អាជ្ញាធរ​ខ្មែរ​ថ្កោល​ទោស​ទាហាន​ថៃ​ដែល​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ

មន្ត្រី​សាលា​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ខែ្មរ​ចំនួន​១២​នាក់​ដែល​បាន​ឆ្លង​ដែន​ចូល​ដី​ថៃ​ដើម្បី​កាប់​ឈើ​គ្រញូង​មក​លក់​ដូរ ហើយ​ទទួល​រង​ការ​បាញ់​រះ​ពី​ក្រុម​ទាហាន​ថៃ​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់​នោះ បាន​វិល​ត្រឡប់​មក​ដល់​ផ្ទះ​សម្បែង​របស់​ពួក​គេ​វិញ​អស់​ហើយ​កាល​ពី​ពេល​ថ្មីៗ។

លោក ឈឹម ស៊ីវុធ ជំនួយការ​របស់​អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​កញ្ញា ថា ក្រុម​អ្នក​ភូមិ​ខ្មែរ​រួម​ទាំង​អ្នក​រង​របួស​និង​សាក​សព​ដែល​ទាហាន​ថៃ​បាញ់​ស្លាប់​ ដោយសារ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា បាន​វិល​មក​ដល់​ផ្ទះ​សម្បែង​ពួក​គេ​វិញ​អស់​ហើយ។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ទៀត​ថា តាំង​តែ​ពី​ដើម​ខែ​សីហា អាជ្ញាធរ​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ឲ្យ​ស្រុក​និង​ឃុំ​ទាំង​អស់ ទប់ស្កាត់​ប្រជា​ពលរដ្ឋ​ខ្មែរ​កុំ​ឲ្យ​ឆ្លង​ដែន​ចូល​ទៅ​ព្រំដែន​ថៃ បន្ទាប់​ពី​ថៃ​បាន​ប្រកាស​តឹងរ៉ឹង​ជំរុញ​ការ​ការពារ​ព្រៃ​ឈើ​នៅ​តាម​ព្រំ​ដែន​នោះ ៖ «យើង​ក៏​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ឲ្យ​ស្រុក​ពង្រឹង​តាម​ឃុំ តាម​ភូមិ​ឲ្យ​បាន​ដាច់​ខាត មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ឆ្លង​ទៅ​ផ្ដេស​ផ្ដាស​ទេ»

បុរស​ម្នាក់​ឈ្មោះ ប៉ិល ហាន នៅ​ភូមិ​ក្រូច​សាខន សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ដែល​ជា​អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​១១​នាក់​ទៀត​ដែល​បាន​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ព្រំដែន​ថៃ ហើយ​បាន​គេច​រួច​ពី​ការ​បាញ់​រះ​របស់​ទាហាន​ថៃ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា អ្នក​ភូមិ​ខ្មែរ​ទាំង​អស់​បាន​ចូល​មក​ដល់​ផ្ទះ​សម្បែង​ពួក​គេ​គ្រប់​គ្នា​ហើយ។

ចំណែក​ឯ​សាក​សព​របស់​យុវជន​ខ្មែរ​ម្នាក់​ឈ្មោះ ប៉ិល សារិទ្ធ អាយុ​១៦​ឆ្នាំ មាន​លំនៅ​នៅ​ភូមិ​ក្រូច​សាខន ក៏​ត្រូវ​បាន​ឪពុក​ប្តូរ​ជីវិត​លូន​ទៅ​យក​បាន​មក​ដែរ បើ​ទោះ​បី​ជា​ទាហាន​ថៃ​បាន​ប្រើ​ឧទ្ធម្ភាគ​ចក្រ​នៅ​តែ​ហោះ​ល្បាត​ក្បែរៗ​សាក​សព​នោះ​ក៏​ដោយ។

