កិច្ច​ប្រឹងប្រែង​ប្រមូល​ស្នាម​មេដៃ​ពលរដ្ឋ​ខ្មែរ​១​លាន​នាក់​ដើម្បី​ប្ដឹង​ទៅ​អ.ស.ប.

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ ប្រមាណ ៦០​នាក់ បាន​ជួបជុំ​គ្នា​នៅ​ក្រុង Great Falls រដ្ឋ​វើជីនីញ៉ា កាល​ពី​ថ្ងៃ​អាទិត្យ ២៦ តុលា ដើម្បី​ពិភាក្សា​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ក្នុង​ខួប​ទី​១៧ នៃ​កិច្ច​ប្រឹងប្រែង​រក​សន្តិភាព​ជូន​កម្ពុជា។

0:00 / 0:00

ដោយ​មើល​ឃើញ​ថា កិច្ច​ព្រមព្រៀង​នេះ​មិន​សូវ​មាន​នរណា​យក​ចិត្ត​ទុក​ដាក់​ចាត់​ទុក​ជា​ឯកសារ​ប្រវត្តិសាស្រ្ត​ដ៏​សំខាន់​សម្រាប់​ដោះស្រាយ​រឿង​ជា​ប្រយោជន៍​ជាតិ​ធំៗ​នោះ សហគមន៍​ខ្មែរ​ពី​រដ្ឋ​នានា បាន​ផ្តោត​លើ​កិច្ច​ប្រឹងប្រែង​រក​ស្នាម​មេដៃ​ពលរដ្ឋ​ខ្មែរ ឲ្យ​បាន​១​លាន​នាក់។

តើ​គេ​យក​ស្នាម​មេដៃ​ទាំង​នោះ​ទៅ​ធ្វើ​អ្វី? ខាង​ក្រោម​នេះ​ជា​ការសន្ទនា​រវាង​លោក ហាស់ សាន នៃ​វិទ្យុ​អាស៊ីសេរី និង​លោក សួន សេរីរដ្ឋា បេសកជន​នៃ​គណៈកម្មការ​ប្រព្រឹត្តិកម្ម​ដើម្បី​យុត្តិធម៌​និង​សមធម៌ នៅ​សហរដ្ឋ​អាមេរិក ដែល​ជា​វាគ្មិន​ក្នុង​ពេល​ជួបជុំ​គ្នា​នោះ​អំពី​ការប្រមូល​ស្នាម​មេដៃ ១​លាន​នាក់​នោះ។

ហាស់ សាន ៖ ការប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​លាន​នាក់ តើ​លោក​យក​ទៅ​ធ្វើ​អ្វី ហើយ​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា ហើយ​ខ្មែរ​នៅ​ឯ​ណា​ខ្លះ?

សួន សេរីរដ្ឋា ៖ ស្នាម​មេដៃ​មួយ​លាន​នាក់ គឺ​យើង​ប្រមូល​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស ហើយ​និង​នៅ​ក្រៅ​ប្រទេស គឺ​យើង​មាន​បំណង​នឹង​ដាក់​ប្ដឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ និង​ទៅ​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ទាំង​អស់ ដើម្បី​ឲ្យ​គាត់​ទទួល​យក​ដំណោះស្រាយ​កម្ពុជា តាម​រយៈ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ឡើង​វិញ។

យើង​អត់​មាន​សង្ឃឹម​ថា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន នឹង​ធ្វើការ​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ​ទេ ហើយ​ក៏​យើង​អត់​មាន​សង្ឃឹម​ថា អតីត​ក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​កម្ពុជា (SNC) ដែល​មាន​ភារកិច្ច​ជា​អ្នក​តាមដាន​និង​ឃ្លាំមើល​ការអនុវត្ត​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​នោះ នឹង​ហ៊ាន​ប្ដឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ​ដែរ។

ដូច្នេះ​ជម្រើស​ចុង​ក្រោយ​របស់​យើង គឺ​មាន​តែ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ធ្វើការ​ប្ដឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ (អ.ស.ប.) ដោយ​ខ្លួន​ឯង។ ចំពោះ​ប្រសិទ្ធភាព គឺ​យើង​សង្ឃឹម​ថា មាន​ប្រសិទ្ធភាព ព្រោះ​ប្រជាពលរដ្ឋ​មួយ​លាន​នាក់ គឺ ១០% នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ដូច្នេះ​អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​ទទួល​យក

ហាស់ សាន ៖ តើ​មក​ទល់​ពេល​នេះ លោក​ប្រមូល​បាន​ស្នាម​មេដៃ​ចំនួន​ប៉ុន្មាន​ហើយ?

