តំណាង​ក្រុមហ៊ុន​ខ្មែរ​មួយ​ចំនួន​ព្រួយបារម្ភ​ពី​ឧបសគ្គ​នៃ​ការ​នាំ​អង្ករ​ចេញ

រដ្ឋាភិបាល​ថៃ ដែល​ទើប​ជាប់​ឆ្នោត ​មាន​ផែន​ការ​បង្កើន​​ថ្លៃ​ស្រូវ​ជូន​កសិករ​ថៃ ក្នុង​បំណង​បង្កើន​ជីវភាព​រស់នៅ​របស់​កសិករ​ថៃ​បាន​ប្រសើរ ហើយ​​​មាន​ផែនការ​ប្រមូល​ទិញ​ស្រូវ​​ពី​ប្រទេស​ជិត​ខាង​ខ្លួន ​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា​ផង​ដែរ។

​ផែន​ការ​ប្រមូល​ទិញ​ស្រូវ​នេះ ​ធ្វើឲ្យ​អ្នក​ជំនួញ​ខ្មែរ​ ព្រួយ​បារម្ភ​ថា នឹង​អាច​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​នៅ​កម្ពុជា​ឡើង​ថ្លៃ​ខ្ពស់​ជាង​សព្វថ្ងៃ និង​ធ្វើឲ្យ​កម្ពុជា​ពិបាក​ប្រកួតប្រជែង​ដេញថ្លៃ​ជាមួយ​ឈ្មួញ​ថៃ​និង​វៀតណាម។

តំណាង​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​នៃ​ប្រទេស​កម្ពុជា​មួយ​ចំនួន​ បាន​សម្ដែង​ក្ដី​ព្រួយបារម្ភ​ថា ​ផែនការ​នាំ​អង្ករ​ចេញ​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​គ្រោង​នាំ​អង្ករ​ទៅ​លក់​នៅ​ផ្សារ​ពិភពលោក​ចំនួន​ ១ ​លាន​តោន​នៅ​ឆ្នាំ២០១៥ នឹង​អាច​ជួប​ឧបសគ្គ​ បើសិនជា​ឈ្មួញ​នាំ​ចេញ​អង្ករ​របស់​ថៃ នាំ​គ្នា​មក​ប្រមូល​ទិញ​ស្រូវ​ និង​អង្ករ​ពី​កម្ពុជា​នៅ​រដូវ​ច្រូត​កាត់​ខាងមុខនេះ។

ការ​ព្រួយបារម្ភ​នេះ​កើត​ឡើង​បន្ទាប់​ពី កាសែត​បាងកក​ប៉ុស្តិ៍ ចុះផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍ទី២៨ កក្ដដា​​ថា ​លោក​ស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) នាយករដ្ឋមន្ត្រី​​រដ្ឋាភិបាល​ថៃ​ ដែល​ទើប​ជាប់​ឆ្នោត​មក​​ពី​គណបក្ស​ភឿ​ថៃ (Pheu Thai) ប្រកាស​មាន​ផែន​ការ​ជួយ​លើក​ស្ទួយ​ជីវភាព​កសិករ​ថៃ ដោយ​យល់ព្រម​បង្កើន​តម្លៃ​ស្រូវ​ដែល​កសិករ​ថៃ​ផលិត តាម​កិច្ចសន្យា​ដែល​បាន​សន្យា​មុន​ពេល​ជាប់​ឆ្នោត​ថា ​នឹង​ដំឡើង​​ថ្លៃ​អង្ករ​ ដូច​ជា​តម្លៃ​អង្ករ​ស​ក្នុង​មួយ​តោន​ថ្លៃ​ ១៥.០០០ ​បាត ​គឺ​ស្មើ​ ៥០៥​ ដុល្លារ​អាមេរិក​ និង​អង្ករ​ក្រអូប​ថ្លៃ ២០.០០០ ​បាត​ គឺ​ស្មើ​​ជាង ​៧០០ ដុល្លារ​ក្នុង​មួយ​តោន។

តម្លៃ​នេះ​ថ្លៃ​ខ្ពស់​ជាង​តម្លៃ​ទី​ផ្សារ​បច្ចុប្បន្ន ធ្វើ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នាំ​អង្ករ​ចេញ​របស់​ថៃ ដែល​មាន​ផែនការ​នាំ​អង្ករ​ចេញ​ចំនួន ​៥​ លាន​តោន​ នៅ​ឆ្នាំ​២០១២ ជួប​បញ្ហា​ខ្វះ​អង្ករ​នាំចេញ ហើយ​បាន​ជំរុញ​ឲ្យ​ពួកគេ​ ងាកមកសម្លឹងមើលការទិញអង្កពីប្រទេសជិតខាងថៃ មានកម្ពុជា និង​វៀតណាម ​ដើម្បីកិនជាអង្កនាំចេញទៅវិញ។

