លោក ឈិន សាម៉ុន អាយុ ៥៤ឆ្នាំ រស់នៅភូមិបារាំងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា នេះថា ការហាមឃាត់របស់ភាគីទាហានថៃនេះ គឺបានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១១ ៖ «មានថៃមកហាមឃាត់យើង ៣០នាក់ គ្រឿងសម្ភារៈប្រើប្រាស់ធ្វើរ៉ែហ្នឹងវាដកហូតយកទៅ ហាមឃាត់យើងមិនឲ្យធ្វើតទៅទៀត ជីករ៉ែនៅជាប់ព្រំដែនមាត់អូរនៅតំបន់ស ថៃថាដីវា ខ្មែរថាដីខ្មែរ មិនទាន់ដាច់ស្រេច»។
ក្រុមអ្នកភូមិឲ្យដឹងថា ទីតាំងដែលក្រុមអ្នកភូមិខ្មែរធ្វើការជីកដីរាវរករ៉ែមាសនោះ គឺស្ថិតនៅមាត់អូរព្រំដែនក្នុងភូមិសាស្ត្រភូមិបារំាងធ្លាក់ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង ជាប់ស្រុកសយដាវ ខេត្តចាន់បុរី ប្រទេសថៃ។
អ្នកភូមិម្នាក់ទៀតឈ្មោះ ដួង ខែម បានឲ្យដឹងថា កងទាហានថៃ បានចោទអ្នកភូមិខ្មែរទាំងនោះថា បានចូលទៅជីកដីរាវរករ៉ែមាសនៅក្នុងតំបន់ស ដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ នៅពុំមានការវាស់វែងឯកភាពគ្នានៅឡើយ ៖ «ចំនួន ១០០នាក់ជាង ចាប់ហ្នឹង។ ចាប់ប្រជុំកុំឲ្យមកជីកតទៅទៀត កាលណាជីកទៅវាពាក់ព័ន្ធបញ្ហាទំនាស់ទាស់ទែងគ្នាតទៅទៀត។ ប្រជាជនពេលប្រជុំហើយអីហើយត្រឡប់មកវិញ តែគេដកសម្ភារៈ ដែកត្បែង ចានដែករែង ហើយផ្តិលដាក់មាសហ្នឹងដកចេញទាំងអស់ គេយកទាំងអស់»។
មេឃុំបារាំងធ្លាក់ លោក ចាយ ម៉ោញ បានមានប្រសាសន៍ថា លោកពុំបានដឹងពីករណីកងទាហានថៃ ធ្វើការហាមឃាត់អ្នកភូមិខ្មែរមិនឲ្យជីករ៉ែនេះទេ។ លោកបន្តថា អាជ្ញាធរមូលដ្ឋានក្នុងរយៈពេលជាបន្តបន្ទាប់បានហាមឃាត់មិនឲ្យអ្នកភូមិចូលធ្វើសកម្មភាពជីកដីរាវរករ៉ែមាសនោះឡើយ ដោយសារដីនៅតំបន់ព្រំដែននោះពុំទាន់មានការកំណត់ច្បាស់លាស់។
លោកបន្ថែមថា ៖ «ហាមគ្រប់គ្នា យើងចេះតែឃាត់គាត់រហូត ប៉ុន្តែគាត់ចេះតែលួចទៅ វាលំបាក។ ប៉ុន្តែជីកហ្នឹងវាមិនមែនអ្នកនៅនេះទាំងអស់ទេ អ្នកដែលមកស្នាក់នៅទៅជីកអីអ៊ីចឹងទៅ ឆ្លងទៅជីកម្ខាងទៀត។ ខាងយើងនេះ យើងដើរឃាត់រហូតកងល្បាតព្រំដែន នគរបាលព្រំដែនដើរល្បាតតាមអូរហ្នឹងរហូត ហើយអ៊ីចឹងគេឃាត់គាត់ចេះតែលួចឆ្លងទៅ»។
ទាក់ទិនបញ្ហានេះ លោក សួន កឿន អភិបាលស្រុកភ្នំព្រឹក្ស បានបញ្ជាក់ថា ផ្ទៃដីតំបន់សនៅក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង ជាប់ជាមួយស្រុកសយដាវ ខេត្តចាន់បុរី ប្រទេសថៃ ពុំទាន់មានការវាស់វែងច្បាស់លាស់នោះមានទំហំជាង ២០ហិកតារ ៖ «ស្រុកភ្នំព្រឹក្សនេះខ្ញុំច្រើនមិនឲ្យកំណត់ប៉ែកខាងលិចហ្នឹងយកអូរហ្នឹងធ្វើជាទីតាំង ឬជាព្រំប្រទល់របស់ខ្មែរ-ថៃទេ មួយជួរខាងលិចខ្ញុំឲ្យកំណត់ថា ព្រំប្រទល់ជាប់ស្រុកសយដាវ ខេត្តចាន់បុរី ។អ៊ីចឹងពីខាងដើមមកដីយើងរហូតដល់ភ្នំស្នូលពោតដីថៃ។ ខ្ញុំមិនហ៊ានកំណត់ដែរ ព្រោះយើងដឹងថា ដីយើងបច្ចុប្បន្នវានៅរហូតដល់ភ្នំស្នូលពោតដីថៃ ឯណោះ ប្រវែងបីទៅបួនគីឡូទៀត»។
ក្រុមអ្នកភូមិឲ្យដឹងថា សកម្មភាពអ្នកភូមិជីកដីរាវរករ៉ែនេះ បានកើតមានឡើងអស់រយៈពេលច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែនៅគ្រាដំបូងពុំមានអ្នកភូមិច្រើនទេដែលបាននាំគ្នាទៅជីកដីរែងរករ៉ែមាសនោះ ទើបនៅក្នុងអំឡុងឆ្នាំ២០១១នេះ ចំនួនអ្នកភូមិមានការកើនឡើងច្រើន។ ទន្ទឹមគ្នានេះដែរ ក៏មានក្រុមហ៊ុនរបស់ចិនមួយ ដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសកម្មភាពជីកដីរ៉ាវរករ៉ែនៅក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹក្ស អស់រយៈពេលជាច្រើនឆ្នាំដូចគ្នា៕
