លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ឲ្យដឹងនៅរសៀលថ្ងៃទី២១ ខែតុលា ថា សហជីពរបស់លោកបានដាក់លិខិតស្នើសុំចូលលំឱនកាយដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៃព្រះបរមសពព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃអង្គារ ទី២៣ ខែតុលា ដោយមានតំណាងសហជីពចំនួន ៤រូប ចូលគោរពព្រះវិញ្ញាណក្ខន្ធនៅក្នុងព្រះបរមរាជវាំង។ រីឯកម្មកររាប់ពាន់នាក់ផ្សេងទៀត នឹងឈរស្មិងស្មាធិ៍ អុជធូបគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គនៅខាងក្រៅព្រះរាជវាំង មុខព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គ។
លោក ជា មុនី៖ «នឹងមានកម្មករ កម្មការិនីមកដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រយើងជាលើកចុងក្រោយ។ នៅក្នុងលិខិតមានន័យថា យើងឲ្យតំណាង ៤នាក់ចូលទៅក្នុងព្រះបរមរាជវាំង ចំណែកឯបងប្អូនកម្មករ កម្មការិនីរបស់យើងជាច្រើន គឺស្មិងស្មាធិ៍ ឬក៏អុជធូបនៅខាងក្រៅព្រះបរមរាជវាំង»។
ទោះជាយ៉ាងណា លោក ជា មុនី បញ្ជាក់ថា សម្ដេចចៅហ្វាវាំង និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង លោក គង់ សំអុល មិនទាន់ឆ្លើយតបចំពោះ សំណើរបស់លោកនៅឡើយទេ។ តែលោកបន្តថា កម្មករបានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គក្នុងនាទីចុងក្រោយនៃការគោរពព្រះបរមសពព្រះវររាជបិតាឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
