ថាក់ស៊ីន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា

អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​វិញ​ហើយ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​បាន​ឈប់​សំចត​មួយ​យប់​កាល​ពី​ថ្ងៃ​ពុធ ក្នុង​ដំណើរ​ទៅ​កាន់​ក្រុង​ឌូបៃ ប្រទេស អារ៉ាប់រួម អេមៀរ៉ាត។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ដែល​តុលាការ​ថៃ​បាន​វិនិច្ឆ័យ​ឲ្យ​មាន​ទោស​ជាប់​ពន្ធនាគារ​ពីរ​ឆ្នាំ​បាន​ចំណាយ​ពេល​ជួប​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ហើយ​ទទួល​ទាន​ភោជនាហារ​ជាមួយ​គ្នា។

យោង​តាម​កាសែត​ថៃ The Nation លោក ប្រាក់ សុខុន អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ថ្លែង​បញ្ជាក់​ថា កាល​ណា​អ្នក​នយោបាយ​ជួប​គ្នា​គេ​តែងតែ​និយាយ​គ្នា​អំពី​រឿង​នយោបាយ។

លោក ថាក់ស៊ីន បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ជា​លើក​ទី​បី​ហើយ បន្ទាប់​ពី​តុលាការ​ថៃ​កាត់​ទោស​រូប​លោក​អំពី​បទ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុក​រលួយ​និង​បំពាន​ច្បាប់៕