លោក ប៉ិល ហាន ថ្លែង​យ៉ាង​ដូច្នេះ ៖ «ម្សិលមិញ​ឪពុក​សាកសព​គាត់​លូន​ចូល​យក​សាក​សព​ហ្នឹង មិន​បាន​ពេញ​លេញ​ទេ បាន​ត្រឹម​ដៃ​ជើង​បន្តិចៗ សួត និង​ក្បាល​តែ​ប៉ុណ្ណោះ​ឯង។ ឆេះ​អស់​ហើយ គេ​ឃើញ​ចំណង​នៅ​នឹង​ដៃ ចង​ដៃ​មក​ក្រោយ។ យក​សាក​សព​មក​ដល់​ផ្ទះ​ហើយ»

មន្ត្រី​ខេត្ត​ឧត្តរ​មាន​ជ័យ បាន​មាន​ប្រសាសន៍​ថា ក្នុង​ការ​ជួប​ប្រជុំ​សម្រាប់​ខេត្ត​ខ្មែរ​-ថៃ​ដែល​មាន​ព្រំដែន​ជាប់​គ្នា​ដើម្បី​កិច្ច​សហការ​នៅ​តាម​ព្រំដែន​ជា​ញឹក​ញាប់ មន្ត្រី​ខ្មែរ​តែង​ស្នើ​សុំ​ទៅ​ភាគី​ថៃ​កុំ​ឲ្យ​បាញ់​សម្លាប់​ទៅ​លើ​ជន​ស៊ីវិល​ខ្មែរ​ដែល​បាន​ឆ្លង​ដែន​ខុស​ច្បាប់​ទាំង​នោះ ក៏​ប៉ុន្តែ​គេ​ឃើញ​ថា មន្ត្រី​ថៃ​ពុំ​ដែល​ឆ្លើយ​តប​ការ​ស្នើ​សុំ​របស់​មន្ត្រី​ខ្មែរ​ទេ។

មន្ត្រី​ខេត្ត​ឧត្តរ​មាន​ជ័យ​ដដែល បាន​មាន​ប្រសាសន៍​ទៀត​ថា ភាគី​ខ្មែរ​តែង​តែ​គោរព​មនុស្ស​ធម៌​ដែល​កន្លង​មក ក៏​ធ្លាប់​ចាប់​បាន​ប្រជា​ពលរដ្ឋ​ថៃ​ដែល​តែង​លួច​ឆ្លង​ចូល​ដី​ខ្មែរ​ដើរ​បាញ់​សត្វ​ព្រៃ​ដែរ ប៉ុន្តែ​កង​ទាហាន​ខ្មែរ​មិន​ដែល​បាញ់​សម្លាប់​ជន​ស៊ីវិល​ថៃ​ទាំង​នោះ​ទេ មាន​តែ​ចាប់​ខ្លួន​និង​ផ្តល់​ចំណី​អាហារ​រង់ចាំ​មន្ត្រី​ថៃ​មក​ទទួល​យក​ទៅ​វិញ​ប៉ុណ្ណោះ។

ចៅ​សង្កាត់​កូន​ក្រៀល លោក ឈុំ ធឿន បាន​មាន​ប្រសាសន៍​ថា សង្កាត់​បាន​ទទួល​បញ្ជាក់​ពី​ក្រុង​ឲ្យ​មេ​ភូមិ​ទាំង​អស់​ធ្វើ​ការ​ហាម​ឃាត់​ប្រជា​ពលរដ្ឋ​យ៉ាង​តឹងរ៉ឹង​កុំ​ឲ្យ​ឆ្លង​ដែន​ចូល​ដី​ថៃ ក៏​ប៉ុន្តែ​វិធាន​ការ​នោះ​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ទេ​ដោយសារ​ប្រជា​ពលរដ្ឋ​ខ្លះ​គ្មាន​អាហារ​គ្រប់​គ្រាន់​ក៏​ចេះ​តែ​លប​លួច​ឆ្លង​ដែន​ដដែល៕