ក្នុងឱកាសទទួលបណ្តាឯកអគ្គរាជទូត រដ្ឋទូត និងឥស្សរជនតំណាងប្រទេសនានា ដែលចូលទៅសម្តែងការអបអរសាទរការបានទទួលតំណែងថ្មីរបស់លោកនោះ រដ្ឋមន្រ្តីការបរទេសថៃ លោក ដេត ប៊ុនណាក នៅដើមខែសីហានេះ បានឆ្លៀតអន្ទងចិត្តបណ្តាប្រទេសធំៗមួយចំនួន ដើម្បីឲ្យគាំទ្រថៃ ជុំវិញការដោះស្រាយជម្លោះតំបន់ប្រាសាទព្រះវិហារ។
ក្នុងអ្នកមុខអ្នកការទាំងនេះរួមមាន លោក ហ៊ីដេអាគិ កូបាយ៉ាឈិ ឯកអគ្គរាជទូតប្រទេសជប៉ុន លោក ឡូរ៉ង់ ប៊ីលី ឯកអគ្គរដ្ឋទូតបារាំង លោក អេរិក ហ្ចន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ចាង ជាវហ៊ន ឯកអគ្គរដ្ឋទូតចិននិងលោក នីឡា កាន់តាន់ រ៉ាវី រដ្ឋលេខាធិការក្រសួងការបរទេសឥណ្ឌាតំណាងឲ្យលោកនាយករដ្ឋមន្ត្រីឥណ្ឌា។
អ្នកតំណាងប្រទេសជប៉ុន ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលសុទ្ធតែជាប្រទេសមហាអំណាច បានបង្ហាញការគាំទ្ររបស់ខ្លួនចំពោះដំណោះស្រាយដោយសន្តិវិធីលើជម្លោះរវាងប្រទេសថៃនិងកម្ពុជា តាមកិច្ចចរចាទ្វេភាគី តាមការទាមទាររបស់ថៃ ដោយមិនចាំបាច់មានអន្តរាគមន៍ពីប្រទេសនានានៅក្នុងតំបន់និងពីអង្គការសហប្រជាជាតិ ឡើយ។
ជុំវិញការដោះស្រាយជម្លោះតំបន់ប្រាសាទព្រះវិហារនេះ លោករដ្ឋលេខាធិការ ជុច ភឿន មានប្រសាសន៍ថា ជាលទ្ធផលនៃការជជែកពិភាក្សាគ្នារវាងភាគីទាំងពីរ គឺរវាងខ្មែរនិងថៃនោះ ឥឡូវនេះបានមកដល់ដំណាក់កាលមួយថ្មីគឺការបង្កើតជាក្រុមការងារ ឬ Task Force ចំនួន៤ តាមស្មារតីកិច្ចចរចាក្រុងសៀមរាប។
លោក ជុច ភឿន មានប្រសាសន៍ដូច្នេះថា ៖ «Task force [ក្រុមការងារ] ៤ហ្នឹង ទី១ គឺ Task force សម្រាប់ការដកទ័ព ទី២ Task force សម្រាប់ការបើកប្រាសាទព្រះវិហារឲ្យភ្ញៀវចូលមើលសាថ្មី ទី៣ Task force សម្រាប់ដកទ័ពតាមបណ្ដោយព្រំដែនទាំងអស់ ហើយ Task force មួយទៀត គឺរៀបចំដោះមីន។ ដោះមីនហ្នឹង មិនមែនដោះមីនទូទៅទេ គឺដោះមីនតាមបណ្ដោយព្រំដែន»។
លោកមានប្រសាសន៍ថា ថ្វីបើតាំងពីថ្ងៃប្រជុំគ្នាមកនោះ នៅមិនទាន់ឃើញការដកទ័ពអ្វីនៅឡើយទេ តែស្ថានភាពបានស្រាលជាងមុនពុំមានការបាញ់បោះគ្នាឡើយ៕
