ពល​រដ្ឋ​ថៃ​ទទួល​លោក ថាក់​ស៊ីន នៅ​សៀមរាប

ក្រុម​ប្រជា​ពល​រដ្ឋ​ថៃ​ជា​ច្រើន​ពាន់​នាក់ ដែល​ជា​អ្នក​មាន​ភក្ដីភាព​ចំពោះ​លោក ថាក់​ស៊ីន ស៊ី​ណាវ៉ាត់ (Thaksin Shinawatra) អតីត​នាយក​រដ្ឋមន្ត្រី​ថៃ បាន​នាំ​គ្នា​ស្រែក​ហៅ​ឈ្មោះ​លោក​លាយ​ឡំ​ជាមួយ​សំឡេង​ទូង​ស្គរ និង​ឃ្មោះ​ផង នៅ​ឯ​កន្លែង​ដែល​លោក ថាក់​ស៊ីន ស្នាក់​នៅ​នា​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មេសា។

0:00 / 0:00

លោក ថាក់ស៊ីន ស៊ី​ណាវ៉ាត់ អតីត​នាយក​រដ្ឋមន្ត្រី​ថៃ បាន​មក​ដល់​ខេត្ត​សៀមរាប នៃ​ប្រទេស​កម្ពុជា​ហើយ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ទី​១៤​ខែ​មេសា។ យន្ត​ហោះ​ពិសេស​ផ្ទាល់​ខ្លួន​របស់​លោក​បាន​ចុះ​ចត​នៅ​ឯ​ប្រលានយន្តហោះ​អន្តរ​ជាតិ​ខេត្ត​សៀមរាប​កាល​ពី​វេលា​ម៉ោង​ជិត​១១ ថ្ងៃ​ត្រង់ ថ្ងៃ​សៅរ៍។

ទោះ​យ៉ាង​ណា លោក ថាក់​ស៊ីន មិន​បាន​មាន​ប្រសាសន៍ និង​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​ក្រុម​អ្នក​កាសែត​បាន​ដឹង​អំពី​គោល​បំណង​របស់​លោក ដែល​មក​ប្រទេស​កម្ពុជា​យ៉ាង​ណា​នៅ​ឡើយ​ទេ។

មេ​ដឹក​នាំ​ក្រុម​អាវ​ក្រហម​របស់​ថៃ​មួយ​រូប បាន​និយាយ​ថា ដំណើរ​មក​កាន់​កម្ពុជា​របស់​លោក ថាក់​ស៊ីន ពេល​នេះ គឺ​គ្មាន​បំណង​អ្វី​ក្រៅ​តែ​ពី​ការ​ជួប​ជា​មួយ​នឹង​ក្រុម​អ្នក​ដែល​មាន​ភក្ដី​ជា​មួយ​រូប​លោក​នោះ​ទេ។

ថាក់ស៊ីន៣៧០
ក្រុម​អ្នក​គាំទ្រ​លោក ថាក់ស៊ីន ឈរ​រង់ចាំ និង​មាន​រៀបចំ​ពិធី​អបអរ​សាទរ​តាម​ប្រពៃណី​របស់​ពួក​គេ​ផង នៅ​ខាង​ក្នុង​បរិវេណ​សណ្ឋាគារ​ដែល​លោក ថាក់ស៊ីន ស្នាក់​នៅ​ខេត្ត​សៀមរាប (RFA/Hang Savyouth)

លោក គ្រើក មន្ទ្រី រូច​ស៊ូធីរ៉ា ផាត់ (Krirk montri Rujsootira path) ជា​អគ្គ​លេខាធិការ​របស់​រណសិរ្ស​រួប​រួម​ប្រឆាំង​អំពើ​ផ្ដាច់​ការ ដែល​ហៅ​កាត់​ថា យូ.ឌី.ឌី (UDD)។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​អាវ​ក្រហម​ថៃ​រាប់​ម៉ឺន​នាក់ ដែល​សំរុក​មក​កាន់​ខេត្ត​សៀមរាប​ពេល​នេះ គឺ​បំណង​ជួប​សួរ​សុខ​ទុក​លោក ថាក់​ស៊ីន អតីត​នាយក​រដ្ឋ​មន្ត្រី ដែល​ពួក​គេ​ស្រឡាញ់​យ៉ាង​ខ្លាំង ៖ "ជា​ច្រើន​ឆ្នាំ​មក​ហើយ ក្រុម​អ្នក​គាំទ្រ​លោក ថាក់​ស៊ីន មិន​ដែល​បាន​ជួប​មុខ​លោក​ទេ ពួក​គេ​បាន​ឮ​តែ​សំឡេង​ដែល​លោក ថាក់​ស៊ីន និយាយ​តាម​វីដេអូ​ខនហ្វឺរ៉ិន​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​ថ្ងៃ​នេះ​លោ​ក​បណ្ឌិត ថាក់​ស៊ីន ចង់​ជួប​មុខ​ពួក​យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ។ ក្នុង​ឱកាស​នេះ​ផង​ដែរ ខ្ញុំ​សូម​អរគុណ​ដល់​សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ប្រជា​ពល​រដ្ឋ​កម្ពុជា ដែល​បាន​ផ្ដល់​ទី​កន្លែង​ដ៏​ល្អ​បំផុត ឱ្យ​ពួក​យើង​បាន​ជួប​ជា​មួយ​លោក ថាក់ស៊ីន"

