆ្នាំ​នេះ ទាហាន​ថៃ​ស្រុក​កាប់ជើង ខេត្ត​សុរិន្ទ បាន​បាញ់​សម្លាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៣​នាក់​ហើយ។ ក្រសួង​ការ​បរទេស​ខ្មែរ​ធ្លាប់​បាន​ចេញ​កំណត់​ហេតុ​ការទូត​តវ៉ា​ប្រឆាំង​អំពើ​នេះ​​ឲ្យ​រដ្ឋាភិបាល​ថៃ​ធ្វើ​ការ​ស៊ើប​អង្កេត​និង​តាម​រក​ចាប់​ខ្លួន​ជន​ដៃ​ដល់​មក​ផ្តន្ទា​ទោស ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​ថៃ​មិន​បាន​បង្ហាញ​នូវ​កិច្ច​សហការ​ប្រសើរ​ទេ៕