ថាក់ស៊ីន នឹង​មក​កម្ពុជា​ដើម្បី​អរគុណ​នាយក​រដ្ឋមន្ត្រី​ខ្មែរ

ព័ត៌មាន​ពី​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា លោក ថាក់ស៊ីន ឈីនណាវ៉ាត្រ (Thaksin Shinawatra) បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​នឹង​ធ្វើ​ដំណើរ​តាម​យន្តហោះ​មក​កម្ពុជា​នា​ពេល​ឆាប់ៗ​នេះ​ដើម្បី​ថ្លែង​អំណរ​គុណ​ដល់​លោក ហ៊ុន សែន។

ព័ត៌មាន​នេះ​ត្រូវ​បាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដក​ស្រង់​ផ្សាយ​បន្ត​នូវ​សេចក្តី​អះអាង​របស់​ស្រ្តី​ថៃ​ម្នាក់​ដែល​ជា​សមាជិក​របស់​គណបក្ស ភឿថៃ តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​សន្និសីទ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ ដែល​មាន​ទាំង​ការ​ថត​វីដេអូ​ផង លោក ថាក់ស៊ីន បាន​ថ្លែង​ប្រាប់​សមាជិក​មួយចំនួន​របស់​គណបក្ស ភឿថៃ ដែល​ពាក់​អាវ​យឺត​ពណ៌​ក្រហម​ជា​សម្គាល់ គឺ​លោក​ប្រកាស​អំពី​គម្រោង​ដែល​លោក​គ្រោង​នឹង​មក​កម្ពុជា​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ដែល​បាន​សន្យា​ផ្តល់​តួនាទី​ឲ្យ​លោក ថាក់ស៊ីន ធ្វើ​ជា​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច។

សូម​រំឭក​ជូន​ថា លោក ថាក់ស៊ីន ត្រូវ​បាន​កង​ទ័ព​ថៃ​ធ្វើ​រដ្ឋ​ប្រហារ​ដក​លោក​ចេញ​ពី​តំណែង​នាយក​រដ្ឋមន្រ្តី​ថៃ​កាល​ពី​ឆ្នាំ​២០០៦ ក្នុង​គ្រា​ដែល​លោក​គ្មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​ថៃ។ បន្ទាប់​មក​តុលាការ​ប្រទេស​ថៃ​បាន​កាត់​ទោស​ឲ្យ​លោក ថាក់ស៊ីន មាន​ទោស​ត្រូវ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ពី​បទ​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ តែ​តាំង​ពី​ពេល​នោះ​មក​លោក ថាក់ស៊ីន បន្ត​និរទេស​ខ្លួន​នៅ​បរទេស ហើយ​កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ រដ្ឋាភិបាល​នៃ​ប្រទេស​អង់គ្លេស​និង​អាល្លឺម៉ង់​ក៏​បាន​ដក​ហូត​ទិដ្ឋាការ​ឆ្លង​ដែន​លែង​ឲ្យ​លោក ថាក់ស៊ីន ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ប្រទេស​ទាំង​២​នោះ​ត​ទៅ​ទៀត៕