ក្រុម​អាវ​ក្រហម​ថៃ បាន​និយាយ​ថា ពួក​គេ​មក​ដល់​ប្រទេស​កម្ពុជា គឺ​មាន​អារម្មណ៍​ថា​ដូច​ជា​នៅ​នឹង​ផ្ទះ​របស់​ពួក​គេ​ដែរ ដោយ​ពួក​គេ​មិន​ព្រួយ​បារម្ភ​ដល់​បញ្ហា​អសន្តិសុខ​កើត​មាន​ចំ​ពោះ​លោក ថាក់ស៊ីន ទេ។

លោក​ឧត្ដម​សេនីយ៍ ហ៊ីង ប៊ុន ហៀង ជា​អគ្គ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរៈ​ភូមិន្ទ បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក ថាក់​ស៊ីន ស៊ីណាវ៉ាត់ និង​ក្រុម​អាវ​ក្រហម​ថៃ​រាប់​ម៉ឺន​នាក់​ស្នាក់​នៅ​ខេត្ត​សៀមរាប​នេះ គឺ​អាជ្ញាធរ​កម្ពុជា​មាន​ការ​ធានា​សន្តិសុខ​១០០​ភាគ​រយ​ដល់​ពួក​គេ ៖ "យោង​តាម​បទ​បញ្ជា និង​ប្រសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បាន​បញ្ជា​ឱ្យ​អគ្គ​បញ្ជាការ​កង​យោធពល​ខេមរៈ​ភូមិន្ទ ឱ្យ​មេ​បញ្ជាការ​យោធ​ភូមិភាគ ឱ្យ​អភិបាល​ខេត្ត​ក្នុង​ឋានៈ​ជា​មេ​បញ្ជាការ​កង​ឯកភាព​ខេត្ត រួម​សហការ​ជា​មួយ​នឹង​កម្លាំង​អគ្គ​ស្នង​ការ​នគរបាល​ជាតិ កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​ពិសេស​ទៀត​គឺ​បញ្ជាការដ្ឋាន​អង្គរក្ស បាន​មក​រួម​សហការ​លើ​កិច្ច​ការ​ការពារ ធានា​សន្តិសុខ​ជូន​ឯកឧត្ដម ថាក់​ស៊ីន និង​សមាជិក​របស់​បក្ស​ភឿ​ថៃ​ទាំង​អស់ ដែល​មក​កម្សាន្ត​សប្បាយ​នៅ​ខេត្ត​សៀមរាប ទឹក​ដី​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នេះ គ្មាន​អ្វី​គួរ​ឱ្យ​កត់​សំគាល់​ទេ"

រហូត​មក​ដល់​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មេសា ក្រុម​អាវ​ក្រហម​ថៃ ដែល​ជា​អ្នក​គាំទ្រ​លោក ថាក់​ស៊ីន នៅ​តែ​បន្ត​ឆ្លង​ដែន​ឆ្ពោះ​មក​កាន់​ខេត្ត​សៀមរាប​ជា​បន្ត​បន្ទាប់ នៅ​តាម​ច្រក​ព្រំដែន​ចំនួន​៣ គឺ​ច្រក​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មានជ័យ ច្រក​អូស្មាច់ និង​ច្រក​ជាំសាង៉ាំ ខេត្ត​ឧត្តរ​មាន​ជ័យ។

លោក ថាក់ស៊ីន អតីត​នាយក​រដ្ឋ​មន្ត្រី ដែល​កង​យោធា​ថៃ​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ពី​តំណែង នឹង​ឡើង​ថ្លែង​សារ​លើ​វេទិកា​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​រូប​លោក នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៤​រសៀល ថ្ងៃ​សៅរ៍៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។