លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១១។ ដំណើរទស្សនកិច្ចនេះគឺតាមការអញ្ជើញរបស់ប្រធានអង្គការខាឌី (CADI) ដែលមានន័យថា គណបក្សអ្នកប្រជាធិបតេយ្យ និយមកណ្ដាល អាស៊ីប៉ាស៊ីហ្វិក (Central Asia Democrat International)។
ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក អៀង សុផលឡែត បានមានប្រសាសន៍ប្រាប់អ្នកកាសែតក្រោយពីជំនួបបិទទ្វាជាងកន្លះម៉ោងនៅវិមានសន្តិភាពថា លោក ថាក់សីន ស៊ីណាវ៉ាត្រ មកសម្ដែងការនឹករឭក និងធ្វើសុន្ទរកថាអំពីបញ្ហាសេដ្ឋកិច្ចនៅអាស៊ី និងពិភពលោក។
ក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបជាមួយលោក ថាក់សីន ស៊ីណាវ៉ាត្រ នៅថ្ងៃទី១៧ ខែកញ្ញា នេះដែរ លោក ហ៊ុន សែន ក៏បានជួបជាមួយប្រតិភូនៃគណបក្សភឿថៃ (Pheu Thai) ចំនួនជាង ៣០នាក់ នៅឯវិមានសន្តិភាព។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា រាប់ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង មានគម្រោងការលេងកីឡាបាល់ទាត់ជាមួយក្រុមប្រតិភូនៃគណបក្សថៃនោះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១១ ដើម្បីពង្រឹងមិត្តភាព៕