ព័ត៌មាននេះត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ដកស្រង់ផ្សាយបន្តនូវសេចក្តីអះអាងរបស់ស្រ្តីថៃម្នាក់ដែលជាសមាជិករបស់គណបក្ស ភឿថៃ តែសុំមិនបញ្ចេញឈ្មោះ។
ប្រភពដដែលបានឲ្យដឹងថា នៅក្នុងសន្និសីទកាលពីថ្ងៃអង្គារកន្លងមកនេះ ដែលមានទាំងការថតវីដេអូផង លោក ថាក់ស៊ីន បានថ្លែងប្រាប់សមាជិកមួយចំនួនរបស់គណបក្ស ភឿថៃ ដែលពាក់អាវយឺតពណ៌ក្រហមជាសម្គាល់ គឺលោកប្រកាសអំពីគម្រោងដែលលោកគ្រោងនឹងមកកម្ពុជាតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន ដែលបានសន្យាផ្តល់តួនាទីឲ្យលោក ថាក់ស៊ីន ធ្វើជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ច។
សូមរំឭកជូនថា លោក ថាក់ស៊ីន ត្រូវបានកងទ័ពថៃធ្វើរដ្ឋប្រហារដកលោកចេញពីតំណែងនាយករដ្ឋមន្រ្តីថៃកាលពីឆ្នាំ២០០៦ ក្នុងគ្រាដែលលោកគ្មានវត្តមាននៅក្នុងប្រទេសថៃ។ បន្ទាប់មកតុលាការប្រទេសថៃបានកាត់ទោសឲ្យលោក ថាក់ស៊ីន មានទោសត្រូវជាប់ពន្ធនាគារ២ឆ្នាំពីបទបានប្រព្រឹត្តអំពើពុករលួយ។ តែតាំងពីពេលនោះមកលោក ថាក់ស៊ីន បន្តនិរទេសខ្លួននៅបរទេស ហើយកាលពីពេលថ្មីៗកន្លងមកនេះ រដ្ឋាភិបាលនៃប្រទេសអង់គ្លេសនិងអាល្លឺម៉ង់ក៏បានដកហូតទិដ្ឋាការឆ្លងដែនលែងឲ្យលោក ថាក់ស៊ីន ស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសទាំង២នោះតទៅទៀត៕
