ដំណើរទស្សនកិច្ចដែលគ្រោងធ្វើឡើងនៅចុងសប្ដាហ៍នេះ គឺដើម្បីពិភាក្សាគម្រោងវិនិយោគទុនមួយចំនួន ជាពិសេសគឺចរចាការអភិវឌ្ឍរួមគ្នាក្នុងវិស័យប្រេងកាត និងឧស្ម័នក្នុងឈូងសមុទ្រថៃ ដែលប្រទេសទាំងពីរបានទាមទារកម្មសិទ្ធិរៀងៗខ្លួន។
អតីតនាយករដ្ឋមន្ត្រីថៃរូបនេះបានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន «ក្យូដូ» ថា លោកនៅរក្សាទុកកម្មវិធីទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នៅសប្ដាហ៍ក្រោយនេះដដែល។
លោក ថាក់ស៊ីន ដែលត្រូវជាបងប្រុសនាយករដ្ឋមន្ត្រីថៃ ដែលទើបឡើងកាន់តំណែង គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ មានបំណងនឹងទៅទស្សនាតំបន់ដែលរងគ្រោះដោយសារការរញ្ជួយដី និងមហារលកស៊ូណាមិ ដើម្បីពិនិត្យមើលថា តើប្រទេសថៃ អាចជួយប្រទេសជប៉ុន តាមវិធីណាក្នុងការស្ដារតំបន់នោះឡើងវិញ។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីគណបក្ស ភឿថៃ មួយចំនួនត្រូវបានកាសែត ឌឹ ណេហ្សិន (The Nation) ដកស្រង់នៅថ្ងៃសុក្រ ទី១៩ នេះ ថា លោក ថាក់ស៊ីន អាចនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរបស់លោកនៅប្រទេសជប៉ុន៕