លោក ថាក់ស៊ីន នឹង​មក​ទស្សនកិច្ច​កម្ពុជា​នៅ​ចុង​សប្ដាហ៍​នេះ

អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ​នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពិភាក្សា​ពី​កិច្ច​សហការ​បណ្ដាក់​ទុន​ជាមួយ​កម្ពុជា។

0:00 / 0:00

អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង​ដោយ​រដ្ឋប្រហារ គឺ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) នឹង​ជួប​មេដឹកនាំ​កម្ពុជា និង​អ្នក​វិនិយោគទុន​ដើម្បី​ជជែក​ពិភាក្សា​អំពី​លទ្ធភាព​ធ្វើ​វិនិយោគ​លើ​សម្បទាន​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ក្នុង​ឈូង​សមុទ្រ​ថៃ ដែល​ប្រទេស​ទាំង​ពីរ​ទាមទារ​សិទ្ធិ​កាន់កាប់​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា រយៈពេល​ពីរ​ថ្ងៃ​នៅ​ចុង​សប្ដាហ៍​នេះ។

លោក ថាក់ស៊ីន ក៏​បាន​ស្នើ​សុំ​ឲ្យ​រដ្ឋមន្ត្រី​ថាមពល​ថៃ សហការ​ជាមួយ​កម្ពុជា ទាក់ទង​នឹង​ការ​ធ្វើ​ជំនួញ​លើ​ផ្នែក​ថាមពល​ផង​ដែរ។

យោង​តាម​កាសែត ឌឹ ណេហ្សិន (The Nation) របស់​ថៃ ចេញ​ផ្សាយ​ថ្ងៃ​ទី​១៦ ខែ​សីហា នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​សុក្រ ទី​១៩ ខែ​សីហា លោក​ថាកស៊ីន នឹង​នាំ​អ្នក​វិនិយោគ​ទុន​បរទេស​មួយ​ចំនួន​មក​ជួប និង​លេង​កូនគោល​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ចូលរួម​ផង​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​អំពី​ដំណោះស្រាយ​ព្រំដែន​សមុទ្រ​រវាង​ប្រទេស​ថៃ និង​កម្ពុជា ដោយសារ​តែ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក អាភីស៊ិត បាន​លប់​ចោល​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ ដែល​ថៃ បាន​ចុះ​ហត្ថលេខា​ជាមួយ​កម្ពុជា។

ថ្មីៗ​នេះ​គេ​សង្កេត​ឃើញ លោក ថាក់ស៊ីន អតីត​នាយករដ្ឋមន្ត្រី​ថៃ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ថៃ បន្ទាប់​ពី​បាន​ព្យាយាម​រត់​គេច​ពី​ការ​តាម​ចាប់​របស់​តុលាការ​ពី​បទ​ពុករលួយ បាន​ព្យាយាម​បង្ហាញ​មុខ​សា​ជា​ថ្មី​នៅ​លើ​ឆាក​អន្តរជាតិ បន្ទាប់​ពី​ប្អូន​ស្រី​របស់​លោក គឺ​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី៕