លោកបានបន្ថែមថាលោកគ្រោងនឹងដាក់ពាក្យបណ្តឹងរួមមួយទៅដល់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តនៅថ្ងៃនេះដែរ ពីករណីលួចបករូបសញ្ញាគណបក្សសិទ្ធិមនុស្សតំណាងឲ្យ៨០ឃុំ ដោយមិនចាំបាច់ឆ្លងកាត់ការសម្របសម្រួលថ្នាក់ឃុំ ។
លោក ឡាត់ លិតេយ្យ ថ្លែងថាការប្តឹងរឿងនេះទៅដល់ថ្នាក់ខេត្តគឺដោយសារតែករណីអសមត្ថភាពរបស់ថ្នាក់ឃុំនិងមិនចង់ចំណាយពេលវេលាច្រើន ។
លោក ឡាត់ លិតេយ្យ បានឲ្យដឹងថា ៖ «គេមិនទទួលជារឿងរបស់គេ ហើយខ្ញុំចម្លងជូនទៅអង្គការផ្សេងៗដើម្បីបង្ហាញ ។ កិច្ចការនេះនិយាយឲ្យចំទៅគឺថាសមត្ថកិច្ចអាជ្ញាធរដែនដីគាត់អត់ធ្វើការតែម្ដង» ។
លោក សូរ្យ ទិត្យ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងបានឲ្យដឹងថា បណ្តឹងថ្នាក់ឃុំដែលចុះបញ្ជីនៅថ្នាក់ខេត្ត មានត្រឹម១១បណ្តឹងតែនៅសល់មួយប៉ុណ្ណោះ ដែលមិនទាន់បានធ្វើការសម្របសម្រួលដើម្បីបញ្ចប់ ។ ឆ្លើយតបនឹងបណ្តឹងរួមរបស់គណបក្សសិទ្ធិមនុស្សថា លោកយល់ថាទង្វើនេះវាផ្ទុយពីនីតិវិធីនៃការបោះឆ្នោត ។
លោក សូរ្យ ទិត្យ បានមានប្រសាសន៍ថា ៖ «បក្សតាមឃុំលោកមិនអាចធ្វើអីរួមទេ ។ មានកំហុសកន្លែងណាយើងដាក់នៅកន្លែងហ្នឹងទៅ ហើយកំហុសហ្នឹងកើតថ្ងៃណាៗអាហ្នឹងគេសុទ្ធតែបានពង្រាងហើយ» ។
លោកស្រី នួន សូលីណា អ្នកសម្របសម្រួលគណៈកម្មាធិការខុមហ្រ្វែល និងអង្គការអាដហុក ខេត្តស្វាយរៀង បានយល់ស្របថាបណ្តឹងដែលគណបក្សសិទ្ធិមនុស្សលើកឡើងអាចមកពីគណបក្សនេះមិនបានទុកចិត្តដំណោះស្រាយនៅថ្នាក់ឃុំ ទោះបីជាបានដឹងថាវាខុសនឹងនីតិវិធី ។
លោកស្រី នួន សូលីណា បានបញ្ជាក់ថា ៖ «យើងមើលឃើញអ៊ីចេះ អា CEC មួយចំនួនគឺលូកដៃនៅក្នុងការរំលោភទៅលើច្បាប់បោះឆ្នោតហ្នឹង អ៊ីចឹងគណបក្សគាត់អត់ទុកចិត្ត ។ ឧទាហរណ៍ថាបញ្ហាកើតឡើងនៅ CEC ហ្នឹង ហើយបើគាត់ប្ដឹងទៅ CEC ទៀត មានន័យថាគេម៉េចនឹងដោះស្រាយឲ្យគាត់» ។
ទោះបីជាយ៉ាងណា លោក ឡាត់ លិតេយ្យ ប្រធានគណបក្សសិទ្ធិមនុស្ស ខេត្តស្វាយរៀង បានបង្ហើបឲ្យដឹងផងដែរថា លោកត្រៀមរង់ចាំឆ្លើយតបទៅនឹងប្រតិកម្មរបស់ថ្នាក់ខេត្តដែលនឹងជំរុញឲ្យគណបក្សសិទ្ធិមនុស្សដាក់ពាក្យបណ្តឹងនៅតាមថ្នាក់ឃុំរួចរាល់ហើយ ៕
