អ្នក​វិភាគ៖ លោក ថាក់ស៊ីន មក​កម្ពុជា​ជា​រឿង​នយោបាយ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ បាន​ទស្សនកិច្ច​នៅ​កម្ពុជា នា​ខែត្រ​សៀមរាប ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ រួម​ទាំង​អ្នក​គាំទ្រ​របស់​លោក​រាប់​ម៉ឺន​នាក់​ទៀត​នោះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មិន​មាន​ផល​ប្រយោជន៍​អ្វី​សម្រាប់​កម្ពុជា នោះ​ទេ។

0:00 / 0:00

វត្តមាន​របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នៅ​កម្ពុជា នា​ឱកាស​ពិធី​បុណ្យ​ជាតិ​ប្រពៃណី​ខ្មែរ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា ជា​រឿង​នយោបាយ ពីព្រោះ​ថា រាល់​ការ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​របស់​លោក ថាក់ស៊ីន ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​នោះ បង្កប់​អត្ថន័យ​នយោបាយ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ប្រកាស​ថា វត្តមាន​របស់​លោក ថាក់ស៊ីន មក​កម្ពុជា នៅ​ពេល​នេះ ក្នុង​នាម​ជា​មិត្តភ័ក្ដិ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ក្នុង​នាម​ជា​អ្នក​ទេសចរ​មួយ​រូប​ក៏ដោយ។

អ្នក​វិភាគ​ឯករាជ្យ​លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​លោក ថាក់ស៊ីន និង​អ្នក​គាំទ្រ​លោក ក្រុម​អាវ​ក្រហម​មក​កម្ពុជា នៅ​ពេល​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា កំពុង​ផ្ញើ​សារ​មួយ​ទៅ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​ជា​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​ថៃ ថា រដ្ឋាភិបាល​កម្ពុជា មាន​តុល្យភាព​ផ្នែក​នយោបាយ ឬ​រដ្ឋាភិបាល​ខ្មែរ​មាន​យុទ្ធសាស្ត្រ​នយោបាយ​ដោះដូរ​ទៅ​លើ​រឿង​ជម្លោះ​ព្រំដែន​ខ្មែរ​ថៃ។

លោក​បណ្ឌិត សុខ ទូច៖ «បើ​ទិដ្ឋភាព​នយោបាយ​យើង​ជា​ជ្រញ់​គេ​រហូត​រឿង​អី​ដែល​យើង​ដើរ​កាំបិត​ម្ដង​មិន​បាន? ធ្វើ​បែប​នេះ​ខ្មែរ​ជា​លក្ខណៈ​ល្អ ហើយ​ប្រាប់​ខាង​កើត​ផង បើ​អ្នក​ឯង​រញ៉េរញ៉ៃ ខ្មែរ​ក៏​អាច​ធ្វើ​ដូច​នេះ​បាន​ដែរ។ ខាង​កើត​យ៉ាប់​ជាង​ខាង​ជើង​ទៅ​ទៀត អ៊ីចឹង​កម្ពុជា​គួរ​តែ​ដើរ​ជា​អ្នក​ចែក​បៀរ មិន​គួរ​ដែរ​ជា​អ្នក​ធីប ជា​ទូទៅ​គ្រប់​សម័យកាល។ សម័យ​ហូជីមិញ គេ​ចែក​សន្លឹក​បៀរ​ឲ្យ​នៅ​ឆ្នាំ​១៩២៩ ឆ្នាំ​១៩៣០ បក្ស​ឥណ្ឌូ​ចិន​គេ​ចែក​ឲ្យ សម័យ ប៊ុន ចាន់មុល គេ​ចែក​ឲ្យ»

លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីត​ជា​នាយករដ្ឋមន្ត្រី​ថៃ បច្ចុប្បន្ន​ជា​ទណ្ឌិត​នយោបាយ។ លោក​បាន​មក​ដល់​ខែត្រ​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៤ មេសា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី និង​មាន​អ្នក​គាំទ្រ​លោក ក្រុម​អាវ​ក្រហម​នៃ​គណបក្ស​ភឿថៃ មក​ខែត្រ​សៀមរាប ជាង ៣​ម៉ឺន​នាក់ ដើម្បី​មក​ជួប​លោក។

លោក ថាក់ស៊ីន ត្រូវ​បាន​កង​យោធា​ថៃ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រូប​លោក​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី កាល​ពី​ឆ្នាំ​២០០៦ បន្ទាប់​មក​ត្រូវ​បាន​តុលាការ​ថៃ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ២​ឆ្នាំ ពី​បទ​ពុករលួយ។

