ប្រតិកម្មនេះ ធ្វើឡើងតាមរយៈការប្រមូលផ្ដុំគ្នានៅខាងមុខអគារទីចាត់ការសាលា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ដើម្បីទាមទារឲ្យអ្នកគ្រប់គ្រងសាលាទទួលយកសំណើរបស់ពួកគេចំនួនពីរចំណុច។
ចំណុចទី១ ពួកគេសុំប្ដូរគ្រូបង្រៀនមុខវិជ្ជារូបវិទ្យានៅថ្នាក់ទី១២អា (12A) និងទី១២បេ (12B) ម្នាក់ចេញ ជំនួសដោយគ្រូបង្រៀនចាស់ និងចំណុចទី២ ពួកគេបដិសេធមិនព្រមដើររើសសំរាមដើម្បីទុកពេលវេលាឲ្យបានគ្រប់គ្រាន់សម្រាប់រៀនសូត្រ។
សិស្សសាលាឈ្មោះ រ៉ា មា រៀននៅថ្នាក់ទី១២អា នៃវិទ្យាល័យថ្មពួក បានថ្លែងថា សិស្សថ្នាក់ទី១២ ទាំងអស់ មានការខកចិត្តយ៉ាងខ្លាំងចំពោះករណីទាំងពីរចំណុច ដូច្នេះហើយពួកគេសុំឲ្យសាលាកែសម្រួលឡើងវិញ។ គ្រូបង្រៀនឈ្មោះ កែវ សារឿន ធ្លាប់តែបង្រៀនថ្នាក់ទី១០ និងទី១១ មិនអាចទៅបង្រៀននៅថ្នាក់ទី១២ បានទេ៖ «ទាមទារកុំឲ្យថ្នាក់ទី១២ ធ្វើពលកម្ម និងទាមទារឲ្យគ្រូចាស់ចូលបង្រៀនវិញ។ ហ្នឹងហើយ គាត់បង្រៀនរូបមន្តថ្នាក់ទី១១ ពេលគាត់ចូលបង្រៀន អ៊ីចឹងដាក់ម៉ោងខ្លះជាន់គ្នាជាមួយថ្នាក់ទី១១ ជាមួយ១២ ម៉ោងប៉ះថ្នាក់១២បេ គាត់ត្រូវជាន់ម៉ោងជាមួយ១១បេ។ អ៊ីចឹងហើយ គាត់ទៅបង្រៀនតែ១១។ ១២អត់បានបង្រៀន ពីមុនមកគាត់បង្រៀនតែថ្នាក់ទី១១»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោកគ្រូ កែវ សារឿន ដើម្បីសុំប្រតិកម្មតបជុំវិញករណីនេះបានទេនៅថ្ងៃសុក្រ ទី៩ ខែវិច្ឆិកា។ លោក សៅ នី ជាគ្រូបង្រៀនមុខវិជ្ជារូបវិទ្យា នៅថ្នាក់ទី១២សេ និងដេ បានថ្លែងថា លោកធ្លាប់បង្រៀនមុខវិជ្ជារូបវិទ្យា នៅថ្នាក់ទី១២ គ្រប់ថ្នាក់ នៅវិទ្យាល័យថ្មពួក តាំងពីឆ្នាំ១៩៩៣។ ប៉ុន្តែ នៅខែតុលា ឆ្នាំ២០១២ ស្រាប់តែអ្នកគ្រប់គ្រងសាលា និងការិយាល័យអប់រំស្រុក មន្ទីរអប់រំខេត្ត បានបន្ថែមលោកគ្រូ កែវ សារឿន ទៅឲ្យបង្រៀននៅថ្នាក់ទី១២អា និង១២បេ នោះ។
បុគ្គលិកទីចាត់ការនៃអនុវិទ្យាល័យថ្មពួក ឈ្មោះ ជិន ពិន បានថ្លែងថា ករណីតវ៉ារបស់សិស្ស គឺដោយសារកំហុសបច្ចេកទេសយកគ្រូថ្នាក់ទី១០ ទី១១ ទៅបង្រៀនថ្នាក់ទី១២៖ «អាហ្នឹង ការមិនពេញចិត្តរបស់ក្មេង វាខ្លាចប្រឡងទៅវាធ្លាក់។ ការបង្រៀនអត់សូវយល់អត់សូវអីទៅ វាចេះតែទាមទាររកគ្រូជើងចាស់ទៅវិញ។ គ្រូនោះគាត់ធ្លាប់បង្រៀនតែថ្នាក់ទី១០ ទី១១ ទេ មិនដែលបង្រៀនថ្នាក់ទី១២ ទេ។ អាហ្នឹងសរុបមកខុសបច្ចេកទេស អត់មានពាក់ព័ន្ធនយោបាយទេ»។
ការតវ៉ារបស់សិស្សថ្នាក់ទី១២ នៅវិទ្យាល័យថ្មពួក រហូតមកដល់ពេលនេះ មិនទាន់មានការដោះស្រាយទេ ដោយសារលោក ស្រឿង សឿង ជានាយកក្ដាប់រួមនៃវិទ្យាល័យថ្មពួក ជាប់រវល់ជូនគ្រួសារទៅព្យាបាលជំងឺនៅប្រទេសថៃ។ លោក ចន សុភា ជាគ្រូបង្រៀននៅវិទ្យាល័យថ្មពួក ដែរនោះ បានគាំទ្រចំពោះការតវ៉ារបស់សិស្សថ្នាក់ទី១២។
ការងារអនាម័យ ជាធម្មតាសាលាបានដាក់ចូលក្នុងអង្គប្រជុំកាលពីឆ្នាំមុន សម្រាប់ថ្នាក់ដែលប្រឡងថ្នាក់ជាតិ។ ដូច្នេះ សិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ សាលាពុំដែលបានប្រើនោះទេ។ សាលាប្រើបាន លុះត្រាមាននាយករដ្ឋមន្ត្រី អ្នកធំណាទៅធ្វើទស្សនកិច្ចវិទ្យាល័យថ្មពួក ឬស្រុកថ្មពួក បានសាលាអញ្ជើញឲ្យសិស្សគ្រប់ថ្នាក់ទាំងអស់ជួយធ្វើពលកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
