រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក សំភុង អៈម៉នវីវ៉ាត់ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃច័ន្ទថា ការដាក់មីនថ្មីៗនៅតំបន់ព្រំដែនកម្ពុជា-ថៃនេះ គឺជាការរំលោភអនុសញ្ញាអូតាវ៉ា។
រដ្ឋមន្រ្តីការបរទេសថៃបានថ្លែងសង្កត់ធ្ងន់ថា មជ្ឈមណ្ឌលដោះមីនថៃ (TMAC) និងអង្គការ មេគង្គដើម្បីមនុស្សធម៌ (MOM) នឹងលើកយកបញ្ហានេះទៅជជែកក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ប្រទេសសមាជិកអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តធ្វើនៅប្រទេសកាណាដា នាថ្ងៃទី២៤ ខែវិច្ឆិកានេះ។
លោក សំភុង អៈម៉នវីវ៉ាត់ មានប្រសាសន៍ដូច្នេះថា ៖ «អង្គការក្រៅរដ្ឋាភិបាលមានបំណងចង់ធ្វើសេចក្ដីរាយការណ៍នេះ ទៅអង្គប្រជុំ ពីព្រោះវាជារឿងធំមួយ។ យើងបានឲ្យសច្ចាប័នទៅលើអនុសញ្ញាក្រុងអូតាវ៉ា រួចហើយ ប៉ុន្តែនៅតែមានការកប់គ្រាប់មីនថ្មីនៅតំបន់នោះជាដដែល វាមិនគួរឲ្យកើតឡើងទៀតទេ វាជាការរំលោភលើអនុសញ្ញាក្រុងអូតាវ៉ា»។
ថ្វើបើលោកពុំបានចោទប្រទេសកម្ពុជាដោយត្រង់ៗក្តី ប៉ុន្តែគេអាចសម្គាល់ថា លោកទំនងជាមានប្រសាសន៍សំដៅមកប្រទេសកម្ពុជាថាជាអ្នកដាក់បង្កប់គ្រាប់មីនថ្មីៗតាមតំបន់ព្រំដែនខ្មែរ-ថៃក្បែរប្រាសាទព្រះវិហារនោះ។
អគ្គលេខាធិការនៃអាជ្ញាធរមីនកម្ពុជា លោក សម សេដ្ឋា បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា លោកនឹងដឹកនាំគណៈប្រតិភូមីនកម្ពុជាទៅចូលរួមប្រជុំក្នុងកិច្ចប្រជុំប្រចាំឆ្នាំនោះដែរ និងថា កម្ពុជាមានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញប្រទេសសមាជិកអនុសញ្ញាមីនអូតាវ៉ានោះថា កម្ពុជាពុំបានដាក់គ្រាប់មីនទៀតទេ បើទោះជាលោកពុំបានថ្លែងលំអិតអំពីភស្តុតាងនោះថាជាអ្វីក៏ដោយ។
ទោះជាយ៉ាងនេះក្តី ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការពិសេសនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបោសសំអាតមីនកម្ពុជា (CMAC) លោក អៀង មូលី បានមានប្រសាសន៍អំពីទីតាំងភូមិសាស្រ្តនិងការបង្កប់គ្រាប់មីនកាលសម័យសង្រ្គាមយ៉ាងដូច្នេះ។
លោក អៀង មូលី មានប្រសាសន៍ដូច្នេះថា ៖ «យើងនិយាយថា ដីត្រង់ហ្នឹង វាជាដីតំបន់សង្រ្គាមតាំងពីយូរឆ្នាំហើយ ដែលស្រុកខ្មែរមិនដឹងទេអី ដាក់មីនគ្រប់គ្នា ហើយយើងអត់ដែលបានទៅដោះផង ដូច្នេះវាត្រូវតែគ្រោះថ្នាក់ហើយ បើសិនជាថៃចូលមកដោយមិនប្រាប់ពួកយើងឲ្យដឹងអីៗអ៊ីចឹង វាជាន់មីនហើយ»។
គួររំឭកថា កាលពីរសៀលថ្ងៃទី១៦ វិច្ឆិកានេះ ទាហានឈុតខ្មៅថៃម្នាក់បានជាន់មីនបណ្តាលឲ្យផ្ទុះស្លាប់នៅតំបន់ភូម៉ាក់ខឿ ដែលខ្មែរហៅថាតំបន់ភ្នំទ្រព្យ នៅភាគខាងលិចប្រាសាទព្រះវិហារ បន្ទាប់ពីទាហានថៃ ២នាក់ផ្សេងទៀតបានរងរបួសដាច់ជើងដោយការជាន់មីននៅតំបន់ក្បែរគ្នានោះដែរកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០០៨ កន្លងមកនេះ៕