លោក ថាក់ស៊ីន ក៏​ធ្លាប់​ជា​ទីប្រឹក្សា​​របស់​លោក ហ៊ុន សែន និង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​តំណែង​ទាំង​នេះ លោក ថាក់ស៊ីន បាន​លាលែង​វិញ​កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១០ ក្នុង​ហេតុផល​ថា លោក​គ្មាន​ពេល​វេលា​គ្រប់គ្រាន់។ ការ​លាលែង​នេះ នៅ​ខណៈ​ដែល​សង្គ្រាម​ព្រំដែន​កម្ពុជា-​ថៃ កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា​យ៉ាង​ក្ដៅ​គគុក។

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហប្រតិបត្តិការ និង​សន្តិភាព លោក ឈាង វណ្ណារិទ្ធិ មាន​ប្រសាសន៍​ថា ការ​អញ្ជើញ​មក​កម្ពុជា របស់​លោក ថាក់ស៊ីន និង​ប្រជាជន​ថៃ ក្រុម​អាវ​ក្រហម​នៅ​ពេល​នេះ​វា​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់​ទំនង​គ្នា​កាន់​តែ​ល្អ​រវាង​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ និង​ធ្វើ​ឲ្យ​កាន់​តែ​ស្គាល់​អំពី​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ៖ «មិន​មែន​តែ​ខ្មែរ​យើង​ទេ​ដែល​ទទួល​គាត់ ប្រទេស​មួយ​ចំនួន​នៅ​លើ​សាកល​លោក​ក៏​ទទួល​គាត់​ដែរ ដូចជា​នៅ​ប្រទេស​ឡាវ ភូមា ម៉ាឡេស៊ី ប្រទេស​ទាំង​៤ នៅ​ជុំវិញ​ថៃ​ហ្នឹង ទទួល​គាត់​ទាំង​អស់។ និយាយ​រួម​កាល​លោក ថាក់ស៊ីន នៅ​កាន់​អំណាច​ហ្នឹង លោក​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ការ​មក​ទស្សនា​អង្គរវត្ត​របស់​ក្រុម​អាវ​ក្រហម​ថៃ ជាង ៣​ម៉ឺន​នាក់​នេះ ត្រូវ​បាន​សាធារណជន​មួយ​ចំនួន​រិះគន់​ថា វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ដែល​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​ក្រុម​អាវ​ក្រហម​ថៃ មក​ទស្សនា​អង្គរវត្ត​ដោយ​មិន​បាច់​បង់​ថ្លៃ​សំបុត្រ​ក្នុង​នាម​ជា​ជន​បរទេស ដែល​ជា​ធម្មតា​ត្រូវ​បង់​ថ្លៃ ២០​ដុល្លារ​ក្នុង​មនុស្ស​ម្នាក់។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Asia News Network បាន​ឲ្យ​ដឹង​ថា កម្ពុជា​បាន​បាត់​បង់​ចំណូល​ប្រមាណ​ជិត ១​លាន​ដុល្លារ ដោយសារ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ថៃ ទាំង​នោះ ចូល​ទស្សនា​ប្រាសាទ​ដោយ​ឥត​បង់​ថ្លៃ​សំបុត្រ​នោះ។

ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ លោក ស៊ូ ភិរិន្ទ ជា​អភិបាល​ខេត្ត​សៀមរាប។ លោក​បាន​បញ្ជាក់​ថា វា​មិន​មាន​ការ​ខាត​បង់​អ្វី​ទេ ពីព្រោះ​ថា កាល​លោក ថាក់ស៊ីន នៅ​ជា​នាយករដ្ឋមន្ត្រី លោក​បាន​ផ្ដល់​ជំនួយ​ជា​ច្រើន​ដល់​កម្ពុជា៖ «បើ​និយាយ​ផលប្រយោជន៍​សេដ្ឋកិច្ច​យើង​ទទួល​បាន​ច្រើន​ណាស់ នៅ​តាម​ភោជនដ្ឋាន​មួយៗ​លក់​ដាច់​ណាស់ ពួកគាត់​ចំណាយ​ម្នាក់​ពី ១០០ ទៅ ២០០​ដុល្លារ យើង​គុណ​មើល? មិន​ខាត​បង់​អី​ទេ»

