បុរសម្នាក់នៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ បានឲ្យដឹងកាលពីរសៀលថ្ងៃច័ន្ទ ទី៥ ខែឧសភា ថា បុរសជនជាតិខ្មែរចំនួន ៧នាក់នោះ ត្រូវកងទាហានថៃខេត្តស៊ីសាកេត ចាប់ខ្លួន ៣ថ្ងៃមកហើយ បន្ទាប់ពីបានចូលទៅស៊ីឈ្នួលលើកឈើនៅក្នុងទឹកដីថៃ រហូតមកដល់ពេលនេះមិនទាន់បានដំណឹងនៅឡើយ ៖ «ថៃគេថាពួកឈុតខ្មៅ និងពួកប៉ារ៉ា ចាប់ ៧នាក់ គាត់ទៅស៊ីឈ្នួលលើកឈើគេ ។ នៅព្រំប្រទល់ត្រពាំងប្រាសាទហ្នឹងខាងជើងជាប់ភ្នំដងរ៉ែកហ្នឹង នៅត្រង់ហ្នឹងតែម្ដង ។ ក្រុមគ្រួសារគ្នាភ័យណាស់ឲ្យជួយស៊ើបជួយអង្កេតមើល ក្រែងលោវាម៉េច បើថាបាត់ស្លាប់ឲ្យដឹងថាស្លាប់ បើថារស់ឲ្យដឹងថារស់ទៅ» ។
ក្រុមគ្រួសារអ្នកចាប់ខ្លួនទាំងនោះ កំពុងស្វែងរកជំនួយពីអាជ្ញាធរស្រុកត្រពាំងប្រាសាទ ដើម្បីឲ្យជួយទំនាក់ទំនងទៅអាជ្ញាធរថៃ តាមរកប្ដីរបស់ពួកគេ ។
អភិបាលស្រុកត្រពាំងប្រាសាទ លោក វ៉ាន់ កុសល បានមានប្រសាសន៍ថា លោកបានទទួលព័ត៌មានស្ដីពីការចាប់ខ្លួននោះ ពីក្រុមគ្រួសារបុរសទាំង ៧នាក់ហើយ ។
លោក វ៉ាន់ កុសល បានមានប្រសាសន៍ថា បុរសខ្មែរទាំង ៧នាក់ បានចូលទៅក្នុងទឹកដីថៃ ស្រុកឃុនហាន ខេត្តស៊ីសាកេត ហើយត្រូវអាជ្ញាធរថៃ ចាប់ខ្លួនបញ្ជូនយកទៅតាមឧទ្ធម្ភាគចក្រ ។
មន្រ្តីស្រុកដដែលបានឲ្យដឹងថា អាជ្ញាធរស្រុកកំពុងរាយការណ៍ព័ត៌មាននេះបញ្ជូនទៅសាលាខេត្តឧត្ដរមានជ័យ ដើម្បីឲ្យចាត់វិធានការដោះស្រាយ ។
លោក វ៉ាន់ កុសល មានប្រសាសន៍ដូច្នេះថា ៖ «គាត់ខ្វះខាតដើររកស៊ីតាមព្រំប្រទល់ហ្នឹង ហើយគាត់មិនដឹងបន្ទាត់ព្រំប្រទល់ត្រង់ណាៗ ព្រោះប្រជាជនគាត់អត់ដឹង ។ ឆ្លងដីគេអាហ្នឹងគេចាប់ទៅ មានយន្តហោះអីចាប់យកទៅផង ប៉ុន្តែមិនទាន់ច្បាស់ដែរ ដឹងតែគេចាប់គាត់ទៅបាត់ទៅ ។ ឥឡូវខ្ញុំរាយការណ៍ទៅខេត្តឲ្យខេត្តធ្វើរបាយការណ៍មួយ ទៅក្រសួងមហាផ្ទៃប្រញាប់ដែរ ដើម្បីដោះស្រាយបញ្ហាប្រជាពលរដ្ឋយើង ដែលត្រូវគេចាប់យកទៅហ្នឹង» ។
ក៏ប៉ុន្តែអភិបាលខេត្តឧត្ដរមានជ័យ លោក ប៉ិច សុឃិន បានមានប្រសាសនៃថា របាយការណ៍នោះមិនទាន់បានមកដល់ដៃលោកនៅឡើយ ហើយខេត្តក៏មិនទាន់ចាត់វិធានការណ៍ណាមួយទេ ប្រសិនបើបានទទួលព៍ត៌មាននោះ ខេត្តនឹងចាត់មន្រ្តីប៉ុស្តិ៍នៅតាមព្រំដែនឲ្យដោះស្រាយជាមួយភាគីថៃ ។
លោក ប៉ិច សុឃិន មានប្រសាសន៍ថា ៖ «ខ្ញុំកំពុងឲ្យស្រុកគេធ្វើរបាយការណ៍មកហើយ ឲ្យរឿងហ្នឹងមកដល់ខ្ញុំសិន សមត្ថកិច្ចច្រកនីមួយៗទៅស្រាវជ្រាវ» ។
នៅថ្ងៃច័ន្ទនេះមិនអាចស្វែងរកការជួបបំភ្លឺពីអាជ្ញាធរថៃ និងមន្រ្តីស្ថានទូតថៃ ប្រចាំកម្ពុជាបានទេ ។
សូមរំឭកថា កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០០៧ កន្លងមក កងទាហានឈុតខ្មៅការពារព្រំដែនរបស់ថៃ ក្នុងស្រុកកាប់ចឺង ខេត្តសុរិន្ទ បានចាប់ខ្លួនបុរសជនជាតិខ្មែរ ៥នាក់នៅស្រុកសំរោង និងស្រុកបន្ទាយអំពិលខេត្តឧត្ដរមានជ័យម្ដងមកហើយ យកទៅដាក់ពន្ធនាគារឯប្រទេសថៃ ដោយចោទប្រកាន់ជនជាតិខ្មែរទាំងនោះ ថាបានចូលទៅកាប់ឈើខុសច្បាប់ក្នុងទឹកដីថៃ ៕
