ថៃ​នឹង​ស្នើ​ឲ្យ​យូណេស្កូ​ពិនិត្យ​ឡើង​វិញ​អំពី​ការ​ដាក់​ប្រាសាទ​ព្រះ​វិហារ​ជា​បេតិក​ភណ្ឌ​ពិភព​លោក

នាយក​រដ្ឋមន្ត្រី​ថៃ លោក អាក់ភិស៊ិត វេតឆាឈីវ៉ាក់ បាន​ថ្លែង​ចំពោះ​មុខ​ក្រុម​អ្នក​កាសែត​នៅ​ថ្ងៃ​ពុធ​នេះ​ថា រដ្ឋាភិបាល​ថៃ​នឹង​ស្នើ​សុំ​ឲ្យ​គណៈកម្មាធិការ​នៃ​អង្គការ​យូណេស្កូ ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​សម្រេច​ដាក់​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​ពិភពលោក​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៣៣​នៅ​ប្រទេស​អេស្ប៉ាញ ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​៣០ ខែ​មិថុនា​ខាង​មុខ​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ​សង្កត់​ធ្ងន់​ថា ចាប់​តាំង​ពី​ប្រាសាទ​ព្រះវិហារ​ត្រូវ​បាន​ប្រកាស​ជា​បេតិក​ភណ្ឌ​ពិភពលោក​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨​មក វា​បាន​ជំរុញ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​រវាង​កម្ពុជា​និង​ថៃ ហើយ​ថា រដ្ឋាភិបាល​ថៃ​នៅ​តែ​ប្រឆាំង​ជានិច្ច​ចំពោះ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​ពិភពលោក​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «យូណេស្កូ គឺ​ជា​អង្គការ​មួយ​ដែល​បង្កើត​ឡើង​ដើម្បី​ជំរុញ​ឲ្យ​មាន​សន្តិភាព។ យើង​ឃើញ​ថា មុន​ពេល​ដែល​មាន​គំនិត​ចង់​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិក​ភណ្ឌ​ពិភពលោក បញ្ហា​តូច​តាច​តែង​តែ​កើត​មាន​ឡើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ប៉ុន្តែ​ពុំ​ធ្ងន់​ធ្ងរ​ឡើយ។ ផ្ទុយ​ទៅ​វិញ ឥឡូវ​នេះ​គំនិត​ប្រហាក់​ប្រហែល​គ្នា​នោះ បែរ​ជា​នាំ​មក​ឲ្យ​យើង​នូវ​ការ​បាត់​បង់​និង​ខូច​ខាត។ ដូច្នេះ​ហើយ យើង​ចង់​ស្នើ​សុំ​ឲ្យ​អង្គការ យូណេស្កូ ពិនិត្យ​ឡើង​វិញ​នូវ​គោលការណ៍​ស្ថាបនា​របស់​ខ្លួន ព្រមទាំង​វាយ​តម្លៃ​ថា​តើ​ជម្លោះ​ដែល​កើត​ឡើង​ជុំវិញ​ប្រាសាទ​ព្រះវិហារ​នេះ​វា​ផ្ទុយ​នឹង​គោលការណ៍​នេះ​ដែរ​ឬ​ទេ?»

នាយក​រដ្ឋមន្ត្រី​ថៃ លោក អាក់ភិស៊ិត វេតឆាឈីវ៉ាក់ ថ្លែង​បន្ត​ថា លោក​ពុំ​បាន​លើក​យក​ករណី​ជម្លោះ​ប្រាសាទ​ព្រះវិហារ​មក​ជជែក​ពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​ដែល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​សប្តាហ៍​មុន​នោះ​ទេ ប៉ុន្តែ​លោក​សង្ឃឹម​ថា រាជ​រដ្ឋាភិបាល​ខ្មែរ​នឹង​យោគយល់​អំពី​គោល​ជំហរ​របស់​រាជ​រដ្ឋាភិបាល​ថៃ។

សូម​រំឭក​ជូន​ថា កាល​ពី​ឆ្នាំ​១៩៦២ ក្នុង​ជម្លោះ​ស្តីពី​ប្រាសាទ​ព្រះវិហារ​នេះ​ដែរ តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ​បាន​សម្រេច​ថា ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​របស់​ខ្មែរ​ពិត​មែន ក៏​ប៉ុន្តែ​ប្រទេស​កម្ពុជា​និង​ថៃ​នៅ​តែ​ឈ្លោះ​ប្រកែក​គ្នា​អំពី​កម្មសិទ្ធិ​លើ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​នៅ​ឡើយ​ទេ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​បោះ​បង្គោល​ព្រំ​សីមា​រហូត​មក​ដល់​ពេល​នេះ៕