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នក​វិភាគ​ឯករាជ្យ​បាន​លើក​ហេតុផល​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​លូក​ដៃ​ទៅ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ថៃ ទៅ​វិញ ដែល​បាន​អនុញ្ញាត​ឲ្យ​លោក ថាក់ស៊ីន ក្នុង​នាម​ជា​ទណ្ឌិត​ដែល​កំពុង​មាន​បញ្ហា​ផ្នែក​នយោបាយ​នៅ​ក្នុង​ប្រទេស​កំណើត​របស់​លោក​នោះ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ជា​អ្នក​វិភាគ​ឯករាជ្យ បាន​ពន្យល់​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តែ​ពិនិត្យ​មើល​ប្រវត្តិសាស្ត្រ​កម្ពុជា ឡើង​វិញ ពីព្រោះ​ថា ប្រវត្តិសាស្ត្រ​កម្ពុជា​មិន​ដែល​ចំណេញ​ពី​ប្រទេស​ជិត​ខាង​ដោយសារ​តែ​ការ​ជួយ​គេ​នេះ​ទេ។ នៅ​ត្រង់​ចំណុច​នេះ លោក ឡៅ ម៉ុងហៃ បញ្ជាក់​ថា វា​មិន​មែន​ជា​រឿង​ល្អ​ទេ ដែល​រដ្ឋាភិបាល​កម្ពុជា មាន​ទំនាក់ទំនង​តែ​បក្ស​ភឿថៃ ឬ​ក្រុម​អាវ​ក្រហម​នោះ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «ជា​ពិសេស​គឺ​ផ្គើន​គណបក្ស​របស់​អតីត​នាយករដ្ឋមន្ត្រី លោក អាភីស៊ីត (Abhisit Vejjajiva) ដែល​គណបក្ស​ចាញ់​ឆ្នោត​ខាង​កងទ័ព​ដូច​មិន​សប្បាយ​ចិត្ត​នឹង ថាក់ស៊ីន ព្រះមហាក្សត្រ​ក៏​ដូច្នោះ​ដែរ ដូច្នេះ​យើង​ជួយ​ម្ខាង ទាស់​សតិ​អារម្មណ៍​ម្ខាង​ទៀត​ដែរ ដូច្នេះ​បើ​សិន​មិត្តភាព​ចង​មិត្តភាព​រវាង​ប្រទេស​និង​ប្រទេស ប្រជាជន​និង​ប្រជាជន ចុះ​បើ​សិន​ជា​គេ (អាភីស៊ីត)ឈ្នះ​ឆ្នោត​វិញ យើង​គិត​យ៉ាង​មិច​ទៅ?»

បន្ថែម​ពី​លើ​បញ្ហា​នេះ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​លើក​ទឡ្ហីករណ៍​ជា​ច្រើន ដែល​ថា រដ្ឋាភិបាល​កម្ពុជា បាន​ស្វាគមន៍​លោក ថាក់ស៊ីន នោះ ថា វា​មិន​មាន​ផល​ប្រយោជន៍​សម្រាប់​កម្ពុជា និង​មិន​ល្អ​មើល​សម្រាប់​សហគមន៍​អន្តរជាតិ​នោះ ដូច​ជា​បញ្ហា​ជម្លោះ​ដែន​ខ្មែរ-​ថៃ មិន​ទាន់​ដោះស្រាយ​បញ្ចប់​ជម្លោះ​នៅ​ឡើយ។ បញ្ហា​លោក ថាក់ស៊ីន បាន​ថ្លែង​សន្ទរកថា​ក្នុង​ន័យ​នយោបាយ​ទៅ​កាន់​អ្នក​គាំទ្រ​ជា​ដើម។ នៅ​ក្នុង​កាលៈទេសៈ​នេះ លោក ឡៅ ម៉ុងហៃ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា មិន​គួរ​លូក​ដៃ​ទៅ​លើ​បញ្ហា​ផ្ទៃ​ក្នុង​របស់​ថៃ​ទេ។

នៅ​ថ្ងៃ​ទី​៣ នៃ​ថ្ងៃ​បញ្ចប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ត្រូវ​នឹង​ថ្ងៃ​ទី​១៥ មេសា លោក ថាក់ស៊ីន បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​ថា ក្នុង​រយៈពេល ៦​ឆ្នាំ​មក​នេះ លោក​បាន​ដើរ​គ្រប់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​ពិភពលោក​ លើក​លែង​តែ​ប្រទេស​កំណើត​របស់​លោក ដែល​លោក​មិន​ចូល​បាន៖ «បង​ប្អូន​ជា​ទី​គោរព! ចាប់​តាំង​ពី​រូប​ខ្ញុំ​ត្រូវ​បាន​គេ​ធ្វើ​រដ្ឋ​ប្រហារ​មក​ ថ្វីត្បិតតែ​ខ្ញុំ​មិន​នៅ​ជាមួយ​អ្នក​គ្រប់គ្នា ក៏​ប៉ុន្តែ​ខ្ញុំ​តែង​គិត​ដល់​អ្នក​គ្រប់គ្នា​ជានិច្ច ហើយ​បងប្អូន​តែង​ជួយ​លើក​ទឹក​ចិត្ត​ដល់​ខ្ញុំ។ ចាប់​តាំង​ពី​រដ្ឋ​ប្រហារ​ទម្លាក់​រូប​ខ្ញុំ គឺ​បង​ប្អូន​បាន​ខំ​ប្រឹង​តស៊ូ និង​លះបង់​យ៉ាង​ខ្លាំង​ក្លា​ ដើម្បី​យក​ឈ្នះ​លើ​ពួក​ផ្ដាច់​ការ​ដែល​រហូត​មក​ដល់​ថ្ងៃ​សៅរ៍ នេះ មាន​រយៈពេល ៦​ឆ្នាំ​ហើយ»

