អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ប៉ានីតាន វាត់តាណាក់យ៉ាគន (Panitan Wattanayagorn) មានប្រសាសន៍ពីថ្ងៃអង្គារម្សិលមិញថា ប្រទេសថៃរៀបចំជាស្រេចនឹងបញ្ជូនលេខាធិការទី១ថ្មី មកធ្វើការនៅភ្នំពេញ ប៉ុន្តែថា ត្រូវមានលក្ខខណ្ឌ ៣យ៉ាង។
មន្ត្រីអ្នកនាំពាក្យថៃបន្តថា លក្ខខណ្ឌទី១ គឺកម្ពុជាត្រូវឈប់ទិតៀនប្រព័ន្ធតុលាការថៃ, ទី២ កម្ពុជាត្រូវឈប់ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនយោបាយថៃ និងទី៣ គឺកម្ពុជាត្រូវលុបចោលការតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាលខ្មែរ។
លោក ថាក់ស៊ីន កំពុងរស់នៅក្រៅប្រទេសថៃ ភាគច្រើនគឺនៅក្រុង ឌូបៃ នៃសហភាពអារ៉ាប់អេមីរ៉េត ដើម្បីចៀសពីសាលក្រមកាលពីខែកញ្ញា ឆ្នាំ២០០៨ របស់តុលាការថៃ ដែលផ្តន្ទាទោសលោកឲ្យជាប់ពន្ធនាគារ ២ឆ្នាំពីបទពុករលួយ៕