សួន សេរីរដ្ឋា ៖ ដូច​ខ្ញុំ​បាន​ជម្រាប​ជាមួយ​នឹង​សហគមន៍​ខ្មែរ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតុន ឌីស៊ី កាល​ពី​ថ្ងៃ​ម្សិលមិញ គឺ​ថា នៅ​ក្នុង​ប្រទេស យើង​ទទួល​បាន​ស្នាម​មេដៃ​ចំនួន ៤២.០៧៦​នាក់​រួច​មក​ហើយ ដូច្នេះ​យើង​ត្រូវការ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស

ហាស់ សាន ៖ ប្រហែល​ជា​ប៉ុន្មាន​ខែ​ទៀត ដែល​លោក​សង្ឃឹម​ថា នឹង​បាន​ចំនួន ១​លាន​នាក់​នោះ? ហើយ​រយៈពេល​ដែល​ធ្វើការ​ហ្នឹង​ប៉ុន្មាន​ខែ​មក​ហើយ?

សួន សេរីរដ្ឋា ៖ តាម​ពិត​ទៅ យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​មួយ​លាន​នាក់​នេះ គឺ​យើង​ទើប​តែ​បាន​ធ្វើ​ក្នុង​រយៈពេល ២​សប្ដាហ៍​កន្លង​មក​នេះ​ទេ យើង​គិត​ថា ក្នុង​រយៈពេល ៣០​សប្ដាហ៍ ឬ​ក៏ ២៥​សប្ដាហ៍ យើង​នឹង​ទទួល​បាន​តាម​ការកំណត់​មួយ​លាន​នាក់ ដើម្បី​នឹង​ដាក់​បណ្ដឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ​ដូច​យើង​ត្រៀម​ទុក​អ៊ីចឹង

ហាស់ សាន ៖ តើ​មាន​ក្រុម​ណា​ដែល​ជួយ​គាំទ្រ​សកម្មភាព​របស់​លោក? អង្គការ ឬ​ក៏​ប្រភព​ណា?

សួន សេរីរដ្ឋា ៖ តាម​ដែល​យើង​រៀបចំ​ធ្វើ​កន្លង​មក​នៅ​ក្នុង​និង​ក្រៅ​ប្រទេស គឺ​យើង​មាន​គណៈកម្មការ​ប្រព្រឹត្តិកម្ម​ខ្មែរ​ដើម្បី​យុត្តិធម៌​និង​សមធម៌ គឺ​ជា​អ្នក​ឈាន​មុខ អ្នក​ដឹក​នាំ ហើយ​មាន​សម្ព័ន្ធ​កម្ពុជា​ដើម្បី​សេរីភាព​នៅ​ក្រៅ​ប្រទេស រួម​ជា​មួយ​នឹង​ក្លឹប​និស្សិត​បញ្ញវន្ត​ខ្មែរ នៅ​ក្រៅ​ប្រទេស ជាមួយ​នឹង​សហគមន៍​ខ្មែរ​នៅ​ក្នុង​រដ្ឋ​មីនីសូតា រដ្ឋ​កាលីហ្វ័រញ៉ា និង​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​វ៉ាស៊ីនតុន ឌីស៊ី។ ចំណែក​នៅ​ក្នុង​ប្រទេស គឺ​យើង​មាន​ក្រុមការងារ​និង​សកម្មជន​ជា​បណ្ដាញ NGO Network ហើយ​និង​ក្រុម​ការងារ​សកម្ម​ថ្នាក់​មូលដ្ឋាន​មួយ​ចំនួន​ទៀត ដើម្បី​តស៊ូ​មតិ​និង​ដើម្បី​សេរីភាព​នៅ​កម្ពុជា