លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាមានប្រសាសន៍នៅថ្ងៃទី១៧ ខែកុម្ភៈ នាវិមានសន្តិភាព ក្រុងភ្នំពេញ មុនពិព័រណ៍ពាណិជ្ជកម្មថៃបើកសម្ពោធជាផ្លូវការ បានសង្កត់ថាជម្លោះព្រំដែន រវាងកម្ពុជាថៃនឹងមិនប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម ក៏ដូចជាការធ្វើទេសចរណ៍រវាងប្រទេសទាំងពីរនោះទេ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដូចនេះ ក្រោយពេលលោកបានអនុញ្ញាតឲ្យលោកឧបនាយករដ្ឋមន្ត្រីថៃ ត្រៃរុង ស៊ូវ៉ាន់គិរី (Trairong Suwankiri) ទទួលបន្ទុកសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រទេសថៃ និងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក អាលុងកន ភុនលាបុត (Alongkorn Ponlaboot) ព្រមទាំងប្រតិភូពាណិជ្ជកម្មថៃ ចូលសម្ដែងការគួរសម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បន្ថែម ៖ «ខ្ញុំអាចធានាជូនដោយជាក់លាក់ថា មិនមានការរើសអើងណាមួយ ហើយនឹងមិនមានព្រឹត្តិការអកុសលដូចឆ្នាំ២០០៣ នោះទេ។ ដូច្នេះបងប្អូនពលរដ្ឋថៃ ជនជាតិថៃមកកាន់កម្ពុជា សូមអញ្ជើញមក។ មកទេសចរណ៍ក្តី មកវិនិយោគក្តី កុំតាមកដាក់មីន កុំមកលក់គ្រឿងញៀន អាហ្នឹងត្រូវទប់ស្កាត់ទាំងសងខាង។ ប៉ុន្តែខ្ញុំគិតថា សុវត្ថិភាពហើយរង់ចាំមើលល្ងាចនេះ គេបើកពិព័រណ៍ និងមានមនុស្សទៅមើល»។
ពិធីបើកពិព័រណ៍ពាណិជ្ជកម្មថៃប្រារព្ធឡើងជាផ្លូវការ នៅល្ងាចម៉ោង៤ និង ៣០នាទី ថ្ងៃទី១៧ ខែកុម្ភៈ នាមជ្ឈមណ្ឌលកោះពេជ្រ ចូលសម្ពោធដោយលោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងវត្តមានលោកឧបនាយករដ្ឋមន្ត្រីថៃ និងអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមនឹងពាណិជ្ជករថៃមួយចំនួនផង។
ផលិតផល ឬទំនិញមកពីប្រទេសថៃ ដែលត្រូវបានគេដាក់បង្ហាញក្នុងពិធីតាំងពិព័រណ៍រយៈពេល ៤ថ្ងៃ នៅកម្ពុជា មានដូចជា គ្រឿងហូបចុក ផលិតផលសំអាង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងផលិតផលឧស្សាហកម្មជាដើម។
ទាក់ទងបញ្ហានេះ លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សប្រឆាំងសមរង្ស៊ី មានប្រសាសន៍ដោយមិនគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឲ្យមានពិធីតាំងពិព័រណ៍ពាណិជ្ជកម្ម ផ្ដើមដោយរដ្ឋាភិបាលកម្ពុជា និងថៃពេលនេះទេ ព្រោះលោកយល់ថា កម្ពុជាទទួលបានផលចំណេញពីពិធីនេះតិចតួចបំផុត ៖ «ពាណិជ្ជកម្មរបស់ប្រទេសគេ វាចំណេញតែទៅលើប្រទេសគេទេ។ ប្រទេសយើងបានចំណេញតិចតួចណាស់ សំខាន់បំផុត គឺត្រូវចេះបង្កើននូវផលិតផលខ្លួនយើង ដើម្បីជំរុញឲ្យមានការប្រើប្រាស់នៅក្នុងប្រទេស និងជំរុញការនាំចេញ ហើយនិងដើម្បីធ្វើម៉េចឲ្យជញ្ជីងពាណិជ្ជកម្មរបស់យើងអាចនាំចេញបានច្រើន។ ដើម្បីធ្វើដូច្នេះបាន ទាល់តែយើងឲ្យគុណភាពផលិតផលរបស់យើងមានគុណភាពល្អ មានតម្លៃថោក ដើម្បីឲ្យមានការប្រណាំងប្រជែងឈ្នះបណ្ដាប្រទេសជិតខាង។ ហើយនេះគឺជាកិច្ចការរបស់រដ្ឋាភិបាលត្រូវធ្វើ»។
ទោះយ៉ាងនេះក្តី មន្ត្រីទទួលការងារតាំងពិព័រណ៍បានថ្លែងថា ពិធីតាំងពិព័រណ៍ ក្រៅអំពីដាក់បង្ហាញផលិតផល ឬមុខទំនិញជាង ២រយ ពិព័រណ៍ពាណិជ្ជកម្ម រវាងកម្ពុជា-ថៃឆ្នាំ២០១១នេះ ក៏ជាឱកាសជួបគ្នារវាងពាណិជ្ជករទប្រទេសទាំងពីរ ដើម្បីជួបពិភាក្សា និងពិនិត្យលើលទ្ធភាពនៃការវិនិយោគរួមគ្នាបន្ថែមទៀតទៅថ្ងៃអនាគតផងដែរ។
ប្រទេសកម្ពុជាត្រូវបានគេដឹងថា ជាទីផ្សារសំខាន់នៃការនាំចូលផលិតផល ឬទំនិញចេញពីប្រទេសថៃ ប៉ុន្តែទីផ្សារនេះបានធ្លាក់ចុះចាប់តាំងពីប្រទេសទាំងពីរមានវិវាទព្រំដែនជាមួយគ្នា ចាប់ពីខែកក្កដា ឆ្នាំ២០០៨ ជាហេតុនាំឲ្យទំនិញមកពីប្រទេសវៀតណាម ប្រទេសចិន និងប្រទេសកូរ៉េ មកជំនួសទំនិញថៃលើទីផ្សារកម្ពុជា។
របាយការណ៍របស់ស្ថានទូតថៃប្រចាំកម្ពុជាបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០១០ មានទឹកប្រាក់ចំនួន ២,៥៤ពាន់លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជាបាននាំទំនិញចូលទៅប្រទេសថៃ មានចំនួន ២១៤,៧លានដុល្លារ។ ចំណែកថៃនាំចូលទំនិញមកកាន់ទីផ្សារកម្ពុជា មានទឹកប្រាក់ជាង ២,៣៤ពាន់លានដុល្លារ៕
