ទាហាន​ថៃ​បាញ់​រះ​លើ​ពលរដ្ឋ​ខ្មែរ​១១​នាក់ ស្លាប់​ម្នាក់

កង​ទាហាន​ថៃ បាន​បាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ១១​នាក់ បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​របួស ខណៈ​ដែល​អ្នក​ទាំង​នោះ​បាន​ឆ្លង​ដែន​ពី​ទឹក​ដី​ខ្មែរ ក្នុង​ខេត្ត​បន្ទាយមានជ័យ ចូល​ទៅ​ស៊ី​ឈ្នួល​កាប់​ឈើ​នៅ​ក្នុង​ស្រុក​តាប់ព្រះយ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ។

លោក វ៉ាត ហាន មេ​ឃុំ​បន្ទាយឆ្មារ ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​ស្រង​សេចក្ដី​រាយការណ៍​ពី​កង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​ឲ្យ​ដឹង​ថា ទាហាន​ថៃ បាន​ធ្វើការ​បាញ់​ប្រហារ​ទៅ​លើ​ពលរដ្ឋ​ខ្មែរ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា​នេះ។

លោក វ៉ាត ហាន បន្ត​ថា ៖ «តាម​ព័ត៌មាន​ដែល​ថា​ស្លាប់​ហ្នឹង ស្លាប់​តែ​ម្នាក់​ទេ ហើយ​ប្រជាពលរដ្ឋ​ដែល​ទៅ​នោះ​ទាំង​អស់ ១១​នាក់ នៅ​ក្នុង​ភូមិ​ខ្ញុំ​មាន ៧​នាក់។ វា​ឡើង​ចេញ​ពី​ភូមិ​យើង គឺ​ភូមិ​ដងរែក ឡើង​ឆ្ពោះ​ទៅ​ឡាក់​លេខ ២៧ ឆ្លង​ឡាក់ ២៧ ចូល​ទៅ​ដល់​ដី​ថៃ។ តាម​ព័ត៌មាន​ថា ទៅ​កាប់​ឈើ​នៅ​ប្រទេស​គេ ហើយ​ថៃ​ហ៊ុម​បាញ់​តែម្ដង»

ប្រភព​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ដែល​រង​ការ​បាញ់​ប្រហារ​ពី​សំណាក់​ទាហាន​ថៃ​ទាំង​នោះ មាន​ចំនួន ១១​នាក់ អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ឃុំ​បន្ទាយឆ្មារ និង​ឃុំ​គោករមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ៖ «ខាង​ព្រំដែន​គេ​រាយការណ៍​មក​ថា នៅ​ម្ដុំ​ថ្ម​ស ក្បែរ​ឡាក់ ២៨។ បាន​ដឹង​ហ្នឹង ឃើញ​ដឹង​តែម្នាក់​ហ្នឹង​ស្លាប់ ម្នាក់​ទៀត​របួស ថៃ​បាញ់​នៅ​ទឹក​ដី​ថៃ ក្នុង​ស្រុក​តាប់ព្រះយ៉ា។ អត់​ដឹង​ត្រកូល​ទេ ឈ្មោះ សម្បត្តិ ស្លាប់ អាយុ​ខ្ទង់ ៣៣-៣៥ ហើយ​ម្នាក់​ទៀត​ឈ្មោះ សឺត របួស តែ​មិន​ដឹង​ថា ស្រាល​ប៉ុណ្ណា ធ្ងន់​ប៉ុណ្ណា»

លោក ចាន់ កុសល ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍​ថា សាកសព​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​ទាហាន​ថៃ បាញ់​សម្លាប់​នោះ កំពុង​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ថៃ​នៅ​ឡើយ ហើយ​ខាង​អាជ្ញាធរ​ខ្មែរ​កំពុង​ស្នើ​ទៅ​ភាគី​ថៃ ដើម្បី​យក​សាកសព​មក​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​វិញ៕