លោក ឆារឺន លតថាម៉ាត (Charoen Laothamatas) អនុប្រធាន​សមាគម​នាំ​អង្ករ​ចេញ​របស់​ថៃ ត្រូវ​បាន​ប្រភព​ព័ត៌មាន​ដដែល ស្រង់​សម្ដី​ថា បើ​សិន​ជា​ផែន​ការ​របស់​រដ្ឋាភិបាល​ថៃ​ចាប់​ផ្ដើម​មែន​នោះ តម្លៃ​អង្ករ​លើ​ទីផ្សារ​នឹង​កើន​ឡើង​ខ្ពស់​ដល់​ទៅ ១.៤០០ ដុល្លារ​ក្នុង​មួយ​តោន ដែល​ជា​ការ​ពិបាក​ប្រកួតប្រជែង​លើ​តម្លៃ​ទីផ្សារ​បច្ចុប្បន្ន។​​

លោក ភូ ពុយ ប្រធាន​ក្រុមហ៊ុន​ហ្រ្គីនត្រេដ (Green trade) ដែល​ជា​ក្រុមហ៊ុន​កម្ពុជា​មួយ​នាំ​អង្ករ​ចេញ​បាន​ព្យាករ​​ថា ផែន​ការ​ថ្មី​របស់​រដ្ឋាភិបាល​លោកស្រី យីងឡាក់ នឹងធ្វើឲ្យកសិករកម្ពុជា ​បាន​ទទួល​ប្រយោជន៍​ដូច​កសិករ​ថៃ​។ ក៏ប៉ុន្តែ ធ្វើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួប​ឧបសគ្គ​ខ្វះ​អង្ករ​នាំចេញ មិន​ដូច​ផែនការ​ដែល​បាន​កំណត់​កន្លង​មក​​ ៖​ «បើ​សិន​ជ្រៀតចូល​ទិញ​ស្រុក​ខ្មែរ​អា​នឹង​វា​នឹង​តម្លៃ​ល្អ​របស់​កសិករ​ បើ​សិន​ជា​គោល​ការណ៍​ថៃ​ថា រដ្ឋ​ទិញ​ថ្លៃ​ តែ​ថៃ​ឯកជន​លក់​ចេញ​តាម​តម្លៃ​ទីផ្សារ​ធម្មតា​ តម្លៃ​មិន​ដូច​រដ្ឋ ណា​នឹង​យើង ពិបាក​ហើយ​ចំពោះ​ការប្រកួតប្រជែង​តម្លៃ​ទីផ្សារ ​ដោយសារ​យើង​ទិញ​ថ្លៃ គេ​​លក់​អង្ករ​ចេញ​ថោក»។

ដោយសារ​ឈ្មួញ និង រោងម៉ាស៊ីនកិនស្រូវកម្ពុជា ខ្វះ​ទុន​វិនិយោគ​ កែច្នៃ​ផលិតផល​ស្រូវ​ទៅ​លក់​នៅ​ទីផ្សារ​បរទេស បាន​ធ្វើ​ឲ្យ​ស្រូវ​កសិករ​ខ្មែរ​ត្រូវ​ឈ្មួញ​មក​ពី​ប្រទេស​ជិត​ខាង​ទិញ​ក្នុង​តម្លៃ​ថោក​ នាំ​ចេញ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។​​

លោ ​តូច តែ​ពេជ្រ ប្រធាន​ក្រុមហ៊ុន​នៃ​អង្ករ​ចេញ តូច តែពេជ្រ អ៊ិមភ័ត អេច​ស្ព័ត (Import Export) ​នៅ​ខេត្ត​ស្វាយរៀង​ជាប់​ព្រំដែន ​វៀតណាម បាន​ព្យាករ​​ថា ឈ្មួញ​វៀត​ណាម​បាន​ចុះ​មក​ទិញ​ស្រូវ​នៅ​កម្ពុជា យ៉ាង​ហោចណាស់​ចំនួន​ជាង​មួយ​លាន​តោន ក្នុង​មួយឆ្នាំៗ រយៈពេល​កន្លងមក ខណៈ​ដែល​ឈ្មួញ​ថៃ​ទិញ ​ស្រូវ​ប្រហែល​មួយ​លាន​តោន ពី​កសិករ​ខ្មែរ​តាម​ខេត្ត​ក្បែរ​ព្រំដែន​ ដោយសារ​តែ​កម្ពុជា​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ដើរ​ប្រមូល​ទិញ។

