លោក ជា សុផាត ប្រធានច្រកភ្នំដី នៅស្រុកសំពៅលូន បានថ្លែងឲ្យដឹងនៅថ្ងៃច័ន្ទថា ពលករខ្មែរប្រមាណ ៤១២នាក់ ទាំងក្មេងចាស់ប្រុសស្រី ត្រូវបានភាគីថៃចាប់ប្រគល់មកឲ្យអាជ្ញាធរខ្មែរកាលពីថ្ងៃទី២២ ខែឧសភាកន្លងទៅថ្មីៗនេះ។
លោក ជា សុផាត បានស្រង់ពាក្យទាហានកងរយឈុតខ្មៅថៃ មកបញ្ជាក់ថា មូលហេតុគឺដោយសារមេបញ្ជាការជាន់ខ្ពស់ថៃកាលពីថ្ងៃទី២២ មានការចុះត្រួតពិនិត្យព្រំដែន ៖ «ប្រជាពលរដ្ឋយើងដែលឆ្លងទៅរកស៊ីព្រឹកវិលល្ងាចតាមច្រករបៀងដើម្បីស៊ីឈ្នួលតាមព្រំដែននោះ សម្រាកនៅឯណោះ ដូច្នេះមិនឲ្យមានឃើញទិដ្ឋភាពអ្វីដែលអាប់អួថា ប្រជាជនយើងទៅដេកនៅតាមចម្ការ»។
ក្រុមប្រជាពលរដ្ឋខ្មែរអ្នករកស៊ីឆ្លងដែន បានថ្លែងថា រហូតមកដល់ថ្ងៃច័ន្ទ ទី២៥ ខែឧសភានេះ ប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនទៅធ្វើការក្នុងប្រទេសថៃខ្លះបានធ្វើដំណើរត្រឡប់មកទឹកដីខ្មែរវិញ ចំណែកអ្នកខ្លះទៀតត្រូវបានទាហានឈុតខ្មៅចាប់បញ្ជូនមកវិញ ដោយមិនអនុញ្ញាតឲ្យស្នាក់ឬដេកនៅលើទឹកដីថៃដូចសព្វដងទេ។
ទោះជាយ៉ាងណា មិនមានប្រភពច្បាស់ការណ៍ណា អះអាងពីមូលហេតុជាក់លាក់នៃការបណ្តេញពលករខ្មែររបស់ភាគីថៃនេះទេ ប៉ុន្តែមន្ត្រីខ្មែរធ្វើការប្រចាំច្រកភ្នំដីបានគត់សម្គាល់ថា វិធានការចាប់បញ្ជូនពលករខ្មែរមកទឹកដីកម្ពុជារបស់ភាគីថៃមានសភាពខុសប្លែកពីសព្វដង ៖ «ដល់សភាពការណ៍មិនស្រួល គេប្រមូលមកច្រើនតែម្ដង»។
ពលករខ្មែរដែលបានធ្វើដំណើរឆ្លងកាត់ច្រករបៀង បានថ្លែងថា នៅពេលធ្វើដំណើរឆ្លងកាត់ពួកគេបានមើលឃើញទាហានឈុតខ្មៅថៃ មានការបង្កើនប៉ុស្តិ៍យាមជាច្រើនកន្លែងនៅតាមព្រំដែនក្នុងស្រុកខ្លងហាត ខេត្តស្រះកែវរបស់ថៃ ជាប់ស្រុកសំពៅលូននៃខេត្តបាត់ដំបង ៖ «ឥឡូវហ្នឹង វាដើរកាត់កន្លែងព្រៃៗ ល្បាតព្រៃហ្នឹង កាប់ព្រៃហ្នឹងឡើងថ្នល់ខ្សែទី១ ភ្នំដីហ្នឹង»។
ជំទប់ទី២ ឃុំសន្តិភាព ក្នុងស្រុកសំពៅលូន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរភាគច្រើននៅក្នុងមូលដ្ឋានតែងតែពឹងពាក់អាស្រ័យក្នុងការស្វែងរកការងារធ្វើក្នុងប្រទេសថៃ។ លោកបន្តថា ៖ «ថៃ គំនិតវាហ្នឹង វាមិនចង់ឲ្យខ្មែរយើងទៅរកស៊ីក្នុងហ្នឹងទេ វាខ្លាច វាពាក់ព័ន្ធរឿងប្រាសាទព្រះវិហារ»។
តាមមន្ត្រីខ្មែរប្រចាំច្រកភ្នំដី បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរភាគច្រើនដែលបាននាំគ្នាចូលទៅធ្វើការក្នុងទឹកដីថៃ ហើយត្រូវគេចាប់បញ្ជូនមកវិញ គឺភាគច្រើនបានលួចចូលតាមច្រករបៀងដោយខុសច្បាប់។
មន្ត្រីប្រចាំច្រកភ្នំដីបានអះអាងថា ថ្វីត្បិតថៃចាប់បញ្ជូនពលករខ្មែរមកទឹកដីខ្មែរខុសពីសព្វដង ក៏ប៉ុន្តែបញ្ជាក់ថា ទំនាក់ទំនងរវាងអាជ្ញាធរខ្មែរ-ថៃនៅច្រកចេញចូលភ្នំដី គឺនៅតែមានទំនាក់ទំនងល្អជាធម្មតា៕