រដ្ឋធម្មនុញ្ញ​កម្ពុជា នៅ​ក្នុង​ជំពូក​ទី​៤ មាត្រា ៥៣ បាន​ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា ប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​នយោបាយ​អព្យាក្រឹត អចិន្រ្តៃយ៍ និង​មិន​ចូល​បក្ស​សម្ព័ន្ធ។ កម្ពុជា​រួម​រស់​ដោយ​សន្តិសហវិជ្ជមាន​ជាមួយ​ប្រទេស​ជិត​ខាង និង​ប្រទេស​ដទៃ​ទៀត​នៅ​លើ​សាកលលោក ហើយ​កម្ពុជា មិន​ឈ្លានពាន​ប្រទេស​ណា​ដាច់​ខាត មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​នៃ​ប្រទេស​ដទៃ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ទោះ​បី​ក្រោម​រូបភាព​ណា​ក៏ដោយ ដោះស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី និង​គោរព​ផល​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក។

លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ទៀត​ថា ទាក់​ទង​ទៅ​នឹង​បញ្ហា​ជម្លោះ​ផ្ទៃ​ក្នុង​ថៃ និង​បញ្ហា​ជម្លោះ​បញ្ហា​ព្រំដែន​នេះ រដ្ឋាភិបាល​កម្ពុជា អាច​ផ្ដល់​សិទ្ធិ​ឲ្យ​លោក ថាក់ស៊ីន ជ្រកកោន​នៅ​ប្រទេស​កម្ពុជា​បាន ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ឲ្យ​មាន​ស្ថិរភាព​ដូច​មុន​ឆ្នាំ​២០០៨ ឡើង​វិញ៖ «យើង​កុំ​មើល ទោះ​នៅ​ក្នុង​ច្បាប់​អាស៊ាន គេ​មិន​អាច​ផ្ដល់​តំបន់​ជ្រកកោន​ប្រទេស​មួយ​ធ្វើ​នយោបាយ​ទេ ប៉ុន្តែ​កន្លែង​ខ្លះ យើង​ឃើញ​ហើយ​កាល​ដែល​កម្ពុជា មាន​បញ្ហា​ជម្លោះ​ទាស់ទែង​គ្នា​រវាង​ត្រី​ភាគី។ ថៃ​ផ្ដល់​ឱកាស​ឲ្យ​ត្រី​ភាគី​ជ្រកកោន​ពេល​នោះ ទោះ​បី​ជា​កម្ពុជា មិន​មែន​ជា​សមាជិក​អាស៊ាន​ក៏ដោយ»

បន្ថែម​ពី​លើ​នេះ អ្នក​វិភាគ​បាន​លើក​ឡើង​ថា ការ​មក​ទស្សនកិច្ច​របស់​លោក ថាក់ស៊ី នេះ វា​មាន ៥​ចំណុច​សំខាន់ៗ គឺ​វា​បង្ហាញ​អំពី​រឿង​នយោបាយ បង្ហាញ​ពី​វប្បធម៌​ដូច​គ្នា​រវាង​ខ្មែរ-​ថៃ បង្ហាញ​ពី​បញ្ហា​សេដ្ឋកិច្ច ទោះ​បី​ជា​គេ​មិន​បង់​លុយ​ឲ្យ​ក្នុង​ការ​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្ដី ប៉ុន្តែ​គេ​អាច​នាំ​គ្នា​មក​លើក​ក្រោយ​ទៀត បង្ហាញ​ពី​សន្តិភាព។ មានន័យ​ថា កម្ពុជា​ក៏​ជា​គន្លឹះ​មួយ​សម្រាប់​សន្តិភាព​នៅ​ប្រទេស​ថៃ​ដែរ និង​បញ្ហា​សហគមន៍​អាស៊ាន ដែល​ថា សហគមន៍​តែ​មួយ​វាសនា​តែ​មួយ មាន​ន័យ​ថា តើ​អាស៊ាន​មាន​គំនិត​រួម​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ក្នុង​សហគមន៍​អាស៊ាន​ដែរ ឬ​យ៉ាង​ណា?

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។