ថៃ​មិន​ទាន់​ឆ្លើយ​តប​អំពី​បញ្ហា​រារាំង​អ្នក​ទេសចរ​ខ្មែរ​មិន​ឲ្យ​ចូល​នៅ​ឡើយ

មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រសួង​ការបរទេស​ថៃ​នៅ​មិន​ទាន់​ឆ្លើយ​តប​នៅ​ឡើយ​ទេ ជុំវិញ​ករណី​ដែល​អាជ្ញាធរ​ថៃ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទេសចរ​ខ្មែរ ២៦៩​នាក់ ចូល​កម្សាន្ត​ថ្ងៃ​បុណ្យ​ណូអែល​នៅ​ប្រទេស​ថៃ កន្លង​ទៅ​នោះ។

អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា គឺ​លោក កុយ គួង ដែល​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ផង​នោះ បាន​ថ្លែង​បន្ត​ថា កម្ពុជា​ក៏​នៅ​មិន​ទាន់​ចាត់​នីតិ​វិធី​បន្ត​ទៀត​នៅ​ឡើយ​ទេ​ជុំវិញ​ទង្វើ​របស់​អាជ្ញាធរ​កំពង់ផែ​ក្រុង​បាងកក​នៃ​ប្រទេស​ថៃ​នោះ។

លោក កុយ គួង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «មក​ដល់​ពេល​នេះ អត់​ទាន់​ឃើញ​ឆ្លើយ​អី​ផង ហើយ​ឥឡូវ​នេះ យើង​កំពុង​តែ​រង់ចាំ​ចម្លើយ​គេ​សិន​ដើម្បី​ឲ្យ​គេ​ឆ្លើយ​តប​នឹង​កំណត់​ក្រសួង​ដែល​យើង​បាន​ផ្ញើ​ទៅ​តាម​រយៈ​ទូត​ថៃ។ អ៊ីចឹង យើង​មិន​ទាន់​ធ្វើ​អី​លើស​ពី​ហ្នឹង​នៅ​ឡើយ​ទេ»

សូម​ជម្រាប​ថា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០០៨ មាន​អ្នក​ដំណើរ​ខ្មែរ​ចំនួន ២៦៩​នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្ត​រួម​ជាមួយ​អ្នក​ទេសចរ​បរទេស​ដទៃ​តាម​នាវា​ទេសចរ​មួយ ឈ្មោះ Jupiter Cruise ផ្ទុក​អ្នក​ដំណើរ​សរុប ៤៥០​នាក់ ក្នុង​បំណង​ចូល​កម្សាន្ត​បុណ្យ​ណូអែល​ក្នុង​ក្រុង​បាងកក ប៉ាតាយ៉ា និង​ភូកេត នៃ​ប្រទេស​ថៃ។

នៅ​គ្រា​នោះ អាជ្ញាធរ​ថៃ​បាន​អនុញ្ញាត​ឲ្យ​ចូល​តែ​ភ្ញៀវ​វៀតណាម និង​ភ្ញៀវ​បរទេស​ដទៃ​ទៀត​ប៉ុណ្ណោះ ក៏​ប៉ុន្តែ​ភ្ញៀវ​ខ្មែរ​ទាំង​ឡាយ គឺ​អាជ្ញាធរ​ថៃ​មិន​អនុញ្ញាត​ឲ្យ​ចូល​ឡើយ ដោយ​ថៃ​បាន​ដាក់​លក្ខខណ្ឌ​ថា ដរាប​ណា​ភ្ញៀវ​ទេសចរ​ខ្មែរ​បង់​ប្រាក់​កក់​ផ្នែក​ធានា​សន្តិសុខ​ចំនួន ១.៥០០​ដុល្លារ ទើប​គេ​អនុញ្ញាត ហើយ​ប្រាក់​នោះ​អាច​ទទួល​វិញ​បាន​នៅ ៣​ខែ​ក្រោយ។

លោក កុយ គួង ចាត់​ទុក​វិធានការ​របស់​ថៃ គឺ​ជា​ទង្វើ​ខុស​នឹង​ច្បាប់​ស្តី​អំពី​កិច្ច​ព្រមព្រៀង​ទិដ្ឋាការ​និង​ច្បាប់​សមុទ្រ​អន្តរជាតិ៕