សុខ អាន៖ មតិ​អន្តរជាតិ​ថ្កោលទោស​ចំពោះ​ទង្វើ​ប្រទេស​ថៃ

លោក​ឧប​នាយក​រដ្ឋមន្ត្រី សុខ អាន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​៥ កក្កដា​នេះ ថា​មតិ​អន្តរជាតិ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​ប្រទេស​ថៃ​ដែល​បាន​បង្ក​ហេតុ​ផ្ទុះ​អាវុធ​ដាក់​គ្នា​នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូប​ចម្លាក់​និង​ថ្ម​នានា​ផ្សេង​ទៀត​នៃ​តួ​ប្រាសាទ​នោះ​ថា​ជា​អំពើ​ឧក្រិដ្ឋ។

លោក សុខ អាន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ក្រោយ​ពេល​ដែល​លោក​ទៅ​ចូលរួម​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី​៣៣ នៅ​ឯ​ទីក្រុង​សេវីល​នៃ​ប្រទេស​អេស៉្បាញ​វិញ​ថា គណៈប្រតិភូ​ខ្មែរ​បាន​បញ្ចាំង​ភាពយន្ត​ឯកសារ​ស្តីពី​ការខូចខាត​ប្រាសាទ​និង​ផ្សារ​ដែល​នៅ​ក្បែរ​ប្រាសាទ​ក្រោម​គ្រាប់​កាំភ្លើង​របស់​ទាហាន​ថៃ ដែល​ជា​ការឆ្លុះ​បញ្ចាំង​ថា កងទ័ព​ថៃ​បាន​ចូល​ទន្ទ្រាន​ទឹក​ដី​កម្ពុជា។

លោក សុខ អាន បាន​មាន​ប្រសាសន៍​ថា ៖ «យើង​បញ្ចាំង​ឲ្យ​មើល​ពី​ផ្សារ ជើង​ប្រាសាទ ដែល​ត្រូវ​ថៃ​បាញ់​មក​ឆេះ​ខ្ទេចខ្ទី​នេះ ថត​ពេល​មុន​ឆេះ ពេល​ក្រោយ​ឆេះ បង្ហាញ​ឲ្យ​គេ​មើល។ គណៈប្រតិភូ​ខ្លះ​ដែល​គេ​ជា​ថ្នាក់​ដឹកនាំ​ធំ​របស់​ស្រុក​គេ​ដែរ ហើយ​គេ​ជា​គណៈប្រតិភូ​ចូលរួម​នៅ​ក្នុង​ការប្រជុំ​លើក​ទី​៣៣​ហ្នឹង គេ​បាន​និយាយ​ថា "ខ្ញុំ​ក្នុង​នាម​ជា​អ្នក​វប្បធម៌ ខ្ញុំ​អង្គុយ​ស្ដាប់​ឯកឧត្ដម​ដោយ​បេះដូង​ខ្ញុំ​ស្រក់​ឈាម ហើយ​ខ្ញុំ​ចាត់ទុក​ថា នេះ​គឺ​ជា​អំពើ​ឧក្រិដ្ឋកម្ម​យ៉ាង​ពិត​ប្រាកដ។ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ឯកឧត្ដម​គឺ​ផ្សព្វផ្សាយ​រឿង​នេះ​ជូន​ពិភពលោក​ទាំង​មូល"»

កង​ទាហាន​កម្ពុជា​និង​ថៃ​បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​បី​លើក​មក​ហើយ​ក្រោយ​ពេល​ដែល​ប្រាសាទ​ព្រះវិហារ​ខ្មែរ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO ក្នុង​ខែ​កក្កដា ឆ្នាំ​២០០៨​កន្លង​មក​នេះ។

ការប៉ះ​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ខ្មែរ​ថៃ​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​ដោយសារ​ជម្លោះ​ព្រំដែន​កាលពី​ដើម​ខែ​តុលា ឆ្នាំ​២០០៨​កន្លង​មក​នេះ ទាហាន​ថៃ​បាន​បាញ់​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​២៥០​ខ្នង​និង​គ្រាប់​កាំភ្លើង​ថៃ​បាន​បាញ់​ត្រូវ​ប្រាសាទ​ជាង​៦០​កន្លែង៕