លោក​ថា ស្រូវ​កសិករ​ខ្មែរ​រាប់​លាន​តោន​ទៀត​នឹង​ហូរ​ចូល​ទៅ​ប្រទេស​ជិត​ខាង បើ​សិន​ជា​កម្ពុជា​មិន​កែ​ទម្រង់​ទប់ទល់​យុទ្ធសាស្ត្រ​របស់​គោលការណ៍​ថ្មី​របស់​រដ្ឋាភិបាល​ថៃ​នេះ​ ៖ «​កង្វល់​របស់​ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​សព្វថ្ងៃ​ទៅ ​មួយ​គឺ​កង្វល់​រឿង​ថវិកា​ យើង​នៅ​មាន​ទុន​ខ្សោយ​ណាស់។​ យើង​មិន​អាច​ប្រមូល​បរិមាណ​ទិញ​ស្រូវ​ឲ្យ​អស់​ពី​​កសិករ​ទេ។ ទីផ្សារ​បញ្ជា​ទិញ​គឺថា មាន​បញ្ជាទិញ​ គឺ​ថា តួលេខ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​កើន​ឡើង​ជានិច្ច​។ ប៉ុន្តែ​ កង្វល់​របស់​កម្ពុជា​​រាល់​ថ្ងៃ​ដែល​នាំ​ចេញ មិន​បាន​ដូច​ចិត្ត​យើង។ កង្វល់​ទី​មួយ ​គឺ​​ខ្វះ​ទុន​សម្រាប់​ទិញ​ស្តុក កង្វល់​ទី២ ទុន​សម្រាប់​បំពាក់​ឧបករណ៍​កែ​ឆ្នៃ។ ពីរ​ហ្នឹង ​គឺ​ជា​​កត្តា​សំខាន់។​ ប៉ុន្តែ​ បរិមាណ​ស្រូវ​អត់​ខ្វះ​ទេ»។

លោក តូច តែពេជ្រ ឲ្យ​ដឹង​ថា តម្លៃ​ស្រូវ​​ដែល​ជា​អង្ករ​ធម្មតា​សព្វ​ថ្ងៃ​ថ្លៃ​ ​១.២០០ ទៅ​ ១.៣០០ រៀល​ក្នុង​មួយ​គីឡូ​ក្រាម​ និង​​អង្ករ​ក្រអូប​ថ្លៃ​ ១.៥០០ ​រៀល​ក្នុង​មួយគីឡូ​ក្រាម​ ​ដែល​លោក​ថា តម្លៃ​នេះ​ថ្លៃ​គួរសម។

ក្នុង​ពេល​ដែល​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ​នានា កំពុង​​ព្រួយបារម្ភ​អំពី​តម្លៃ​ស្រូវ​អង្ករ​នៅ​ស្រុក​ខ្មែរ​នឹង​អាច​ឡើង​ថ្លៃ​នោះ ធ្វើ​ឲ្យ​មុខ​ជំនួញ​ពួក​គេ​ពិបាក​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ។ កសិករ​ខ្មែរ​មួយ​ចំនួន​បាន​លួច​សង្ឃឹម​ថា ពួកគាត់​នឹង​មាន​ជីវភាព​ធូរធារ​ មិន​ខុស​ពី​កសិករ​ថៃ​ប៉ុន្មាន​ទេ បើ​សិន​ជា​ផែនការ​របស់​ថៃ​ត្រូវ​អនុវត្ត​មែន​នោះ។

លោក អូន សុផល ​ប្រធាន​បណ្ដាញ​កសិករ ​និង​ធម្ម​ជាតិ​ ដែល​ធ្វើ​ការ​ជាមួយ​សហគមន៍​កសិករ​ជា​ង​ ១០០ សហគមន៍​នៅ​ទូទាំង​ប្រទេស​ មាន​បំណង​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បង្កើត​ផែនការ​ជួយ​រក​ទីផ្សារ​កសិករ​ខ្មែរ​ដូច​រដ្ឋាភិបាល​ថៃ​ ដែល​ចេះ​យក​ចិត្ត​ទុកដាក់​ដល់​កសិករ​ថៃ​នៅ​ពេល​នេះ។

ទោះ​ជា​យ៉ាងណាក្ដី​ កាសែត​ថៃ​បាងកក​ប៉ុស្តិ៍​អះអាង​ថា ផែនការ​រដ្ឋាភិបាល​​លោកស្រី យីងឡាក់ ជួយ​បង្កើន​ថ្លៃ​ស្រូវ​អង្ករ​កសិករ​នេះ នឹង​អនុវត្ត​នៅ​ខែ​វិច្ឆិកា ​ខាងមុខ​នេះ ដែល​ពេល​នោះ​គឺ​ចំ​ពេល​​រដូវ​ច្រូត​កាត់​ប្រមូល​ផល​ស្រូវ​តែម្ដង៕