ប្រធានបេសកកម្មនៃគណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរដើម្បីយុត្តិធម៌និងសមធម៌ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក គឺលោក សួន សេរីរដ្ឋា បានឲ្យវិទ្យុអាស៊ីសេរីដឹងថា គណៈកម្មាធិការប្រព្រឹត្តិកម្មខ្មែរដើម្បីយុត្តិធម៌និងសមធម៌រួមជាមួយនឹងសម្ព័ន្ធដើម្បីកម្ពុជាសេរី តាំងពីខែតុលាមុននេះមក បានដឹកនាំការប្រមូលស្នាមមេដៃពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជានិងនៅតាមប្រទេសនានាទូទាំងពិភពលោកដើម្បីឲ្យបានស្នាមមេដៃមួយលានមេដៃគ្រោងនឹងពាក្យប្ដឹងទៅអង្គការសហប្រជាជាតិឲ្យគេជួយបញ្ឈប់បញ្ហាការឈ្លានពានដែនដីខ្មែរពីសំណាក់ប្រទេសថៃ។
លោក សួន សេរីរដ្ឋា បានថ្លែងថា មូលហេតុចម្បងនៃការប្រមូលស្នាមមេដៃពលរដ្ឋខ្មែរនេះ គឺព្រោះតែរដ្ឋាភិបាលកម្ពុជានៅតែមិនព្រមដាក់បណ្ដឹងទៅអង្គការសហប្រជាជាតិឲ្យគេជួយដោះស្រាយ គឺនៅតែបន្តកិច្ចចរចាជាមួយប្រទេសថៃ ចាប់តាំងពីគ្រាដែលជម្លោះព្រំដែនបានកើតឡើងតាំងពីថ្ងៃទី១៥ ខែកក្កដា ចរចាអស់រយៈពេលប្រមាណ៥ខែមកនេះ។
លោក សួន សេរីរដ្ឋា មានប្រសាសន៍ដូច្នេះថា ៖ «ការចរចានោះអត់មានលទ្ធផលទី១។ ទី២ នៅក្នុងការនិយាយរបស់រដ្ឋាភិបាល គេនិយាយថា អាចមានខ្សែក្រវាត់ ៦ ដើម្បីការពារបេតិកភណ្ឌប្រាសាទព្រះវិហារ ជាពិសេសព្រំដែនខ្មែរ-សៀមហ្នឹង គឺក្នុង៦ ដែលគេនិយាយហ្នឹង អត់មាននិយាយពីកិច្ចព្រមព្រៀងក្រុងប៉ារីស។ យើងឃើញថា កិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹង ជាសន្ធិសញ្ញាមួយដែលយើងអាចដោះស្រាយបញ្ហាព្រំដែនខ្មែរយើងបាន មិនមែនតែជាមួយសៀមទេ ជាមួយយួន ជាមួយប្រទេសជិតខាងយើង យើងអាចដោះស្រាយបានទាំងអស់។ អ៊ីចឹងកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹង មែនទែនទៅ អ្នកដែលមានសិទ្ធិប្ដឹងហ្នឹង គឺមានដូចជាលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី ឬក៏សម្ដេច សីហនុ អតីតប្រធាន SNC ឬ ឧត្ដមក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជាហ្នឹង ឬក៏សមាជិក SNC អាចប្ដឹងឲ្យគេសើរើឡើងវិញ យើងឃើញថា អត់មាននរណាម្នាក់ប្ដឹងទេ។ អ៊ីចឹងមានតែជម្រើសចុងក្រោយមួយ យើងប្រើសិទ្ធិពលរដ្ឋ អ៊ីចឹងយើងប្រមូលគ្នាប្ដឹងដោយផ្ទាល់ ពីព្រោះក្រៅពីរដ្ឋាភិបាល ក្រៅពីសម្ដេច សីហនុ ពលរដ្ឋក៏មានសិទ្ធិប្ដឹងដែរ អ៊ីចឹងបានយើងនាំគ្នាប្រមូលស្នាមមេដៃហ្នឹងឲ្យបានមួយលាន ដើម្បីដាក់ប្ដឹងទៅក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ សហប្រធានកិច្ចព្រមព្រៀងក្រុងប៉ារីស ហើយនិងប្រទេសហត្ថលេខីកិច្ចព្រមព្រៀងក្រុងប៉ារីសទាំងអស់ហ្នឹង ដើម្បីឲ្យពួកគេយកចិត្តទុកដាក់ជួយកម្ពុជា ដោះស្រាយបញ្ហាព្រំដែនកម្ពុជាហ្នឹង ដោយផ្អែកលើគោលការណ៍និងការយល់ព្រមគ្នានៃកិច្ចព្រមព្រៀងក្រុងប៉ារីសហ្នឹងតែម្ដង»។
លោក សួន សេរីរដ្ឋា បញ្ជាក់ថា ក្រុមលោកប្រមូលស្នាមមេដៃពលរដ្ឋខ្មែរតាំងពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០០៨មក ៖ «កាលណោះ គឺថា យើងចាប់ផ្ដើមប្រកាសប្រមូលភ្លាម គឺយើងបានជាង ៤ម៉ឺនស្នាមមេដៃ ដែលប្រជាពលរដ្ឋនៅក្នុងប្រទេសបានផ្ដិតមេដៃប្រគល់សិទ្ធិឲ្យយើង នៅក្នុងការដាក់បណ្ដឹង។ រហូតមកដល់ថ្ងៃនេះ ចំនួនស្នាមមេដៃដែលយើងបានប្រមូលប្រជាពលរដ្ឋនៅក្នុងប្រទេសបានកើនដល់ជិត ១០ម៉ឺននាក់ហើយ។ យើងបានទទួលស្នាមមេដៃពីប្រជាពលរដ្ឋមកពីកាណាដា ពីអាមេរិក មកពីបារាំង និងមកពីអូស្រ្ដាលី គឺបានចំនួនប្រហែល ៤ពាន់នាក់»។
លោក សួន សេរីរដ្ឋា បញ្ជាក់ថា ការប្រមូលស្នាមមេដៃពលរដ្ឋខ្មែរបានច្រើនដូច្នេះ គឺដោយសារតែមានកិច្ចសហការចូលរួមពីពលរដ្ឋខ្មែរពីអង្គការសង្គមស៊ីវិលពីសមាគមនានា រួមទាំងពីវត្តអារាមខ្មែរជាច្រើននៅក្នុងនិងក្រៅប្រទេសកម្ពុជា៕
